ភ្នំពេញៈ ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​សុខាភិបាល ក្រសួង​ការពារជាតិ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត រួម​នឹង​ក្រុមគ្រូពេទ្យ​នៃ​រដ្ឋបាលខេត្ត​មួយចំនួនទៀត​ចាប់ផ្តើម​ចុះ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ដូស​ជំរុញ​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅតាម​គោលដៅ​សំខាន់ៗ​បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ត្រូវបាន​បញ្ចប់​។

ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស (​គ.វ.ក-១៩) លោកស្រី ឱ វណ្ណឌីន បាន​ធ្វើការ​ជូនដំណឹង​នៅ​ថ្ងៃទី​ ១៨ ខែមេសា​ដោយបាន​ធ្វើការ​ក្រើនរំឭក​ពី​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ​ទាំង​ដូស​ទី​ ៣ និង​ដូស​ទី​ ៤ ដែល​បច្ចុប្បន្ននេះ គ.វ.ក​-១៩ កំពុង​បន្ត​ផ្តល់​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នេះ ជា​​រៀងរាល់ថ្ងៃ​។ លោកស្រី​លើកឡើង​ថា៖ «​នៅក្រោយ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​នេះ ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​ការពារជាតិ ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​នានា និង​ក្រុមគ្រូពេទ្យ​នៃ​រដ្ឋបាលខេត្ត​មួយចំនួន​ទៀត​នឹង​ចុះ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​ក្រុម​គោលដៅ​សំខាន់ៗ​ដែល​បានកំណត់​ផងដែរ​»​។

បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ គ.វ.ក-១៩ បញ្ជាក់ថា ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​ការពារជាតិ​នឹង​ចុះជួយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង និង​បន្ទាយមានជ័យ​។ ចំណែក​ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត​នានា នឹង​ចុះជួយ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅ​ខេត្តកំពង់ចាម កំពត ព្រៃវែង កំពង់ឆ្នាំង ត្បូងឃ្មុំ កំពង់ធំ ពោធិ៍សាត់ ស្វាយរៀង ស្ទឹងត្រែង និង​ខេត្តក្រចេះ ខណៈ​ក្រុមគ្រូពេទ្យ​នៃ​រដ្ឋបាល​ខេត្ត​ចំនួន​ ១០​ ទៀត​នឹង​ចុះ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ នៅតាម​ក្រុម​គោលដៅ​សំខាន់ៗ​មានដូចជា​តាម​រោងចក្រ ទីផ្សារ និង​សាលារៀន​ជាដើម​។

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល លោកស្រី​ ឱ វណ្ណឌីន បញ្ជាក់​ផងដែរ​ថា ក្រោម​ការសម្របសម្រួល​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ការចាត់ចែង​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត នឹង​មាន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​កូវីដ ១៩ ចុះ​ចាក់​វ៉ាក់សាំង​ដល់​កម្មករ កម្មការិនី ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ដូស​ទី​ ៣ និង​ដូស​ទី​ ៤ នៅតាម​រោងចក្រ សហគ្រាស​ផ្ទាល់​តែម្តង​។

លោកស្រី​បន្តថា ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ក៏​នឹង​ចុះ​ចាក់​ជូន​ដល់​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ទី​ ៣ និង​ដូស​ទី​ ៤ នៅតាម​ទីផ្សារ និង​ទីប្រជុំជន​សំខាន់ៗ​ផងដែរ​ដោយមាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន និង​ការចាត់ចែង​របស់​រដ្ឋបាល​រាជធានី​-​ខេត្ត​នោះ​ផ្ទាល់​។

ដោយឡែក​ទីតាំង​ចាក់​វ៉ាក់សាំង​កូវីដ​នៅតាម​បណ្តា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំង​ ២៥ នៅតែ​បន្ត​បើក​ដំណើរ​ការចាក់​ជាធម្មតា​រៀងរាល់ថ្ងៃ រួមទាំង​ថ្ងៃ​ឈប់សម្រាក ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ​។

លោកស្រី ឱ វណ្ណឌីន លើកឡើងថា៖ «​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្មការិនី កុមារ និង​យុវវ័យ អញ្ជើញ​រួសរាន់​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​ជំរុញ នៅពេល​ដល់​វេន​អ្នក ដើម្បី​បង្កើន​ភាពស៊ាំ​បុគ្គល ក៏ដូចជា​ភាពស៊ាំ​ក្នុង​សហគមន៍ សំដៅ​ចូលរួម​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល កាត់បន្ថយ​អត្រា​ឈឺ​ធ្ងន់ និង​អត្រា​ស្លាប់​ដែល​បង្កដោយ​ជំងឺ​កូវីដ​ ១៩ ​ប្រភេទ​អូមីក្រុង ក៏ដូចជា​វីរុស​បំប្លែង​ខ្លួន​ថ្មី​ផ្សេងៗ​ទៀតផង​ដែរ​»​។

ជាមួយ​គ្នានេះដែរ រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ជួន ណារ៉ុន ក៏បាន​ជម្រាប​ទៅដល់ សាកលវិទ្យាធិការ និង​នាយក​គ្រឹះស្ថាន​ឧត្តមសិក្សា នាយក​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត ជំរុញ​បុគ្គលិក​អប់រំ សិស្ស និស្សិត ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​។ លោក​លើកឡើងថា ការ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​នេះ គឺ​ដើម្បី​ចូលរួម​ទប់ស្កាត់ ការឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ជាពិសេស​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែលតា និង​អូមីក្រុង ដែល​កំពុង​ចរាចរ​យ៉ាងសកម្ម​នៅលើ​សកលលោក​។

លោក​រដ្ឋមន្ត្រី​អប់រំ​បញ្ជាក់ថា​៖ «​ក្រសួង​សូម​ស្នើឱ្យ​ផ្តល់​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​នៅ​ជិត​ទីតាំង​របស់ខ្លួន ដើម្បី​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង ដល់​បុគ្គលិក​អប់រំ សិស្ស និស្សិត​ទាំងអស់​នៅតាម​គ្រឹះស្ថានសិក្សា​រៀងៗ​ខ្លួន ឬ​នៅ​គ្រឹះស្ថាន​សិក្សា​ណាមួយ ដែលមាន​លក្ខណៈ​ប្រមូលផ្តុំ និង​ងាយស្រួល​ក្នុង​ការចាក់​វ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ឱ្យបាន​គ្រប់ៗ​គ្នា​ចាប់ពី​ខែមេសា​នេះ​តទៅ​»​។

បើតាម​ក្រសួង​សុខាភិបាល​គិត​ត្រឹម​ថ្ងៃទី ​១៨ ខែមេសា អត្រា​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប​ ១៦​ លាន​នាក់​ចាក់​បាន​ ៩២,៨៦% ខណៈ​អ្នក​ចាក់​ដូស​ទី​ ៣ បាន​ជាង ៨,១​ លាន​នាក់ និង​ដូស​ទី​ ៤​ បាន​ជាង​ ១,២​ លាន​នាក់​៕