ឧត្តរមានជ័យៈ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ឧត្តរមានជ័យ​នឹង​បញ្ជូន​ក្រុមយុវជន​សង្ស័យ​ ៣ ​នាក់ ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃទី ​២០ មេសា​បន្ទាប់ពី​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ ២ ​ថ្ងៃ ពាក់ព័ន្ធ​ករណី​ព្រួត​គ្នា​ចាប់​យុវតី​អាយុ​ ១៧ ឆ្នាំ​ម្នាក់​រំលោភ​ហើយ​សម្លាប់​កាលពី​ថ្ងៃទី​ ១៥ មេសា ប្រព្រឹត្ត​នៅ​ភូមិ ចំការចេក សង្កាត់ អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ​។

លោក​ឧត្តមសេនីយ៍ត្រី ជួន សួ ស្នងការរង​ទទួល​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ឧត្តរមានជ័យ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ មេសា ថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​ទី ​១- ​ឈ្មោះ ភាក់ សីហា ភេទ ប្រុស អាយុ ១៨ ​ឆ្នាំ រស់នៅ​ភូមិ​អូរពក សង្កាត់​កូនគ្រៀល ក្រុង សំរោង ខេត្ត​ឧត្តរមានជ័យ​។

ទី​ ២-​ ឈ្មោះ ភាជ សុជាតិ ភេទ​ប្រុស អាយុ ១៧ ​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរស្មាច់ ក្រុង​សំរោង និង​ទី​ ៣ ​ឈ្មោះ ត្រយ ចិត្រា ភេទ​ប្រុស អាយុ ១៥ ​ឆ្នាំ រស់នៅ​ភូមិ អភិវឌ្ឍន៍ សង្កាត់​អូរស្មាច់ ក្រុង​សំរោង ខេត្ត​ឧត្តរមានជ័យ ។

លោក​ថ្លែងថា​៖ «​នៅថ្ងៃនេះ ​(​ថ្ងៃទី​ ១៩ មេសា​) ​សមត្ថកិច្ច​យើង​កំពុង​រៀបចំ​សំណុំរឿង​របស់​អ្នក​ទាំង​ ៣​ នាក់​ហើយ​យើង​គ្រោង​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ថ្ងៃស្អែក​ (​ថ្ងៃទី​ ២០​ មេសា​)​។ លោក​បាន​បន្តថា ការស្រាវជ្រាវ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​គឺ​បន្ទាប់ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​របស់​នារី​ម្នាក់​ដេកស្លាប់​ទាំង​អាក្រាតកាយ​នៅក្នុង​ទឹកអូរ​ស្ថិត​ក្នុងភូមិ​ចំការចេក សង្កាត់ អូរស្មាច់ ក្រុង​សំរោង​កាលពី​រសៀល​ថ្ងៃទី​ ១៦ ​មេសា​។

បន្ទាប់មក​នគរបាល​ព្រហ្មទណ្ឌ​របស់លោក​បាន​ស្នើសុំ​គោលការណ៍​ពី​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ និង​ស្នើសុំ​គោលការណ៍​ពី​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​ឧត្តរមានជ័យ ដើម្បី​បើក​ការស្រាវជ្រាវ​។

បើតាម​លោក​ ជួន សួ ក្រោយ​ទទួល​បាន​គោលការណ៍​មក កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​របស់លោក​បាន​បើក​ការស្រាវជ្រាវ​ដោយ​ទទួលបាន​ព័ត៌មាន​ពី​សាក្សី​ថា កាលពី​ថ្ងៃទី​ ១៤​ មេសា ឆ្នាំ ២០២២ គេ​បានឃើញ​ជនសង្ស័យ​ទាំង​ ៣ ​នាក់​បាន​ជិះ​ម៉ូតូ​ ២​ គ្រឿង នាំ​នារី​រងគ្រោះ​ឈ្មោះ ឡ.គ.ឡ អាយុ​ ១៧ ​ឆ្នាំ ដើរលេង​នៅ​ក្រុង​សំរោង​។

លោក​បញ្ជាក់ថា បន្ទាប់ពី​មាន​តម្រុយ​ស្គាល់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ​មក នៅ​ថ្ងៃទី​ ១៨ ​មេសា ក្រោយពី​សមត្ថកិច្ច​របស់​លោក​កោះហៅ​សាក្សី​បំភ្លឺ និង​ក្តាប់បាន​ព័ត៌មាន​អស់ហើយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​បាន​ចេញ​ប្រតិបត្តិការ​ឈានទៅ​ចាប់បាន​ជនសង្ស័យ​ ២ ​នាក់ ម្នាក់​ឈ្មោះ ភាក់ សីហា រស់នៅ​ភូមិ​អូពក សង្កាត់​កូនក្រៀល និង​ឈ្មោះ ភាជ សុជាតិ នៅ​ក្រុង​សំរោង និង​បន្ត​តាម​ចាប់​ជនសង្ស័យ​ម្នាក់ទៀត ឈ្មោះ ត្រយ ចិត្រា រស់នៅ​ភូមិ​អភិវឌ្ឍន៍ សង្កាត់​អូរស្មាច់​។

លោក​បន្ថែមថា ក្រោយពី​ចាប់ខ្លួន សមត្ថកិច្ច​បាន​នាំ​ក្រុម​ជនសង្ស័យ​ទាំង​ ៣​ នាក់​ទៅធ្វើ​ត្រាប់​ឡើងវិញ​នៅ​ថ្ងៃទី​ ១៩ ​មេសា នៅ​ទីតាំង​ដែល​ពួកគេ​បាន​ធ្វើ​សកម្មភាព​រំលោភ និង​សម្លាប់​នារី​រងគ្រោះ​។ ពេលធ្វើ​ត្រាប់​នោះ​ក្រុម​ជនសង្ស័យ​បាន​និយាយថា កាលពី​ថ្ងៃទី​ ១៤ ​មេសា ពួកគេ​មាន​គ្នា​ ៣ ​នាក់ បាន​នាំ​នារី​រងគ្រោះ​ទៅ​ដើរលេង​នៅ​ក្រុង​សំរោង​។ លុះ​យប់​ថ្ងៃទី​ ១៥ ​មេសា ពួកគេ​បាននាំគ្នា​ទៅ​រាំ​ធុងបាស​នៅមុខ​ផ្សារ​ចំការចេក ស្ថិត​ក្នុងភូមិ​ចំការចេក សង្កាត់​អូរស្មាច់ ក្រុង​សំរោង​។

ក្រោយពី​ចប់​ការ​រាំ​ធុងបាស​នៅ​ម៉ោង​ជិត​ ១០​ យប់​ថ្ងៃ​ដដែល ពួកគេ​បានឃើញ​នារី​រងគ្រោះ​ដើរទៅ​ផ្ទះ​ម្នាក់ឯង​ដែល​ពេលនោះ​នៅតាម​ផ្លូវ​មាន​សភាព​ស្ងាត់​ផង ក៏​នាំគ្នា​ចាប់​នារី​រងគ្រោះ​រំលោភ​បានសម្រេច​ម្នាក់​ម្តងៗ​ហើយ​ច្របាច់ក និង​យក​ឈើ​ជ្រុង​វាយ​ក្បាល​នាង​ពីក្រោយ​បន្ថែម រហូត​ស្លាប់​រួច​នាំគ្នា​សែង​បោះចោល​ក្នុង​ទឹកអូរ​ទៅ​។

លោក​ស្នងការរង ជួន សួ បន្ថែមថា ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​បាន​ពី​ក្រុម​ជនសង្ស័យ​មាន​ដំបង​ឈើ​ជ្រុង​ចំនួន​ ១ ដែលជា​មធ្យោបាយ​វាយសម្លាប់​នារី​រងគ្រោះ​៕

វីដេអូ៖