ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​ ហ៊ុន សែន ចេញ​សារាចរ​ណែនាំ ស្តីពី​ការរៀបចំ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ ដែល​នឹង​ប្រារព្ធ​ឡើង​នា​ថ្ងៃទី ​១ ខែឧសភា ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ «​សន្តិភាព សុខភាព និង​សន្តិសុខ​ការពារ​»​។

តាមរយៈ​សារាចរ​ណែនាំ ដែល ​ភ្នំពេញ ​ប៉ុស្តិ៍​ ទទួលបាន​នា​ថ្ងៃទី​ ១៩ មេសា លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន លើកឡើងថា ព្រះរាជា​ណាចក្រ​កម្ពុជា​តែងតែ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ​១ ឧសភា ដែល ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ចលនា​កម្មករ​អន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ​តាំងពី​ឆ្នាំ​ ១៩៧៩​ មក​ម្ល៉េះ​។

លោក​បញ្ជាក់ថា​៖ «​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៦​ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃទី​ ១ ខែឧសភា ឆ្នាំ​ ២០២២​ នេះ​ប្រារព្ធ​ឡើង ក្រោម​ប្រធានបទ សន្តិភាព សុខភាព និង សន្តិសុខ​ការពារ ហើយដោយ​យោងតាម​បរិបទ​ដែល​ប្រជាជាតិ​យើង​ទាំងមូល​កំពុង​ចូលរួម​បង្ការ ទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ បំប្លែង ថ្មី​អូមីក្រុង រាជរដ្ឋាភិបាល​ក៏បាន​ធ្វើការ​ណែនាំ​ពី​ការរៀបចំ​ពិធី​នេះ​ផងដែរ​»​។

លោក​ ហ៊ុន សែន ឱ្យដឹងថា លោក​បានប្រគល់​ភារកិច្ច​ជូន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​រាជធានី​-​ខេត្ត និង​អភិបាល​រាជធានី​-​ខេត្ត​ទាំងអស់ ដោយ​សហការ​ជាមួយ​អង្គការ​វិជ្ជាជីវៈ ព្រមទាំង​និយោជក​ត្រូវ​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​កម្មករនិយោជិត សហជីព និង​តំណាង​មន្ត្រីរាជការ គ្រូបង្រៀន​ក្នុង​ការរំឭក ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៦ ទិវា ពលកម្ម​អន្តរជាតិ ១ ​ឧសភា​នេះ​។

លោក​លើកឡើង​ថា​៖ «​ការរៀបចំ ពិធី​សំណេះសំណាល​នេះ​គឺត្រូវ​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច និង​តាម​ស្ថានភាព​ជាក់ស្តែង ហើយ​និយោជក​ត្រូវ​ស្វ័យ​រៀបចំ​ក្នុង​កម្រិត​រោងចក្រ សហគ្រាស តាម​ស្ថានភាព​ជាក់ស្តែង​»​។

ជាមួយ​គ្នានេះ រាជរដ្ឋាភិបាល​ក៏បាន​ណែ​នាំឱ្យ​ក្រសួង​ព័ត៌មាន​ត្រូវ​ណែនាំ​ប្រព័ន្ធ​ឃោសនា​របស់​រដ្ឋ និង​ឯកជន បណ្តាញ​សារព័ត៌មាន​សង្គម​នានា​ឱ្យ​ផ្សព្វផ្សាយ​សារាចរ​ណែនាំ និង​សារលិខិត​របស់​នាយក​រដ្ឋមន្ត្រី​ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ ១ ​ឧសភា​នេះដែរ​។

ក្នុង​ទិវា​ពលកម្ម​អន្តរជាតិ​នេះ​នៅតាម​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់ និង​រោងចក្រ សហគ្រាស ត្រូវ​ជ្រើសរើស​ទីតាំង​សមស្រប​ណាមួយ ដូចជា ដង​វិថី​សំខាន់ៗ និង​ទីតាំង​រោងចក្រ សហគ្រាស ការដ្ឋាន និង​កសិដ្ឋាន ដើម្បី​ធ្វើការ​ចង​បដា​ពាក្យស្លោក​សំខាន់ៗ​តាម​ខ្លឹមសារ​នៃ​ទិវា​នេះ​។

ខ្លឹមសារ​នៃ​ពាក្យស្លោក​ទាំងនោះ មានដូចជា​៖ ជយោ​! ព្រះរាជាណាចក្រ​កម្ពុជា អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​ ១៣៦ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ ១ ​ឧសភា សន្តិភាព សុខភាព និង​សន្តិសុខ​ការងារ ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​ដើម្បី​សុខភាព និង​ការងារ គោរព​ច្បាប់​ស្តីពី​ការងារ និង​ច្បាប់​ស្តីពី​សហជីព ដើម្បី​ធានា សិទ្ធិ និង​ផលប្រយោជន៍​រួម​របស់​កម្មករនិយោជិត និង​និយោជក​...​ជាដើម​។

តាមរយៈ​សារាចរ​ណែនាំ​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​ឱ្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ត្រូវ​រៀបចំ​ឯកសារ និង​តាមដាន​បូកសរុប​ការរៀបចំ​ពិធី​នេះ ដើម្បី​រាយការណ៍​ជូន​រាជរដ្ឋាភិបាល​។

សារាចរ​បញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល​សូម​អំពាវនាវ​ដល់​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និយោជក កម្មករនិយោជិត​កម្ពុជា និង​បរទេស ទាំងអស់​ចូលរួម​រំឭក​ខួប​អបអរសាទរ​ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅក្នុង​បរិយាកាស​សោមនស្ស រីករាយ សាមគ្គីភាព និង​ភាតរភាព ដើម្បីឱ្យ​ស័ក្តិសម​ជា​បុណ្យ​ការងារ​របស់​ជាតិ​យើង និង​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​វិធានការ ៣ ​ការពារ និង​ ៣ ​កុំ​»​។

លោក​ ហ្វា សាលី ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ នៅ​ថ្ងៃទី​ ១៩​មេសា​ថា ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅតែ​មាន​សារៈសំខាន់​ខ្លាំង សម្រាប់​ប្រជាពលរដ្ឋ ជាពិសេស​កម្មករនិយោជិត​ខ្មែរ ដែល​អាច​រំឭក និង​ទាមទារ ឬ​តវ៉ា​បញ្ចេញ​នូវ​មតិ និង​កង្វល់​របស់​ពួកគេ​ផងដែរ​។

លោក​បាន​បន្តថា ប្រធាន​សហជីព កម្មករ-​កម្មការិនី អាច​ចូលរួម​បញ្ចេញមតិ ឬ​សំណូមពរ​តាម​ស្ថាប័ន ឬ​សហជីព​រៀងៗ​ខ្លួន​ទៅកាន់​រាជរដ្ឋាភិបាល​នូវ​ទុក្ខ​កង្វល់ ក៏ដូចជា​ការទាមទារ​របស់​ពួកគាត់​ឱ្យ​រាជរដ្ឋាភិបាល ឬ​ក្រសួង​ពាក់ព័ន្ធ​ឱ្យធ្វើ​ការពិចារណា​លើ​លក្ខខណ្ឌ​ការងារ ឬ​ចំណុច​ផ្សេងៗ​ទៀត​ជាដើម​។

លោក ​ហ្វា សាលី ថ្លែងថា​៖ «​យើង​ក៏​នឹងមាន​ការស្នើ​ឱ្យ​រាជរដ្ឋាភិបាល​ពិនិត្យ​ពិចារណា​ឡើងវិញ ជាពិសេស​ក្រសួង​ការងារ មេត្តា​ជំរុញ លើកទឹកចិត្ត ឬ​ដាក់​បទបញ្ជា​ឱ្យ​ថៅកែ ឬ​ម្ចាស់​ភោជនីយដ្ឋាន ឬ​សេវាកម្ម​ផ្សេងៗ ត្រូវ​ទិញ​បណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម សម្រាប់​បុគ្គលិក ឬ​កម្មករ​របស់ខ្លួន​»៕