ភ្នំពេញៈ ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែងថា លោក​អាច​នឹងធ្វើ​ការពិចារណា លើកលែង​ការពាក់​ម៉ាស់​សម្រាប់​ប្រជាពលរដ្ឋ​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​មួយចំនួន​ទៀត ក្រៅពី​ខេត្ត​ចំនួន​ ៤ ដែល​លោក​បានប្រកាស​មិនចាំបាច់​ឱ្យមាន​ការពាក់​ម៉ាស់​ក្នុង​ខេត្ត​ទាំងនោះ​។

លោក​មានប្រសាសន៍​ដូចនេះ នា​ព្រឹក​ថ្ងៃទី​ ២០ ខែមេសា ក្នុង​ពិធី​សម្ពោធ​សមិទ្ធផល​នានា ដែលជា​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​ ៤​។

លោក​លើកឡើងថា ៖ «២ ​ឆ្នាំ​ជាប់​គ្នា បងប្អូន​យើង មិនបាន​លេង​ចូលឆ្នាំ​ទេ ប៉ុន្តែ​បងប្អូន​ពេលនេះ ទើប​អាច​យល់បាន​ថា ហេតុអី​បាន​ ហ៊ុន សែន រារាំង​មិនឱ្យ​មានការ​ជួបជុំ ក្នុង​អំឡុងពេល​ចូលឆ្នាំ ក្នុង​ឆ្នាំ​ ២០២០ ​និង​ ២០២១ គឺ​គ្មានអ្វី​ក្រៅពី​ការ​ការពារ​ជីវិត​របស់​បងប្អូន​តែប៉ុណ្ណោះ ហើយ​ជីវិត​គង់វង្ស​នេះហើយ ដែល​ឆ្នាំ​ ២០២២​ នេះ គឺ​បងប្អូន​បាន​លេង​ចូលឆ្នាំ​នេះ​»​។

លោក​បញ្ជាក់ថា នៅ​មុនពេល​ចូលឆ្នាំ​មកដល់​លោក​បានប្រកាស​ដាក់​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និង​ខេត្តព្រះវិហារ​មិន​ដាក់​កាតព្វកិច្ច​ពាក់​ម៉ាស់​ទេ​គឺ​ទុកឱ្យ​បងប្អូន​ធ្វើការ​ជ្រើសរើស ប៉ុន្តែ​ក្នុងអំឡុងពេល​ចូលឆ្នាំ​នេះ​ខេត្ត​ផ្សេងទៀត ក៏​មិនមាន​អ្នក​ពាក់​ម៉ាស​ដែរ​។

លោក ហ៊ុន សែន មាន​ប្រសាសន៍​ថា៖ «​ខ្ញុំ​មាន​ផែនការ ក្នុងការ​កាត់បន្ថយ​នូវ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​តាមរយៈ​ការពាក់​ម៉ាស់​នៅ​តំបន់​ផ្សេងទៀត​ក្រៅពី​ខេត្ត​ទាំង​ ៤​ នឹង​អាច​ពង្រីក​ទៅ​ខេត្ត​ដទៃ ហើយ​ខេត្ត​ខ្លះ​ត្រូវ​កាត់​យក​ស្រុក​ចេញ ដោយ​ទុកឱ្យ​ពលរដ្ឋ​ពាក់​ម៉ាស់​តែ​នៅ​ទីប្រជុំជន ហើយ​ពេលខ្លះ អាច​ផ្អាក​ពាក់​ម៉ាស់​នៅក្រៅ​អគារ ប៉ុន្តែ​ត្រូវ​ពាក់​ម៉ាស់​នៅពេល​ចូលក្នុង​អគារ​។ យើង​នឹង​ធ្វើការ​ពិនិត្យ​តាម​ជំហាន​នីមួយៗ​»​។

ទាក់ទង​នឹង​ការវាយតម្លៃ​ថា​តើ​អាច​នឹងមាន​ការឆ្លង​រាលដាល​នៃ​មេរោគ​កូវីដ​ ១៩ បន្ទាប់ពី​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​នេះ​ឬ​យ៉ាងណា លោក ហ៊ុន សែន បាន​បញ្ជាក់ថា ការតាមដាន​សភាពការណ៍​គឺ​ស្ថិតក្នុង​រង្វង់​ប្រមាណ​ជា​ ១០ ​ថ្ងៃ​ទៀត សម្រាប់​ការវាយតម្លៃ​ពី​ការឆ្លង​នេះ​បាន​។

លោក​ថា៖ «​សម្រាប់​ខ្ញុំ មិន​អត្តនោម័ត​ទេ ពេលនេះ​ខ្ញុំ​អាច​វាយតម្លៃ​បាន​ថា ភាពស៊ាំ​សហគមន៍​យើង​ខ្ពស់​ណាស់​បើ​មិន​អ៊ីចឹង​ទេ​មនុស្ស ១ ០០០ ​នាក់​ដែល​មក​ចូលរួម​ក្នុង​ពិធី​ថ្ងៃនេះ មិនមែន​រកឃើញ​ឆ្លង​តែ​ម្នាក់​ទេ ហើយ​ដែល​ភាគច្រើន​នៃ​អ្នក​ទាំងអស់នេះ​គឺ​ដើរលេង​ចូលឆ្នាំ​»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា នៅពេល​ដែល​ភាពស៊ាំ​សហគមន៍ កាន់តែ​រឹងមាំ នោះ​កាតព្វកិច្ច​ពាក់​ម៉ាស់​គឺ​មិនចាំបាច់​ទៀតឡើយ​។ នាឱកាស​នោះដែរ លោក ហ៊ុន សែន ក៏បាន​លើកឡើង​នូវ​កត្តា​ ៦ ​ចំណុច ដែលនាំឱ្យ​ពលរដ្ឋ​សប្បាយរីករាយ​បាន​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី ប្រពៃណី​ជាតិខ្មែរ​ឆ្នាំនេះ ដែល​ក្នុងនោះ​រួមមាន​កត្តា​សុខ​សន្តិភាព កត្តា​ហេដ្ឋារចនាសម្ព័ន្ធ កត្តា​មធ្យោបាយ​ធ្វើដំណើរ​កាន់តែ​ច្រើន កត្តា​ប្រាក់ចំណូល កត្តា​កើតឡើង​នូវ​តំបន់​ទេសចរណ៍​ថ្មី​ដែល​ហៅថា ទេសចរណ៍​ផ្សារភ្ជាប់​ទឹកដី និង​កត្តា​ភាពស៊ាំ​សហគមន៍ ដែល​កើតចេញ​មកពី​ការខិតខំ​របស់​រាជរដ្ឋាភិបាល និង​ការចូលរួម​របស់​ប្រជាជន​ក្នុង​ការចាក់​វ៉ាក់សាំង​។

ការចូល​ឆ្នាំ​កន្លងទៅនេះ គឺអាច​ចាត់ទុកថា ជាការ​ចូលឆ្នាំ​ដែល​ខុសប្លែក​ពី​ធម្មតា ដោយ​លោក​គិតថា ហាក់ដូចជា​បាន​ប្រៀបធៀប​ទៅនឹង​ព្រឹត្តិការណ៍ ៧ មករា​ឆ្នាំ​ ១៩៧៩ ដែល​ប្រជាជន​ចេញពី​របប​ ប៉ុល ពត​ បន្ទាប់​ទៅ​ក៏​ប្រៀបធៀប​បាន​ទៅនឹង​ការបញ្ចប់​សង្គ្រាម​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ តាមរយៈ​នយោបាយ​ឈ្នះ ឈ្នះ ដែល​ប្រជាជន​សាទរ​ក្នុង​ការដែល​ប្រទេសមួយ​អត់​សង្គ្រាម​។

លោក​ថា​៖ «​ថ្ងៃ​ចូល​ឆ្នាំនេះ ហាក់ដូចជា​ប្រជាជន​យើង បាន​ចេញពី​ការគាបសង្កត់​រយៈពេល​ជាង​ ២ ​ឆ្នាំ ដោយ​កូវីដ​ ១៩ អត់​បាន​ចូលឆ្នាំ​។ ខ្ញុំ​បានប្រកាស​តាំងពី​ខែ​ ២ ពី​ការ​ប្តូរផ្តាច់​ឱ្យ​ប្រជាជន​កម្ពុជា​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឱ្យ​ខាងតែបាន​»​។

ដោយឡែក​លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ថ្លែង​កាលពី​ថ្ងៃទី​ ១៩ មេសា ក្នុង​ពិធី​សម្ពោធ​អគារសិក្សា ​១ ​ខ្នង និង​សមិទ្ធផល​នានា ក្នុង​វិទ្យាល័យ សុខ អាន ដូង​ខ្ពស់​បូរី​ជលសារ ក្នុងស្រុក​បូរី​ជលសារ​ខេត្តតាកែវ​ថា​៖ «​ប្រជាជន​ទូទាំង​ប្រទេស​បាន​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ ដែល​ត្រូវបាន​ប្រារព្ធ​ទ្បើង​យ៉ាង​អធិកអធម​ដោយ​ទំនុកចិត្ត​ខ្ពស់ និង​មិនមាន​ការភ័យខ្លាច គឺ​ខុសពី​កាលពី​ខែមេសា ឆ្នាំ​ ២០២១ កន្លង​ទៅដោយ​ក្នុង​កាលៈទេសៈ​នោះ ប្រជាពលរដ្ឋ​កម្ពុជា ក៏​ដូចជា​នៅ​ទូទាំង​ពិភពលោក​កំពុង​ជាប់​មមាញឹក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរីក​រាលដាល​គួរឱ្យ​ព្រួយបារម្ភ​នៃ​ជំងឺ​កូវីដ​ ១៩»​។

លោក ហ៊ុន ម៉ាណែត ថា ការគ្រប់គ្រង​ស្ថានការណ៍​ប្រកប​ដោយ​ជោគជ័យ​នេះ មិន​បាន​កើតទ្បើង​ដោយ​ចៃដន្យ​នោះទេ តែ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​យក​អស់កម្លាំង​កាយ​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី មន្ត្រីរាជការ កងទ័ព​អាវ​ស និង​កងកម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ រួម​នឹង​ប្រជាពលរដ្ឋ​ក្នុងការ​ប្រយុទ្ធ​ក្នុង​សង្គ្រាម​មេរោគ​រាតត្បាត​ដ៏​តឹងតែង​មួយ​នេះ​រហូត​នាំ​កម្ពុជា​ឱ្យ​ឈរ​ចំណាត់​ថ្នាក់ខ្ពស់ ក្នុង​ពិភពលោក​ក្នុង​នាម​ជា​ប្រទេស​ដែលមាន​សមត្ថភាព​ស្តារ​ខ្លួន​ងើប​ចេញពី​ជំងឺ​កូវីដ​ ១៩៕