
សត្វស្លាបដែលរស់នៅតំបន់អភិរក្សក្នុងស្រុកព្រះនេត្រព្រះកាលពីខែមីនា ឆ្នាំនេះ។ រូបថត FN
បន្ទាយមានជ័យៈ អាជ្ញាធរឃុំឈ្នួរមានជ័យគ្រោងរៀបចំធ្វើផ្លូវលំ និងផ្លូវទឹកសម្រាប់ចូលទៅកាន់តំបន់អភិរក្សរហាលកេសអាវៀន ដែលស្ថិតក្នុងឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅក្នុងខែមិថុនាខាងមុខនេះ។ ការធ្វើផ្លូវនេះគឺដើម្បីឆ្លើយតបនឹងការស្នើសុំរបស់ប្រជាពលរដ្ឋ និងដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តនៅទីនោះ។
លោក ខុង ប៊ុន ជំទប់ទី ១ នៃសាលាឃុំឈ្នួរមានជ័យ ថ្លែងនៅថ្ងៃទី ១៩ ខែមេសាថា ដោយមើលឃើញពីការចាំបាច់ក្នុងការរៀបចំអភិវឌ្ឍតំបន់អភិរក្សរហាលកេសអាវៀន និងឆ្លើយតបការចង់បានរបស់ប្រជាពលរដ្ឋ អាជ្ញាធរឃុំឈ្នួរមានជ័យគ្រោងនឹងរៀបចំធ្វើផ្លូវលំ និងផ្លូវទឹកដែលមានប្រវែងសរុប ៥ គីឡូម៉ែត្រគិតពីផ្លូវជាតិលេខ ៦ ទៅដល់កន្លែងតំបន់អភិរក្សរហាលកេសអាវៀននោះ។
លោកបានប្រាប់ថា ក្នុងប្រវែងផ្លូវ ៥ គីឡូម៉ែត្រនោះនឹងធ្វើផ្លូវលំពីចាប់ពីផ្លូវជាតិលេខ ៦ រហូតដល់កន្លែងដែលគ្រោងធ្វើចំណតសហគមន៍នេសាទស្ថិតក្នុងភូមិគោកទ្រាសប្រវែង ៣ គីឡូម៉ែត្រ។ បន្តពីទីនោះត្រូវរៀបចំផ្លូវទឹក ២ គីឡូម៉ែត្រទៀតសម្រាប់ការធ្វើដំណើរតាមផ្លូវទឹកទៅកាន់ទីតាំងតំបន់អភិរក្ស។
លោកបានបន្តថា អាជ្ញាធរឃុំនឹងរៀបចំទីតាំងតំបន់អភិរក្សនោះឱ្យក្លាយជាតំបន់ទេសចរណ៍ទាក់ទាញមួយគឺដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅទីនោះបន្ថែមលើការនេសាទរបស់ពួកគាត់។
លោកថ្លែងថា៖ «យើងឃើញពេលដែលពលរដ្ឋគាត់នេសាទទៅមិនសូវបានធ្វើឱ្យជីវភាពរបស់ពួកគាត់ផ្លាស់ប្រែទេ អ៊ីចឹងហើយបានជាក្នុងនាមអាជ្ញាធរឃុំយើងផ្តើមគំនិតកែប្រែតំបន់ហ្នឹងឱ្យក្លាយជាតំបន់ទេសចរណ៍ គាត់អាចនេសាទបែបលក្ខណៈទេសចរណ៍ យើងនឹងអាចបង្កើតតំបន់ស្ទូចត្រីជិះទូកមើលទេសភាពព្រៃ និងសត្វស្លាបផងដែរ» ។
លោកជំទប់ទី ១ នៃសាលាឃុំឈ្នួរមានជ័យបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋនៅក្នុងតំបន់អភិរក្សរហាលកេសអាវៀននៅមិនទាន់បានរៀបចំឱ្យក្លាយជាសហគមន៍ពេញលេញនៅឡើយទេ ទីតាំងតំបន់នោះស្ថិតក្រោមការថែរក្សាគ្រប់គ្រងដោយអាជ្ញាធរឃុំស្ទើរតែទាំងស្រុងក្នុងពេលបច្ចុប្បន្ន។ តំបន់អភិរក្សនេះត្រូវបានបែងចែកជា ២ គឺ អភិរក្សត្រី និងអភិរក្សសត្វស្លាបក្នុងនោះតំបន់អភិរក្សសត្វត្រីមានទំហំ ៥ ហិកតា និងតំបន់អភិរក្សសត្វស្លាបមានទំហំ ២៣ ហិកតា ដែលសរុបទាំងអស់ទីនោះមាន ២៨ ហិកតា។ យ៉ាងណាក៏ដោយ អាជ្ញាធរឃុំឈ្នួរមានជ័យក៏មានគម្រោងពង្រីកតំបន់នោះបន្ថែមផងដែរនៅថ្ងៃខាងមុខ។ ប៉ុន្តែការពង្រីកនោះនឹងមិនធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋឡើយ។
លោកថ្លែងថា៖ «ការពង្រីកហ្នឹងយើងអត់មានអីត្រូវទៅរំលោភបំពានយកដីប្រជាពលរដ្ឋទេ យើងគ្រាន់តែអាចដាំព្រៃលិចទឹកឡើងវិញទៅលើតំបន់ណាដែលប្រជាពលរដ្ឋគាត់រំលោភយកដូចជា ដីចំណីបឹង ដីចំណីស្ទឹង ចំណីព្រែកអីហ្នឹង យើងអាចសម្របសម្រួលជាមួយប្រជាពលរដ្ឋ ដើម្បីយកដីទំនេរហ្នឹងដាំដុះព្រៃលិចទឹកឡើងវិញ ដើម្បីក្លាយជាកន្លែងជម្រកសត្វ» ។
អាជ្ញាធរឃុំឈ្នួរមានជ័យបានគូសបញ្ជាក់ថា តំបន់រហាលកេសអាវៀនបានក្លាយទៅជាតំបន់ការពារធម្មជាតិទទួលស្គាល់ដោយរដ្ឋបាលខេត្តបន្ទាយមានជ័យនៅខែមករា ឆ្នាំ ២០២០។ តំបន់អភិរក្សនេះមានសត្វស្លាបជាង ១០ ប្រភេទ ក្នុងនោះសត្វដែលមានចំនួនច្រើនជាងគេមានសត្វចង្កៀលខ្យង ក្អែកទឹក កុក ស្មោញ ត្រយង និងសត្វក្ងររាប់ពាន់ក្បាល។ ចំណែកប្រភេទសត្វដែលធំជាងគេមានតែសត្វទុងប៉ុណ្ណោះ។
លោក សាន ព្រឿន អ្នកអភិរក្សសត្វស្លាបតំបន់តំបន់រហាលកេសអាវៀន ថ្លែងនៅថ្ងៃ ១៩ ខែមេសា លោកមានអារម្មណ៍សប្បាយរីករាយនៅពេលដឹងថា អាជ្ញាធរឃុំបានធ្វើតាមការចង់បានរបស់ប្រជាពលរដ្ឋក្នុងការធ្វើផ្លូវចូលទៅកាន់តំបន់អាវៀន។ នេះជាក្តីសង្ឃឹមថ្មីមួយក្នុងការទទួលបាននូវភាពរីកចម្រើនផ្នែកហិរញ្ញវត្ថុ ព្រោះនៅពេលដែលមានផ្លូវស្រួលធ្វើដំណើរអាចមានភ្ញៀវទេសចរដើរលេងកម្សាន្តច្រើនជាហេតុធ្វើឱ្យពលរដ្ឋអាចរកចំណូលបានទៅតាមនោះដែរ។ លោកថ្លែងថាការនេសាទត្រីតែមួយមុខ មិនអាចជួយឱ្យមានជីវភាពប្រសើរបានឡើយហើយការនេសាទទៀតសោតគឺធ្វើបានតែក្រៅតំបន់អភិរក្សប៉ុណ្ណោះជួនបានជួនអត់ មិនទៀងទាត់ឡើយ។
លោកបានថ្លែងថា៖ «បើអាជ្ញាធររៀបចំបានយើងនឹងអាចរកចំណូលបន្ថែមបានខ្លះ ពីព្រោះបើកាលណាមានភ្ញៀវទេសចរទៅលេងគេចាយលុយ អ៊ីចឹងយើងអាចលក់ដូរម្ហូបអាហារ រត់ទូកដឹកភ្ញៀវទេសចរលេងកម្សាន្តអ៊ីចឹងទៅ។ ឱ្យតែរៀបចំបាន គឺខ្ញុំអរណាស់ ព្រោះខ្ញុំអាចរកស៊ីបានផង» ៕