ភ្នំពេញៈ បុរស​ម្នាក់​ដែល​ត្រូវ​សត្វ​ក្រពើ​ខាំ កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​ ១៩ ​មេសា បន្ទាប់ពី​រងគ្រោះ​ដោយសារ​សត្វ​ក្រពើ​ ៥​ ក្បាល​ក្នុងចំណោម​ជិត ​៥០ ​ក្បាល​ព្រួតខាំ ខណៈ​ជនរងគ្រោះ​ដើរ​លើ​ស្ពាន ហើយ​រអិល​ជើង​ធ្លាក់ចូល​អាង​ក្រពើ កាលពី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​ ១៧ មេសា ស្ថិតក្នុង​ភូមិ​កំពង់តាយ៉ង ឃុំ-​ស្រុក​ពួក ខេត្តសៀមរាប​។

លោក​ អៀ សំឯក នាយ​នគរបាល​ប៉ុស្តិ៍​ឃុំ​ពួក​បាន​ឱ្យដឹង នៅ​ថ្ងៃទី​ ១៩ ខែមេសា​ថា បុរស​រងគ្រោះ​ឈ្មោះ ស៊ូ សុធា អាយុ​ ៣៧ ​ឆ្នាំ ជា​មន្ត្រី​ធ្វើការ​នៅ​សាលា​ស្រុក​ពួក និង​មាន​ទីលំនៅ ក្នុងភូមិ​កំពង់​តាយ៉ង ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប​។ ជន​រងគ្រោះ​កំពុង​ត្រូវបាន​សង្គ្រោះបន្ទាន់​នៅឡើយ​ទេ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​។

លោក​ថ្លែងថា​៖ «​កាលពី​យប់ គាត់​ត្រូវ​របួស​ភ្លាម​ត្រូវ​បាន​គ្រួសារ​គាត់​ដឹក​មក​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​ទាំងយប់​។ ថ្ងៃនេះ​ [​ថ្ងៃទី​ ១៩​ មេសា​] ខ្ញុំ​ឮ​គ្រួសារ​គាត់​ថា កំពុង​នៅ​បន្ទប់​សង្គ្រោះបន្ទាន់ នៅ​ពេទ្យ​កាលម៉ែត​នៅឡើយ​ទេ​»​។

លោក​ប្រាប់​តាម​សាច់ញាតិ​បុរសរងគ្រោះ​ថា ជា​ទម្លាប់​របស់​ជនរងគ្រោះ​តែងតែ​ទៅ​មើល​សត្វ​ក្រពើ​ពង ហើយ​នៅ​វេលាម៉ោង​ជិត​ ១​ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ១៧ ខែមេសា ជនរងគ្រោះ​បាន​ចេញពី​បន្ទប់ដេក​ទៅ​អាង​ចិញ្ចឹមសត្វ​ក្រពើ​តែ​ម្នាក់ឯង​។ ស្របពេល​នោះដែរ មាន​បុរស​ម្នាក់​ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់​ជនរងគ្រោះ​ចេញ​ងូតទឹក ហើយ​បានឮ​សំឡេង​ស្រែក​ឱ្យជួយ​។ ដោយ​ឮ​សំឡេង​ស្រែក​បែបនេះ អ្នកជិតខាង​ម្នាក់​នោះបាន​ស្រែក​ប្រកូក​ប្រកាសថា សត្វ​ក្រពើ​ខាំ​មនុស្ស ទើប​ឮ​ដល់​សាច់ញាតិ​របស់​ជនរងគ្រោះ ក៏​នាំគ្នា​ចុះ​ក្នុង​អាង​ក្រពើ​ជួយ​សង្គ្រោះ​ជនរងគ្រោះ​។

លោក​បញ្ជាក់ថា ក្រោយពី​កើតហេតុ លោក​ ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក​បាន​ដឹកនាំ​កម្លាំង​ជំនាញ រួមជាមួយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​របស់លោក​ចុះ​ដល់ទី​តាំង​កើតហេតុ និង​ពិនិត្យឃើញថា ជនរងគ្រោះ​ត្រូវបាន​សត្វ​ក្រពើ​ហែកខាំ​សុះសាច់​រួមទាំង​ក្បាល​ផង​។ ភ្លាមៗ​នោះ​ក្រុមគ្រួសារ​បាន​ហៅ​រថយន្ត​សង្គ្រោះបន្ទាន់​របស់​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​រាជធានី​-​ភ្នំពេញ​យ៉ាង​បន្ទាន់​ផងដែរ​។

ជុំវិញ​ហេតុការណ៍​នេះ លោក ​សាន ពៃ មេឃុំ​ពួក ប្រាប់​នៅ​ថ្ងៃទី​ ១៩​ មេសា​ថា នៅក្នុង​ឃុំ​ពួក​ទាំងមូល​មាន​ប្រជាពលរដ្ឋ​ភាគច្រើន​ចិញ្ចឹមសត្វ​ក្រពើ​។ ពួកគាត់​ចិញ្ចឹមសត្វ​ក្រពើ​នេះ គឺ​ដើម្បី​យក​ពង​របស់​វា​ភ្ញាស់​ជា​កូន ដែល​កូន​ក្រពើ​ក្នុង​ ១ ​ក្បាលៗ​លក់បាន​ពី​ ១៥ ​ដុល្លារ ទៅ​ ២០​ ដុល្លារ​។ ដូច្នេះ​ចំណូល​របស់​អ្នក​ចិញ្ចឹមសត្វ​ក្រពើ​អាច​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​បាន​ប្រសើរ​ដែរ​។ ចំណែក​នៅផ្ទះ​របស់​ជនរងគ្រោះ​វិញ​មាន​ចិញ្ចឹមសត្វ​ក្រពើ​ទាំង​ឈ្មោល ទាំង​ញី ប្រហែល​ជិត​ ៥០​ ក្បាល​ឯណោះ​។

លោក​ថា​៖ «​ឥឡូវ ២ ​ទៅ​ ៣ ​ឆ្នាំនេះ ពេល​ស្រុក​កើត​កូវីដ អត់​មាន​ហាងឆេង​ក្រពើ​ទេ មុន​ឆ្នាំទៅ​មិញ កូន​សត្វ​ក្រពើ​ ១​ ក្បាល​លក់បាន​ពី​ ១៥ ​ទៅ​ ២០​ ដុល្លារ​។ ខ្ញុំ​សួរ​គេ​ទៅ គេ​ថា យក​ទៅ​វៀតណាម​។ គេ​ម្នាក់ៗ​រកស៊ី​ជំនួញ​សត្វ​ក្រពើ​ចំណេញ​របស់​គេ​ណាស់​»៕

វីដេអូ៖