ភ្នំពេញៈ មនុស្ស​ ២៥ ​នាក់​បាន​ស្លាប់ និង​រងរបួស ហើយ​ផ្ទះ​ចំនួន​ជាង​ ៣០០​ ខ្នង និង​តូប​លក់ដូរ​ចំនួន​ ៣៨ ​បាន​រង​ការឆេះ​ខូចខាត​ដោយ​គ្រោះ​អគ្គិភ័យ​ក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២២​។

នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​កាលពី​ថ្ងៃទី​ ១៩ ខែមេសា​។

ទិន្នន័យ​បានបង្ហាញ​ថា នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ គ្រោះអគ្គិភ័យ​បានកើត​ឡើង​ចំនួន​ ១៨៦​ ករណី​។ ចំនួន​នេះ មានការ​ថយចុះ​ ៥២​ ករណី​បើ​ធៀប​ទៅនឹង​ត្រីមាស​ទី ​១ ​ឆ្នាំ​ ២០២១ ​ដែលមាន​គ្រោះ​អគ្គិភ័យ​កើតឡើង​រហូតដល់​ ២៣៨ ​ករណី​ ​ប៉ុន្តែ​ជនរងគ្រោះ​ដែល​បាន​ស្លាប់មាន ១០ ​នាក់ និង​រងរបួស ​១៥ ​នាក់​ ដោយ​គ្រោះអគ្គិភ័យ​នៅក្នុង​ត្រីមាស​ទី​ ១ ​ឆ្នាំ​ ២០២២​ នេះ ដែល​បាន​កើនឡើង​ចំនួន​ ៤ ​នាក់ បើ​ធៀប​ទៅ​​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ ដែលមាន​ជនរងគ្រោះ​ស្លាប់​ និង​រងរបួស​សរុប ​២១ ​នាក់​ [​ស្លាប់​ ៤​ នាក់ និង​របួស​ ១៧ នាក់​]​។

បើ​តាមរយៈ​ទិន្នន័យ​ដដែល​នោះ​មូលហេតុ​ដែលនាំឱ្យ​កើតមាន​គ្រោះ​អគ្គិភ័យ​ភាគច្រើន​បណ្ដាលមកពី​ការផ្ទុះ​ឆ្លង​ចរន្ត​អគ្គិសនី និង​ការប្រើប្រាស់​ភ្លើងចង្ក្រាន​និង​ទៀន-ធូប ដោយ​​ខ្វះ​ការប្រុងប្រយ័ត្ន​។ ក្នុងនោះ​ករណី​បណ្ដាល​មកពី​ផ្ទុះ​ឆ្លង​ចរន្តអគ្គិសនី​មាន​ចំនួន​ប្រមាណ​ ៣៩ ​ភាគរយ​ពី​ការប្រើប្រាស់​ភ្លើង ​[​ចង្ក្រាន​ទៀន​-​ធូប​] ​សរុប ៣៣ ​ភាគរយ និង ​២៨​ ភាគរយ​ទៀត កំពុង​ស្ថិតក្រោម​ការស្រាវជ្រាវ និង​ស៊ើបអង្កេត​នៅឡើយ​។

លោក នេត្រ វន្ថា ប្រធាន​នាយកដ្ឋាន​បង្ការ​ពន្លត់​អគ្គិភ័យ​ និង​សង្គ្រោះ​នៃ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ប្រាប់​​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ មេសា​ថា រាជធានី​ភ្នំពេញ នៅតែ​ឈរ​ក្នុង​លំដាប់​លេខ​រៀង​ទី​ ១ ដែលមាន​ជនរងគ្រោះ​ស្លាប់ និង​រងរបួស​ច្រើនជាងគេ​ក្នុងចំណោម​រាជធានី​-​ខេត្ត​ចំនួន​ ២៣​ ដែលមាន​ករណី​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២​ នេះ​។ ​បន្ទាប់មក​គឺ​ខេត្តសៀមរាប​មាន​ជនរងគ្រោះ​ស្លាប់​ ៣ ​នាក់ និង​របួស​ ២​ នាក់ , ខេត្តក្រចេះ​មាន​ជនរងគ្រោះ​ស្លាប់​ ២ ​នាក់ និង​របួស​ ២ ​នាក់​,​ខេត្តកំពង់ស្ពឺ​មាន​ជនរងគ្រោះ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ , ខេត្តកំពង់ចាម មាន​ជនរងគ្រោះ​ស្លាប់​ម្នាក់ និង​របួស​ម្នាក់ និង​ខេត្តកណ្ដាល​មាន​ជនរងគ្រោះ ​២ នាក់​រងរបួស​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២​ នេះ រាជធានី​ភ្នំពេញ មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ចំនួន ៣៥ ​លើក​​មាន​ជនរងគ្រោះ​ស្លាប់​ ៣​ នាក់​ ​និង​ ៧ ​នាក់​ទៀត​រងរបួស​ព្រមទាំង​ឆេះ​ខូចខាត​ផ្ទះ​ចំនួន​ ១៤៩ ​ខ្នង​ និង​តូប​លក់ដូរ​ចំនួន​ ២»​។

ជាមួយ​គ្នានេះ លោក​បានចាត់​ទុក​ខេត្តកំពង់ធំ និង​ខេត្ត​កែប គឺជា​ខេត្ត​គំរូ ដោយ​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ ​២០២២ នេះ ខេត្ត​ទាំង​ ២ «​គ្មាន​ករណី​គ្រោះ​អគ្គិភ័យ​» កើតឡើង​នោះទេ​។

ថ្វីបើ​យ៉ាង​ដូច្នេះ​ក្ដី លោក វន្ថា បាន​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​នៅ​ទូទាំង​ប្រទេស​បង្កើន​ការយកចិត្ត​ទុកដាក់​អំពី​សុវត្ថិភាព​នៃ​ការរស់នៅ​ធ្វើយ៉ាងណា​បង្ការ​ទប់ស្កាត់​ឱ្យបាន​នូវ​រាល់​គ្រោះអគ្គិភ័យ​គ្រប់​ប្រភេទ កុំឱ្យ​កើតមាន​ឡើង​នៅក្នុង​សហគមន៍​មូលដ្ឋាន​របស់ខ្លួន​។ បើ​ពុំនោះ​​វា​នឹង​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​​ជីវិត និង​បង្ក​ការខាតបង់​ទ្រព្យសម្បត្តិ​ទាំង​ឯកជន និង​រដ្ឋ​ជាច្រើន​ទៀត​។

បើតាម​លោក វន្ថា គ្រោះ​អគ្គិភ័យ​បាន​បង្កឱ្យមាន​ជន​រងគ្រោះ​ស្លាប់​ និង​រងរបួស​ចន្លោះ​ពី​ ៥០​ នាក់​ទៅ​ ៦០​ នាក់ ក្នុង​ ១​ ឆ្នាំៗ​ និង​បាន​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​ជាច្រើន​រយ​ខ្នង ព្រមទាំង​បង្ក​ការខាតបង់​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​រយ​លាន​ដុល្លារ​អាមេរិក​៕