ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​សហការ​ជាមួយ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) កំពុង​រៀបចំ​គោលនយោបាយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដឹកជញ្ជូន​នៅតាម​ព្រំដែន ដើម្បី​សម្រួល​ដល់​ការដឹក​ទំនិញ និង​បញ្ចៀស​ការកកស្ទះ​ចរាចរណ៍​នៅតាម​ព្រំដែន​។

រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោកស្រី​ កុយ សុដានី កាលពី​ថ្ងៃទី​ ១៨ មេសា ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ខែលើក​ទី​ ៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​ស្តីពី​គម្រោង​កែលម្អ​ប្រព័ន្ធ​ភ័ស្តុភារកម្ម​នៅ​កម្ពុជា ដំណាក់កាល​ទី ​២ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ក្រុមការងារ​គម្រោង និង​ជំនាញការ​នៃ​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ដើម្បី​ពិនិត្យ​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង និង​ទិសដៅ​សកម្មភាព​នៃ​ការរៀបចំ​គោលនយោបាយ វិស័យ​ភ័ស្តុភារកម្ម និង​ការធ្វើឱ្យ​ប្រសើរឡើង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​។

អង្គ​ប្រជុំបាន​ពិភាក្សា​លើ​របាយការណ៍​វឌ្ឍនភាព និង​សកម្មភាព​ការងារ​របស់​ក្រុមការងារ​ភ័ស្តុភារកម្ម​បៃតង ក្រុម​ការងារ​មជ្ឈមណ្ឌល​ភ័ស្តុភារកម្ម​តំបន់​។ ក្រុមការងារ​ខ្សែចង្វាក់​ត្រជាក់ ក្រុមការងារ​ទំនើបកម្ម​យានយន្ត​ដឹកជញ្ជូន​ទំនិញ​។ ក្រុមការងារ​តាមដាន​ និង​វាយតម្លៃ និង​ក្រុម​ការងារ​ការធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារ​ព្រំដែន​បាវិត និង​ការរៀបចំ​បើក​ច្រកទ្វារព្រំដែន​ស្ទឹង​បត់​បានណងអៀន​និង​ការដឹកជញ្ជូន​តាម​ព្រំដែន​ផងដែរ​។

ថ្លែង​ក្នុង​អង្គប្រជុំ​នាឱកាស​នោះ លោកស្រី​ កុយ សុដានី បញ្ជាក់​ពី​កិច្ចខិតខំ​ប្រឹងប្រែង និង​វឌ្ឍនភាព​របស់​ក្រុម​ប្រតិបត្តិ​ការងារ​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ (PMU)​ ដែល​បានសម្រេច​លទ្ធផល​ការងារ ជា​វិជ្ជមាន​ក្នុង​ការ​រៀបចំតាក់តែង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន និង​ភ័ស្ភុភារកម្ម​។ ការធ្វើឱ្យ​ប្រសើរឡើង​ច្រកទ្វារព្រំដែន​បាវិត និង​ការរៀបចំ​បើក​ច្រកទ្វារព្រំដែន​ស្ទឹង​បត់បានណងអៀន សំដៅ​ធ្វើយ៉ាងណា​ជំរុញ​ឱ្យ​ការអនុវត្ត​គម្រោង​ប្រព្រឹត្ត​ទៅដោយ​រលូន បញ្ចប់​តាម​ផែនការ​គ្រោងទុក និង​បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​បាន​ឆាប់​រហ័ស​គ្មាន​ការកកស្ទះ​។

អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន លោក វ៉ាស៊ឹម សុរិយា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា គម្រោង​ខាងលើនេះ JICA បានផ្តល់​ជា​ជំនួយ​បច្ចេកទេស​រយៈពេល​ ២ ​ឆ្នាំ ក្នុង​ការ​ពង្រឹង​ការងារ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភ័ស្តុភារកម្ម​នៅ​កម្ពុជា​។ ក្នុងនោះ​ជំនួយ​បច្ចេកទេស​មាន ​៤ ​ផ្នែក​ធំៗ ទី​ ១ ការតាមដាន​បន្ថែមទៀត​ការអនុវត្ត​ផែនការមេ​។ ទី​ ២ ការរៀបចំ​គោលនយោបាយ ទី​ ៣ ការរៀបចំ​គោលការណ៍​ណែនាំ​សម្រាប់​ត្រួតពិនិត្យ​ការអនុវត្ត​ផែនការមេ និង​ផែនការ​ភ័ស្តុភារកម្ម និង​ទី ​៤ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ច្រកទ្វារព្រំដែន​កម្ពុជា​-​វៀតណាម​ (​ច្រក​បាវិត​-​ម៉ុកបៃ​) និង​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ​ (​ព្រំដែន​ស្ទឹង​បត់បានណងអៀន​)​។

លោក​បញ្ជាក់ថា JICA ក៏​កំពុង​រៀបចំ​កែសម្រួល​ជាគោលការណ៍ ដើម្បី​សិក្សា​ឡើងវិញ​ និង​ពិនិត្យ​លទ្ធភាព​នៃ​ការវិនិយោគ​ និង​ការដឹកជញ្ជូន​នៅ​តំបន់​ខ្លះ ដូចជា​ភ្នំពេញ ប៉ោយប៉ែត ក្រុងព្រះសីហនុ និង​បាវិត​ជាដើម ហើយ​គោលនយោបាយ​ខ្លះ​កំពុង​រៀបចំ​ និង​បក​ប្រែជា​បណ្តើរ​ហើយ​។ ចំណុច​មួយទៀត​ពាក់ព័ន្ធ​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​ច្រកទ្វារព្រំដែន ឬ​ជំរុញ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន គឺមាន​កិច្ចព្រមព្រៀង​ជាមួយ​ប្រទេស​ជិតខាង​ជិត​ ២០ ​ឆ្នាំ​ហើយ ដែល​អាច​ឱ្យមាន​ការដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន ឬ​ដឹក​អ្នកដំណើរ​ក៏ដោយ អាច​ចេញចូល​ជាមួយ​ប្រទេស​ជិតខាង​បាន​ដូចជា វៀតណាម ថៃ និង​ឡាវ​។

លោក​ថ្លែងថា​៖ «​ប៉ុន្តែ វា​មាន​អសកម្ម​ខ្លះ​ដោយសារ​មាន​ការកកស្ទះ​នៅ​ចំណុច​ច្រកទ្វារ​។ ច្រកទ្វារ​យើង​តូច ហើយ​ច្រកទ្វារ​យើង​ខ្លះ​គ្មាន​កន្លែង​ចត​ឡាន គ្មាន កន្លែង​ត្រួតពិនិត្យ​ទំនិញ​។ ច្រកទ្វារ​យើង​ខ្លះទៀត​នៅ​មិនទាន់មាន​សម្របសម្រួល​គ្នា​ក្នុងការ​កាត់បន្ថយ​នីតិវីធី ឬ​ក្រដាស​ស្នាម ដើម្បី​ជម្រះបញ្ជី​ការឆ្លងកាត់​ព្រំដែន​នៅ​តំបន់​ព្រំដែន​»​។

លោក​ថា ច្រកទ្វារ​ព្រំដែន​កម្ពុជា​-​វៀតណាម​ប្រមាណ​ ៥ ​ឆ្នាំ​មកហើយ ដែល​ឃើញ​មានការ​កកស្ទះ​ចរាចរណ៍​។ ដូច្នេះហើយ​បានជា​ក្រសួង​សាធារណការ​បាន​ស្នើសុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​ ដើម្បី​ពង្រីក​ផ្លូវ​នោះ​។

លោក​ថា​៖ «​មាន​ទាំង​ថវិកាជាតិ​ផង ថវិកា​ជំនួយ​របស់​ ADB​ ផង​យើង​ពង្រីក​ផ្លូវ​ប្រហែលជា​ ៦ ​ទៅ​ ៧ ​គីឡូម៉ែត្រ​ពី​អគារ​ព្រំដែន​យើង​ចូល​ក្រុង​បាវិត​។ ​ឥឡូវនេះ​យើង​ពង្រីក​បាន​ពី​ ៤ ​ទៅ ​៦​ គន្លង អ៊ីចឹង​ជួយ​សម្រាល​ដល់​ការកកស្ទះ​បាន​ខ្លះ​ហើយ​ចន្លោះ​ប៉ុស្តិ៍​បាវិត-​ម៉ុកបៃ​។ ​យើង​ក៏បាន​ប្រើប្រាស់​ថវិកាជាតិ​ពង្រីក​ផ្លូវ​ប្រវែង​ ១៥០ ​ម៉ែត្រ​ទៅជា​ ៦ ​គន្លង​ដែរ​»​។

បើតាម​លោក​ វ៉ាស៊ឹម សុរិយា គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នានា​រួមទាំង​អគារ​រដ្ឋបាល អគារ​ថ្មី​នៃ​ច្រកព្រំដែន​ស្ទឹង​បត់បានណងអៀន សម្រេចបាន ៤០ ​ភាគរយ គ្រោង​នឹង​បញ្ចប់​នៅ​ដើមឆ្នាំ​ ២០២៣​។ ភាគី​សាងសង់​អគារ​ដូចគ្នា​នោះ​នឹង​បញ្ចប់​នៅ​ខែកញ្ញា ឆ្នាំ​ ២០២២​។ លោក​ថា គម្រោង​នេះ​នឹង​ជួយ​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន​បាន​លឿន និង​អាច​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​៕