ភ្នំពេញៈ ​គិត​ក្នុង​រយៈពេល ​៣ ​ខែ ឆ្នាំ ​២០២២ នេះ ក្រុមការងារ​ហ្វេសប៊ុក​របស់លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដោះស្រាយ​បញ្ហា​នានា​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​ ៥៨​ គណនី ក្នុងចំណោម​សំណូមពរ និង​សំណួរ ២៦៩ ​គណនី​ដែល​បាន​បញ្ជូនមក​ក្នុង​គណនី​ក្រុម​ការងារ​នេះ​។

លោក ស ខេង កាលពី​ថ្ងៃទី​ ១៩ ខែ​​មេសា​បាន​សរសេរ​នៅលើ​ហ្វេសប៊ុក​របស់លោក​ថា ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ​នេះ ក្រុមការងារ​តាមដាន​អំពី​ការដោះស្រាយ​ចំពោះ​មតិយោបល់​ ឬ​សំណូមពរ​របស់​បងប្អូន​ប្រជាពលរដ្ឋ​​ក្នុង​ទំព័រ​ហ្វេសប៊ុក​បានទទួល​សំណូមពរ និង​សំណួរ​ពី​ប្រជាពលរដ្ឋ​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ចំនួន​ ២៦៩ ​គណនី​។

លោក​បន្តថា ក្នុងនោះ​ក្រុមការងារ​បាន​ឆ្លើយតប​ទៅ​ម្ចាស់​គណនី និង​ដោះស្រាយ​ចំនួន​ ៥៨ ​គណនី និង ១៣៧​ គណនី​ទៀត កំពុងស្ថិត​ក្នុងដំណាក់កាល​ដោះស្រាយ​។

លោក​ឱ្យដឹងថា ទន្ទឹមគ្នានេះ​ក៏មាន​សំណូមពរ សំណួរ និង​បញ្ហា​ខ្លះទៀត ត្រូវបាន​រកឃើញ​ថា ខុសពី​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ និង​បាន​ជូន​យោបល់​ឱ្យ​បង្វែរ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច​។

លោក ស ខេង បាន​បញ្ជាក់ថា​៖ «​វឌ្ឍនភាព​ការងារ​នេះ​អាច​សម្រេចបាន ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ ​និង​ការ​សហការគ្នា​ដ៏​ល្អ​រវាង​ថ្នាក់​ដឹកនាំ និង​មន្ត្រី​ស្ថិតក្នុង​ដែន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ និង​ក្រុមការងារ​គេហទំព័រ​ហ្វេសប៊ុក​របស់ខ្ញុំ​»​។

ជាមួយ​គ្នានេះ លោក​បាន​ស្នើឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ស្ថិត​​ក្រោម​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​គប្បី​ខិតខំ​ពន្លឿន​ការដោះស្រាយ ហើយ​ត្រូវតែ​ធានា​ឱ្យ​បានល្អ​គ្រប់​ជ្រុងជ្រោយ​ពិតប្រាកដ​នៃ​បញ្ហា និង​ចប់​ចុង​ចប់​ដើម​ដោយ​មិន​គ្រាន់តែ​ធ្វើជា​លិខិតស្នាម​បញ្ជា​តាម​បែបបទ​រដ្ឋបាល​នោះទេ​។

បន្ថែម​ពីនេះ​លោក​បាន​ថ្លែង​អំណរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​លើក​ជា​មតិយោបល់ និង​សំណូមពរ​មកកាន់​ទំព័រ​ហ្វេសប៊ុក ដើម្បី​យើង​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា​ក្រៅ​ប្រព័ន្ធតុលាការ ជួយ​សម្រួល​ជីវភាព​រស់នៅ​របស់​បងប្អូន និង​រួមគ្នា​អភិវឌ្ឍ​សង្គមជាតិ​។

លោក​បន្តទៀតថា​៖ «​ជាថ្មី​ម្តងទៀត​ខ្ញុំ​​ក៏​សូម​យក​ឱកាស​នេះ​ស្នើសុំ​ការយល់យោគ​អធ្យាស្រ័យ​ពី​បងប្អូន​ជន​រួមជាតិ​ចំពោះ​ករណី​មួយចំនួន​ទៀត​ដែល​ក្រុមការងារ និង​ភាគី​ពាក់ព័ន្ធ​នៅ​មិនទាន់​បាន​ដោះស្រាយ​ចប់សព្វគ្រប់ ​អាស្រ័យ​លើ​ករណីខ្លះ​ទាមទារ​ពេលវេលា និង​អនុវត្ត​ទៅតាម​នីតិវិធី​»​។

នាយករង​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថា ការបង្កើត​ឱ្យមាន​ការទទួល​បណ្តឹង ឬ​សំណូមពរ​ពលរដ្ឋ​​ដោយផ្ទាល់​តាម​ហ្វេសប៊ុក​របស់​លោក ស ខេង បែបនេះ​ជា​វិធី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​ដោយ​មិនចាំបាច់​ចំណាយពេល​ធ្វើដំណើរ និង​ថវិកា​ច្រើន​មក​ដាក់​បណ្ដឹង​ហើយ​ពលរដ្ឋ​អាច​លើក​ពី​បញ្ហា​អសកម្ម និង​ការព្រងើយកន្តើយ​ពី​មន្ត្រី​​មូលដ្ឋាន​ជម្រាបជូន​ដល់​ថ្នាក់ដឹកនាំ​។

យ៉ាងណាក្ដី​លោក​បានស្នើ​ដល់​ក្រុម​ការងារ​ពន្លឿន​ការដោះស្រាយ​បញ្ហា​នានា​ដោយ​តម្លាភាព និង​គ្មាន​ការរើសអើង​។

លោក​ថា​៖ «​អ្វីដែល​ជាការ​សំណូមពរ​បន្ថែម​យើង​ឃើញថា​បញ្ហា​ប្រជាពលរដ្ឋ​មាន​ច្រើន ហើយ​ការដោះស្រាយ​នៅមាន​កម្រិត​នៅឡើយ អ៊ីចឹង​ត្រូវធ្វើ​ម៉េច​បង្កើន​ការដោះស្រាយ​ឱ្យបាន​ច្រើន​យើង​​ដឹង​ហើយ​បញ្ហា​ខ្លះ​ក្រសួងមហាផ្ទៃ​អាច​ដោះស្រាយ​ខ្លួនឯង ហើយ​បញ្ហា​​ខ្លះ​បញ្ជូនទៅ​ស្ថាប័ន​ពាក់ព័ន្ធ តែ​យ៉ាងណា​យើង​សូមឱ្យ​ការដោះស្រាយ​នោះ​ប្រកប​ដោយ​តម្លាភាព គឺថា​មិនមាន​ការរើសអើង ពីព្រោះ​ប្រជាពលរដ្ឋ​ទាំងអស់​ទោះបី​គាត់​មាន​និន្នាការ​នយោបាយ​ណាក៏ដោយ​»​។

តាម​របាយការណ៍​បូកសរុប​ស្តីពី​​ការទទួល​មតិយោបល់​ ឬ​សំណូមពរ​​របស់​មហាជន​ក្នុង​ហ្វេសប៊ុក​របស់លោក​ ស ខេង បានឱ្យដឹងថា ចំពោះ​គណនី​ដែល​នៅសល់​ពី​ឆ្នាំ​ ២០២១ ​ក្រុមការងារ​បាន​បូកសរុប​តាមដាន​​ដោយឡែក​រយៈពេល​ ៣ ​ខែ​ដូចគ្នា​មាន​ចំនួន​ ៦៥៥ ​គណនី​ក្នុងនោះ​ដោះស្រាយ​​បាន​ ១១១​ គណនី និង​កំពុង​ដោះស្រាយ​​ចំនួន ៥៤៤ ​គណនី​៕