ភ្នំពេញៈ គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង សហប្រតិបត្តិការ​ជាមួយ​គណៈមេធាវី​នៃ​ទីក្រុង Marseille ប្រទេស​បារាំង ដើម្បី​បង្កើត​ទំនាក់ទំនង​វិជ្ជាជីវៈ​ក្នុង​ការជំរុញ​ឱ្យមាន​នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស និង​សិទ្ធិ​ទទួលបាន​ការការពារ​។

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​កាលពី​ថ្ងៃទី​ ១៩ ខែមេសា ស្តីពី​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នៃ​គណៈមេធាវី​ទាំង ២ នេះ​ឱ្យដឹងថា កាលពី​ថ្ងៃទី​ ១៩ ខែមេសា គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដឹកនាំ​ដោយ​លោក លី ច័ន្ទតុលា ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​រួមជាមួយ​សមាជិក​-​សមាជិកា​ក្រុមប្រឹក្សា និង​ថ្នាក់ដឹកនាំ​បានទទួល​ស្វាគមន៍​ដំណើរ​ទស្សន​កិច្ចការងារ​របស់​គណៈប្រតិភូ គណៈមេធាវី​នៃ​ទីក្រុង Marseille ដឹកនាំ ដោយ​លោក Jean-Raphal FERNANDEZ រួមជាមួយ​ថ្នាក់ដឹកនាំ និង​សមាជិក-​សមាជិកា​មកកាន់​ទីស្នាក់ការ​គណៈមេធាវី​កម្ពុជា​។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ លី ច័ន្ទតុលា ក៏បាន​បង្ហាញជូន​ដោយផ្ទាល់​ទៅ​គណៈប្រតិភូ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​គណៈមេធាវី រួមមាន​ទាំង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មេធាវី បណ្ណាល័យ មណ្ឌល​ច្បាប់ បន្ទប់​សវនាការ​ត្រាប់ បន្ទប់​សិក្សា​របស់​សិស្ស​មេធាវី បន្ទប់​ស្ទូឌីយោ និង​បន្ទប់​ប្រជុំ​ក្រុម​ប្រឹក្សា​គណៈមេធាវី​។

សេចក្ដី​ប្រកាស​បញ្ជាក់​ទៀតថា​៖ «​នៅក្នុង​ដំណើរ​ទស្សនកិច្ច​ដ៏មាន​សារៈសំខាន់​នេះ ប្រធាន​គណៈមេធាវី​ទាំង​ ២ ក៏បាន​ជួបពិភាក្សា​ការងារ សំខាន់ៗ​មួយ​ចំនួន ក្នុងនោះ​ក៏មាន​ការចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​ក្នុង​ឆន្ទៈ​រួម​របស់​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​គណៈមេធាវី​នៃ​ទីក្រុង Marseille ក្នុង​គោលបំណង​សំខាន់ៗ ដូចជា​ការលើកកម្ពស់​ទំនាក់ទំនង​រវាង​គណៈមេធាវី​ទាំង​ ២ ការបង្កើត​មិន​ត្រឹមតែ​ទំនាក់ទំនង​វិជ្ជាជីវៈ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បង្កើត​ទំនាក់ទំនង​មិត្តភាព​ ដើម្បី​ជំរុញឱ្យមាន​នីតិរដ្ឋ ការគោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ទទួលបាន​ការការពារ​ផងដែរ​»​។

តាមរយៈ​ខ្លឹមសារ និង​ស្មារតី​នៃ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​នេះ គណៈមេធាវី​ទាំង​ ២ នឹង​ផ្តោតទៅលើ ទី​ ១ ​ការជំរុញ​ឱ្យមាន​ទំនាក់ទំនង​រវាង​សមាជិក-​សមាជិកា​របស់ខ្លួន​កាន់តែ​ប្រសើរឡើង​។ ទី​ ២ ​ការជំរុញ​ឱ្យមាន​កិច្ចប្រជុំ និង​ការផ្លាស់ប្ដូរ​បទពិសោធ និង​ចំណេះដឹង​គ្នា​ទៅវិញទៅមក​។ ទី​ ៣ ​ការរៀបចំ​សិក្ខាសាលា និង​ការបណ្តុះបណ្តាល​ស្តីពី​បញ្ហា​ច្បាប់ ឬ​បញ្ហា​វិជ្ជាជីវៈ ដែលជា​ផលប្រយោជន៍​រួម​ក្នុងទិសដៅ​ឈានទៅ​បង្កើត​ចរន្ត​កិច្ចការ​វិជ្ជាជីវៈ​ថ្មី និង​ទីផ្សារ​ថ្មីៗ​ទៀត​។

ទី​ ៤ គណៈមេធាវី​ទាំង​ ២ នឹង​ផ្ដោតលើ​កម្មសិក្សា​ដោយ​ការអនុវត្ត​ផ្ទាល់​ដោយ​ធានា ជំរុញ​ផ្សព្វផ្សាយ​នូវ​លទ្ធភាព​ទៅដល់​មេធាវី​ទើបតែ​ចូល ប្រកប​វិជ្ជាជីវៈ​ ឬ​កម្មសិក្សាការី​ឱ្យ​យល់ដឹង​អំពី​ការអនុវត្ត​ជាក់ស្តែង​នៅក្នុង​វិជ្ជាជីវៈ​ជា​មេធាវី ក្នុង​គណៈមេធាវី​របស់ខ្លួន ឬ​តាមរយៈ​មធ្យោបាយ​ផ្សេងៗ​ជាអាទិ៍ តាមរយៈ​ការចុះ​កម្មសិក្សា​នៅតាម​ការិយាល័យ​មេធាវី​។

លោក​មេធាវី អាន សុវឌ្ឍនា អ្នកនាំពាក្យ​គណៈមេធាវី​បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ នៅ​ថ្ងៃទី​ ២០ មេសា​ថា នៅ​ប្រទេស​បារាំង​មាន​ការគ្រប់គ្រង​វិជ្ជាជីវៈ​មេធាវី​ស្រដៀង​នឹង​កម្ពុជា​ដែរ ប៉ុន្ដែ​ដោយសារ​ប្រព័ន្ធ​រដ្ឋបាល​នៅក្នុង​ប្រទេស​បារាំង​មាន​សហជីព​សហព័ន្ធ​គណៈមេធាវី ដូច្នេះ​ប្រទេស​នេះ មាន​គណៈមេធាវី​តាម​ទីក្រុង ព្រោះ​ទីក្រុង​ប្រទេស​បារាំង​ធំៗ ហើយ​គណៈមេធាវី​នៃ​ទីក្រុង Marseille ជា​គណៈមេធាវី​ធំ​​លំដាប់​ទី​ ៣ បន្ទាប់ពី​ទីក្រុង​ប៉ារីស និង​ទីក្រុង​លីយ៉ុង​។

លោក​ថ្លែងថា​៖ «​គណៈមេធាវី​នៃ​ទីក្រុង Marseille ជា​គណៈមេធាវី​ធំ​ទី​ ៣ ដែលមាន​សមាជិក​រហូត​ទៅដល់ ២ ៦០០ នាក់​។ ការចុះ​កិច្ចព្រមព្រៀង​សហការ​ជាមួយ​គណៈមេធាវី​យើង គឺ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​រវាង​ភាគី​ទាំង​ ២ ឱ្យ​កាន់តែ​ជិតស្និទ្ធ និង​ចូលរួម​បង្កើត​ការបណ្ដុះបណ្ដាល​ ឬក៏​សិក្ខាសាលា​ទៅលើ​ប្រធានបទ​ច្បាប់​ ឬ​ប្រធានបទ​ពាក់ព័ន្ធ​ទៅនឹង​ការប្រកប​វិជ្ជាជីវៈ​មេធាវី​»​។

លោក​មេធាវី សុវឌ្ឍនា បាន​លើកឡើងថា លទ្ធផល​នៃ​កិច្ចសហប្រតិបត្ដិការ​នេះ​គឺជា​គោលនយោបាយ​មួយ​នៃ​គោលនយោបាយ​ទាំង​ ៨ ចំណុច​របស់លោក​ លី ច័ន្ទតុលា ដែល​គោលនយោបាយ​នេះ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​ទំនាក់ទំនង​កិច្ចសហប្រតិបត្ដិការ​ជាមួយ​ស្ថាប័ន​ជាតិ និង​ស្ថាប័ន​អន្តរជាតិ​៕