ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង បាន​បើក​កិច្ចប្រជុំ​ស្ដីពី​ស្ថានភាព​នៃ​ការងារ​គ្រប់គ្រង​មន្ត្រី​ពន្ធនាគារ និង​ស្តាប់​សំណូមពរ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​សំណូមពរ​នោះ​ស្នើសុំ​ផ្ទេរ​មន្ត្រី​ពន្ធនាគារ​ជាង​ ៣​ ពាន់​នាក់ ក្នុង​ក្របខ័ណ្ឌ​ស៊ីវិល​ទៅ​ក្របខ័ណ្ឌ​នគរបាលជាតិ​។

ថ្លែង​ក្នុង​ការដឹកនាំ​កិច្ចប្រជុំ នា​ថ្ងៃទី​ ២០ ខែមេសា លោក ស ខេង ដែលជា​ឧបនាយករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​៖ «​កិច្ចប្រជុំ​នេះ​គឺ ដើម្បី​រួមគ្នា​ពិនិត្យ ពិភាក្សា និង​ដោះស្រាយ​បញ្ហា​មួយចំនួន ដែលជា​សំណូមពរ​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​»​។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ លោក​ នុត សវនា ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ការកោះប្រជុំ​នេះ ដោយសារ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចង់​ស្តាប់​អំពី​ហេតុផល​ឱ្យបាន​ច្បាស់លាស់​ពី​ភាគី​ពាក់ព័ន្ធ​នៃ​ការស្នើ​មន្ត្រី​បន្ថែម​ និង​ការស្នើសុំ​ផ្ទេរ​ក្របខ័ណ្ឌ ដើម្បី​ធ្វើការ​ណែនាំ​ និង​ចង្អុល​បង្ហាញថា ត្រូវធ្វើ​យ៉ាងម៉េច​។ អ្វីដែល​ជាការ​សំណូមពរ​របស់​មន្ត្រី​ពន្ធនាគារ​នោះ គឺ​ការផ្ទេរ​ពី​ក្របខ័ណ្ឌ​ស៊ីវិល ទៅ​ក្របខ័ណ្ឌ​មន្ត្រីរាជការ​នគរបាល​ជាតិ​វិញ​។

លោក​ថ្លែងថា​៖ «​សំណូមពរ​សំខាន់​ក្នុង​កិច្ចប្រជុំ​នោះ គឺ​សុំ​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​បន្ថែម និង​ស្នើសុំ​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ​ផ្ទេរ​ពី​ក្របខ័ណ្ឌ​ស៊ីវិល​មក​ខាង​ក្របខ័ណ្ឌ​ប៉ូលិស​វិញ​។ នេះ​ជា​សំណូមពរ​ធំ ដែល​អគ្គនាយកដ្ឋាន​ពន្ធនាគារ បានស្នើ​ទៅ​ថ្នាក់ដឹកនាំ​ក្រសួង​»​។

លោក​ថា មូលហេតុ​ស្នើសុំ​ក្របខ័ណ្ឌ​មន្ត្រី​បន្ថែម ដោយសារ​មាន​មន្ត្រី​ចូលនិវត្តន៍ មន្ត្រី​ខ្លះ​ទទួល​មរណភាព ឬ​បាត់បង់​សមត្ថភាព​ការងារ ហើយ​ចំនួន​ជន​ជាប់ឃុំ ក៏ដូចជា​ប្រសិទ្ធភាព​ការងារ​បាន​រង​ផលប៉ះពាល់ ដោយសារ​ចំនួន​មន្ត្រី​ពន្ធនាគារ​មិន​សមាមាត្រ​ទៅនឹង​ទំហំ​អ្នក​ជាប់ឃុំ​ជាក់ស្តែង​។

លោក​ នុត សវនា ឱ្យដឹងថា មូលហេតុ​មន្ត្រី​ពន្ធនាគារ​ស្នើសុំ​ផ្ទេរ​ពី​ក្របខ័ណ្ឌ​ស៊ីវិល​ទៅ​ក្របខ័ណ្ឌ​ប៉ូលិស ដោយសារ​ការ​គ្រប់គ្រង​បុគ្គលិក​បច្ចុប្បន្ន ទាំង​ភ័ស្តុភារ​ និង​បុគ្គលិក​ពន្ធនាគារ ស្ថិតក្រោម​កញ្ចប់​ថវិកា​របស់​ស៊ីវិល ហើយ​បែបបទ​នីតិវិធី​របស់​ស៊ីវិល​ដែរ​។

លោក​ថ្លែងថា​៖ «​ទោះបីជា​យើង​ជា​មន្ត្រី​កង​ប្រដាប់អាវុធ ប៉ុន្តែ​កន្លងមក​ដល់ពេល​បច្ចុប្បន្ន​នេះ គឺ​ឋានន្តរស័ក្ដិ ឬក៏​ការរៀបចំ​ក្របខ័ណ្ឌ គឺ​ធ្វើ​ទៅតាម​ [​បែបបទ​] ​ក្របខ័ណ្ឌ​មន្ត្រី​ស៊ីវិល ហើយ​តាមពិត​យើង​ត្រូវ​នៅក្រោម​នគរបាលជាតិ​»​។

លោក​ថា ការស្នើសុំ​ផ្ទេរ​ក្របខ័ណ្ឌ​នេះ​ដើម្បី​ការពារ​ផលប្រយោជន៍​របស់​មន្ត្រី​ពន្ធនាគារ​នៅពេល​ចូលនិវត្តន៍​។ នេះ​ជា​សំណូមពរ​ធំ​ដែល​ត្រូវ​ដោះស្រាយ​ឱ្យចេញ ដើម្បី​ការពារ​ផលប្រយោជន៍​របស់​មន្ត្រី ព្រោះ​ប្រាក់​សោធន​និវត្តន៍​របស់​មន្ត្រីរាជការ​ស៊ីវិល គឺមាន​កម្រិត​ទាប​ជាង​មន្ត្រីនគរបាល​។ មន្ត្រី​ពន្ធនាគារ​ធ្វើការ​ច្រើន ហើយ​ពេលខ្លះ​លើស​ម៉ោង​ផង ហើយ​ប្រឈម​បញ្ហា​ច្រើន​ក្នុង​ជីវភាព​ការងារ​។ បើសិនជា​គាត់​ចូលនិវត្តន៍ គឺ​ប្រាក់​សោធន​និវត្តន៍​តិចជាង​ខាង​ប៉ូលិស អ៊ីចឹង​វា​អយុត្តិធម៌​ចំពោះ​ការលះបង់​របស់​ពួកគាត់​។

លោក​ឱ្យដឹង​ដែរ​ថា កន្លងមក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ក៏បាន​គាំទ្រ​ឱ្យមាន​ការផ្ទេរ​ក្របខ័ណ្ឌ​នេះដែរ ខណៈ​មន្ត្រី​ពន្ធនាគារ ដែល​ស្នើសុំ​ផ្ទេរ​ក្របខ័ណ្ឌ​នោះ​មាន​ជាង​ ៣ ​ពាន់​នាក់​ទូទាំង​ប្រទេស​។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល និង​ការពារ​សិទ្ធិមនុស្ស​នៃ​អង្គការ​លីកាដូ លោក អំ សំអាត ថ្លែងថា ការស្នើសុំ​ផ្ទេរ​ក្របខ័ណ្ឌ​ពី​មន្ត្រី​ពន្ធនាគារ​នោះ គឺជា​ការងារ​ផ្ទៃក្នុង ហើយ​ជាការ​សម្រេចចិត្ត​របស់​ថ្នាក់ដឹកនាំ​។ ប៉ុន្តែ​សម្រាប់​ការស្នើសុំ​បន្ថែម​ក្របខ័ណ្ឌ​មន្ត្រី​ពន្ធនាគារ គឺជា​រឿង​ល្អ​មួយ ដែល​លោក​ថា មន្ត្រី​ពន្ធនាគារ​សព្វថ្ងៃ​នៅ​មិនទាន់​ឆ្លើយតប​ជាមួយ​កំណើន​អ្នក​ជាប់ឃុំ​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​បច្ចុប្បន្ននេះ​មន្ត្រី​ពន្ធនាគារ​មិន​សមាមាត្រ​ទៅនឹង​អ្នក​ជាប់ឃុំ​ទេ ដោយសារ​អ្នក​ជាប់ឃុំ​កើនឡើង​។ អ៊ីចឹង​មន្ត្រី​មាន​ការងារ​ច្រើន​ផង និង​ប៉ះពាល់​ដល់​អ្នក​ជាប់ឃុំ​ផង ដោយសារ​ការឆ្លើយតប​មិនទាន់ ហើយ​លើសពីនេះ​មាន​មន្ត្រី​មួយចំនួន​ដល់​អាយុ​ចូលនិវត្តន៍ ដែល​នេះ​ជាការ​ធ្វើឱ្យ​ខ្វះ​មន្ត្រី​អនុរក្ស​ពន្ធនាគារ ដែលជា​ការបារម្ភ​បញ្ហា​សុវត្ថិភាព​នៅតាម​ពន្ធនាគារ​»​។

លោក​ថា​រឿង​សំខាន់​មួយទៀត​ក្នុងការ​ឆ្លើយតប​នឹង​កំណើន​អ្នក​ជាប់ឃុំ​នោះ រដ្ឋាភិបាល​គួរ​មាន​យន្តការ មួយ​ក្នុងការ​កាត់បន្ថយ​ភាព​ចង្អៀត នៅក្នុង​ពន្ធន​គារ ដូចជា​ការ​ដោះស្រាយ​ក្រៅ​ប្រព័ន្ធ​តុលាការ​។ ការឱ្យ​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​ចំពោះ​ទោស​ស្រាល ដោយ​លោក​ចាត់ទុកថា​ជាការ​កាត់បន្ថយ​បន្ទុក សម្រាប់​មន្ត្រី​ពន្ធនាគារ​ផងដែរ​៕