ភ្នំពេញៈ កម្មករ​រោងចក្រ CANTERAN APPAREL ប្រមាណ​ ៣០០ ​នាក់​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ដោយ​បិទផ្លូវ​វេងស្រេង​នៅ​ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ នៅ​ព្រឹក​ថ្ងៃទី​ ១៩ ខែមេសា​។ ​ការបិទផ្លូវ​តវ៉ា​នេះ​ធ្វើឡើង​ បន្ទាប់ពី​ដឹងថា ក្រុមហ៊ុន​បាន​ដឹក​ម៉ាស៊ីន​ចេញ​ដោយ​គ្មាន​ជូនដំណឹង ជាហេតុ​ធ្វើឱ្យ​កម្មករ​ព្រួយបារម្ភ​ថា ម្ចាស់​ក្រុមហ៊ុន​អាច​នឹង​រត់ចោល​ដោយ​មិន​ទូទាត់​ថ្លៃ​សំណង​។

អ្នកស្រី ញឹម ចាន់ធឿន កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ CANTERAN APPAREL ថ្លែង​នៅ​ថ្ងៃទី ១៩ ខែមេសា​ថា ការបិទផ្លូវ​តវ៉ា​នេះ​ធ្វើឡើង​ដោយសារតែ​មានការ​ព្រួយបារម្ភ​ខ្លាច​ម្ចាស់​ក្រុមហ៊ុន​រត់ចោល​ដោយ​មិន​ទូទាត់​ថ្លៃ​សំណង​អតីតភាព​ការងារ ព្រោះ​រោងចក្រ​ជិត​ដល់ពេល​បិទទ្វារ​។ នារី​ជា​កម្មករ​រូបនេះ​ប្រាប់ថា នៅ​ដើមខែ​មេសា​ក្រុមហ៊ុន​បានធ្វើ​កិច្ចសន្យា​ជាមួយ​កម្មករ​ថា មិន​ដឹកជញ្ជូន​ម៉ាស៊ីន​ចេញពី​ក្រុមហ៊ុន​នោះទេ ប៉ុន្តែ​ក្រុមហ៊ុន​បែរជា​បំពាន​កិច្ចសន្យា​ដោយបាន​ដឹកជញ្ជូន​ម៉ាស៊ីន​ចេញ​ជា​បន្តបន្ទាប់ រហូត​ដល់​ថ្ងៃទី​ ១៩ ខែមេសា នេះ ក្រុមហ៊ុន​បាន​ដឹក​ម៉ាស៊ីនភ្លើង​ធំ​ចេញពី​ក្រុមហ៊ុន​ថែមទៀត​ផង​។

អ្នកស្រី​ថ្លែងថា​៖ «​រោងចក្រ​ហ្នឹង​ជិត​ដល់​អាណត្តិ​គេ​បិទ អ៊ីចឹង​គេ​ដឹក​ម៉ាស៊ីន​ចេញទៅ​ម្តង​បន្តិចៗ​មើលទៅ​គាត់​ចង់​រត់គេច​ដោយ​មិន​គុណ​លុយ​ឱ្យ​យើង​។ ពួកខ្ញុំ​មិន​ថា​អី​ទេ ចង់​បិទ​ក៏​បិទ​ទៅ ប៉ុន្តែ​ត្រូវ​ជូនដំណឹង​មុន ហើយ​ត្រូវ​ទូទាត់​ថ្លៃ​អតីតភាព​ការងារ​ឱ្យ​ពួកខ្ញុំ​ផង ព្រោះ​ពួកខ្ញុំ​ធ្វើការ​យូរៗ​ឆ្នាំ​ហើយ កុំ​ដឹក​របស់របរ​ទៅ​អស់ អត់​ចង់​គិតលុយ​ឱ្យគេ​អ៊ីចឹង​» ។

អ្នកស្រី រឹម នី ជា​កម្មករ​ក្រុមហ៊ុន CANTERAN APPAREL ម្នាក់ទៀត​បានឱ្យដឹងថា កម្មករ​មាន​ទំនុកចិត្ត​ថា​ក្រុមហ៊ុន​នឹងមិន​ដឹក​ម៉ាស៊ីន​ចេញពី​ទីតាំង​រោងចក្រ ហើយ​បាន​ឈប់​សម្រាក​ទៅលេង​ស្រុកកំណើត​នៅ​អំឡុងពេល​ចូលឆ្នាំ​ព្រោះ​សំអាង​លើ​កិច្ចសន្យា​ដែល​បានធ្វើ​ទុក​ហើយ​កាលពី​ថ្ងៃទី​ ៦ ខែមេសា​។ ប៉ុន្តែ​នៅ​​ពេល​ត្រឡប់​ចូលធ្វើការ​វិញ​បានដឹងថា ក្រុមហ៊ុន​បាន​ដឹក​ម៉ាស៊ីនដេរ​តូចធំ​ចេញពី​ទីតាំង​រោងចក្រ​អស់ ទើប​នាំគ្នា​ធ្វើការ​តវ៉ា​តែម្តង​។ អ្នកស្រី​ប្រាប់ទៀតថា ខណៈពេល​កំពុងធ្វើការ​បិទផ្លូវ​តវ៉ា ក៏មាន​អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ​ម្នាក់​បាន​ចុះ​សម្របសម្រួល ទើប​ក្រុមកម្មករ​រំសាយ​ការបិទផ្លូវ​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ អ្នកស្រី​ថា ការ​សម្របសម្រួល​នៅ​មិនទាន់​ត្រូវ​គ្នា​នៅឡើយ​។

លោក​ ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍សែនជ័យ​ថ្លែង​នៅ​ថ្ងៃទី​ ១៩ ខែមេសា​ថា ការធ្វើ​កិច្ចសន្យា​រវាង​ក្រុមហ៊ុន​ និង​កម្មករ​គឺធ្វើឡើង​ដោយ​មិនមាន​ការ​ដឹងឮ​ពី​អាជ្ញាធរ​ឡើយ ហេតុនេះ លោក​បាន​ណែនាំ​ឱ្យមាន​ការជួបជុំ​នៅ​សាលាខណ្ឌ​ពោធិ៍សែនជ័យ​ ដើម្បី​ជជែក​ដោះស្រាយ​ឱ្យបាន​ច្បាស់លាស់​នៅ​ថ្ងៃទី ​២០ ខែមេសា នេះ​។ លោក​បន្តថា ការចុះទៅ​សម្របសម្រួល​ពេល​កម្មករ​កំពុង​ធ្វើការ​បិទផ្លូវ​តវ៉ា​នេះ​គឺ​ដើម្បីឱ្យ​ភាគី​ទាំង​សងខាង​គោរព​តាម​កិច្ចសន្យា​ដែល​ខ្លួន​បានធ្វើ និង​ផ្អាក​ការបិទផ្លូវ​ដើម្បី​កុំឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ខ្លាំង​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​បាន​ប្រាប់ថា​ទី​ ១ ឱ្យ​ខាង​ក្រុមហ៊ុន​អនុវត្ត​កិច្ចសន្យា​ដែល​បាន​ព្រមព្រៀងគ្នា​ហើយ​ទី​ ២ ដែល​ខ្ញុំ​អូស​មកដល់​ស្អែក​ហ្នឹង​ [​ថ្ងៃទី​ ២០ ​មេសា​] ​គឺ​ដោយសារ​អ្នក​ដែល​ផ្តិតមេដៃ​ធ្វើ​កិច្ចសន្យា​ខាង​ក្រុមហ៊ុន​ហ្នឹង​អត់​បាន​ចូលរួម អ៊ីចឹង​ខ្ញុំ​សុំឱ្យ​ថ្ងៃទី ២០ មេសា ហ្នឹង​ភាគី​សងខាង​ចូលរួម​ជជែក​គ្នា​យ៉ាងម៉េច​អី​យ៉ាងម៉េច​ដោយមាន​អាជ្ញាធរ​ដឹងឮ ព្រោះ​កន្លងមក​ពួកគាត់​ធ្វើ​តែ​គ្នាឯង​អត់​មាន​ពី​ណា​ដឹងឮ​»​។

ភ្នំពេញ​ប៉ុស្តិ៍​មិនអាច​ស្វែងរក​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន CANTERAN APPAREL បានទេ​នៅ​ថ្ងៃទី​ ១៩ ខែមេសា​។ ប៉ុន្តែ​យ៉ាងណា​ក៏ដោយ​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា ជុំវិញ​រឿងនេះ​ក្រសួង​ក៏​កំពុងធ្វើការ​ដោះស្រាយ​ ដើម្បី​ធ្វើយ៉ាងណា​រក​ថវិកា​មក​ទូទាត់​ជូន​កម្មករ​តាមច្បាប់​៕

វីដេអូ៖