
ទីតាំងស្ដុបនៅភ្នំពេញដែលគ្រោងដាក់ឱ្យមានសំឡេងរោទ៍។ ហេង ជីវ័ន
ភ្នំពេញៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងនឹងរៀបចំដាក់ឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុប ពិសេសនៅរាជធានីភ្នំពេញដើម្បីបង្កលក្ខណៈងាយស្រួលដល់ជនពិការភ្នែកអាចធ្វើដំណើរឆ្លងកាត់តាមស្តុបប្រកបដោយសុខសុវត្ថិភាព។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានថ្លែងនៅថ្ងៃទី ២០ ខែមេសាថា គម្រោងរៀបចំដាក់ឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុបគឺមានចែងក្នុងផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៩ -២០២៣ រួចហើយ ប៉ុន្តែនៅរង់ចាំតែការអនុវត្តប៉ុណ្ណោះ។
លោកបានបន្តថា ដើម្បីឱ្យការអនុវត្តនេះអាចធ្វើទៅបានក្នុងពេលឆាប់ៗនេះ អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការត្រូវជជែកជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដើម្បីវិភាគលើការប្រើប្រាស់ភ្លើងស្តុបថា តើត្រូវប្រើយន្តការយ៉ាងណា?
មួយវិញទៀតក៏នឹងត្រូវជជែកជាមួយអង្គការដៃគូដែលក្នុងនោះមានអង្គការ JICA ផងដែរ ព្រោះអង្គការនេះមានជំនាញក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងការជួយដល់រាជរដ្ឋាភិបាលទៅលើផ្លូវថ្នល់ជាច្រើន។
លោកថ្លែងថា៖ «យន្តការ ២ ដែលយើងនឹងត្រូវធ្វើ ទី ១ យើងជជែកគ្នាជាមួយសាលារាជធានីភ្នំពេញ ទី ២ យើងជជែកគ្នាជាមួយដៃគូអភិវឌ្ឍន៍រួមមាន JICA ឬមួយក៏ស្ថានទូតអូស្ត្រាលីហ្នឹងដើម្បីវិភាគថាតើពួកគាត់អាចជួយយើងនៅក្នុងកម្រិតណាបាន ប៉ុន្តែផែនការរបស់រាជរដ្ឋាភិបាលបានដាក់ចេញរួចហើយកាលពីឆ្នាំ ២០១៩ កន្លងមក» ។
លោក ឯម ច័ន្ទមករា បានឱ្យដឹងថា បច្ចុប្បន្ននេះសំឡេងរោទ៍នៅតាមផ្លូវសាធារណៈមិនទាន់មាននៅឡើយទេ ប៉ុន្តែមាននៅតាមក្រុមហ៊ុនឯកជន ដូចជា នៅផ្សារទំនើបអ៊ីអន និងផ្សារទំនើបផ្សេងៗមួយចំនួនផងដែរ។
លោកថា៖ «សំឡេងហ្នឹងគឺចាប់ផ្តើមមាននៅក្នុងផ្សារទំនើបមួយចំនួននៅក្នុងរាជធានី-ភ្នំពេញហើយ អ៊ីចឹងយើងចង់ឱ្យការប្រើប្រាស់សំឡេងសម្រាប់ជនពិការមាននៅតាមស្តុប។ តាមស្តុបហ្នឹងគឺគេដាក់សំឡេងទីត ទីត សម្រាប់អ្នកឆ្លងស្តុបនីមួយៗជាផែនការរបស់យើងគឺត្រូវធ្វើយ៉ាងណាឱ្យចាប់ផ្តើមមាន ១ ឬ ២ ជាគំរូនៅក្នុងនៅរាជធានីភ្នំពេញ» ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជាបានថ្លែងនៅថ្ងៃទី ២០ ខែមេសាថា ការដែលក្រសួងសង្គមកិច្ចរៀបចំឱ្យមានសំឡេងរោទ៍នៅតាមភ្លើងស្តុបនៅទីប្រជុំជនដូចជានៅរាជធានីភ្នំពេញជាដើមគឺជារឿងល្អ។
លោកបានលើកឡើងថា តាមបទពិសោធរបស់លោកដែលធ្លាប់ធ្វើដំណើរក្នុងប្រទេសជាច្រើន សង្កេតឃើញថា ពេលភ្លើងស្តុបមិនសូវមានច្រើន គេមិនសូវធ្វើស្ពានហោះ [ស្ពានអាកាស] នោះទេ ព្រោះមិនសូវមានប្រជាពលរដ្ឋឆ្លងកាត់ច្រើន ហើយការចំណាយ និងអត្ថប្រយោជន៍ដែលនឹងទទួលបានមិនស៊ីគ្នា។ លោកថ្លែងថា៖ «ឥឡូវហ្នឹងគេធ្វើភ្លើងស្តុបមានកុងតាក់សម្រាប់ចុចដែលឱ្យអ្នកដំណើរឆ្លងកាត់ហើយអ្នកបើកម៉ូតូឡានត្រូវតែឈប់ពេលដែលភ្លើងស្តុបសម្រាប់អ្នកឆ្លងកាត់ចេញសញ្ញាពណ៌បៃតង» ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជាក៏បានថ្លែងនៅថ្ងៃទី ២០ មេសាដែរថា លោកគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងសង្គមកិច្ចព្រោះនេះជាជំហានមួយជំរុញឱ្យបងប្អូនជនពិការអាចមានលទ្ធភាពទទួលបានសេវាចរាចរណ៍ដូចអ្នកទៃ។ ប៉ុន្តែយ៉ាងណាក្ដី លោកថា រដ្ឋាភិបាលគួរតែជំរុញយន្តការ ឬគំនិតផ្តួចផ្តើមផ្សេងៗទៀត ដើម្បីរៀបចំឱ្យមានបរិយាកាសល្អប្រសើរសមស្របសម្រាប់ជនពិការក្នុងការដោះស្រាយបញ្ហារបស់ពួកគាត់។
លោកថ្លែងថា៖ «ជនពិការជាជនងាយរងគ្រោះដែលតម្រូវឱ្យរដ្ឋក៏ដូចជាដៃគូពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់ជាងអ្នកដទៃ អ៊ីចឹងការរៀបចំយន្តការ ឬក៏ការបង្កបរិយាកាសផ្តល់ជំនួយបន្ថែមដល់ក្រុមងាយរងគ្រោះទាំងនោះ។ ខ្ញុំគិតថា នោះជាអ្វីដែលយើងគួរធ្វើបន្ថែមទៀត ដើម្បីលើកកម្ពស់ភាពស្មើភាពគ្នារបស់ជនងាយរងគ្រោះ ក្នុងនោះមានជនចាស់ជរាផងដែរ»។
លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច បានបញ្ជាក់ដែរថា កម្ពុជាក្រោមការយកចិត្តទុកដាក់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងយកចិត្តទុកដាក់ជួយប្រជាជនមិនថា តែជនមានពិការភាពនោះទេ សូម្បីជនក្រីក្រ និងជនងាយរងគ្រោះផ្សេងៗទៀតក៏យកចិត្តទុកដាក់ដែរ។ លោកបន្តថាគម្រោងដាក់សំឡេងរោទ៍តាមភ្លើងស្តុបនេះជារឿងដែលត្រូវយកចិត្តទុកដាក់ ទោះបីមានជនពិការតិច ឬច្រើនឆ្លងកាត់ក៏ដោយ នេះជាការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលដែលមានកាតព្វកិច្ចក្នុងការធ្វើឱ្យប្រទេសដែលហៅថា «ប្រទេសមួយសម្រាប់អ្នកទាំងអស់គ្នា»៕