ភ្នំពេញៈ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​ ២០២២​ នេះ​មាន​មនុស្ស​ប្រមាណ​ជាង​ ២០០ ​នាក់ បាន​ស្លាប់​ដោយសារ​ករណី​ធ្វើអត្តឃាត​នៅ​ទូទាំងប្រទេស​កម្ពុជា​ក្នុង​នោះ​រាជធានី​ភ្នំពេញ​ត្រូវបាន​កត់ត្រា​នូវ​ចំនួន​អ្នកស្លាប់​ក្នុងករណីនេះ​ច្រើនជាងគេ​។ នេះ​បើ​យោងតាម​ទិន្នន័យ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ពី​អគ្គស្នងការ​នគរបាល​ជាតិ កាលពី​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០២២​។ ទិន្នន័យ​នោះបាន​បង្ហាញថា​៖ «​ករណី​អត្តឃាត​បានកើត​ឡើង​ចំនួន​២៤៧​លើក បណ្ដាលឱ្យ​មនុស្ស​ចំនួន​២៤២​នាក់​ស្លាប់ និង​៥​នាក់​ទៀត​រងរបួស​នៅក្នុង​រាជធានី​ខេត្ត​ទូទាំងប្រទេស លើកលែងតែ​ខេត្ត​កែប និង​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ​ដែល​គ្មាន​ករណីនេះ​កើតឡើង​»​។

តាមរយៈ​ទិន្នន័យ​ដដែល​នោះ រាជធានី​ភ្នំពេញ​ជាប់​ចំណាត់ថ្នាក់ លេខ​រៀង​ទី​១ ដែលមាន​ករណី​ធ្វើអត្តឃាត​ចំនួន​ ៣១ ​លើក បណ្ដាល​ឱ្យ​មនុស្ស​ ៣០​ នាក់​ស្លាប់ និង​ម្នាក់ទៀត​រងរបួស ខណៈ​ខេត្តបន្ទាយមានជ័យ​ជាប់​ចំណាត់ថ្នាក់​ទី២ ដែលមាន​មនុស្ស​ ២៩ ​នាក់​ស្លាប់​ដោយ​ករណី​ធ្វើអត្តឃាត​។ បន្ទាប់មក​គឺ​ខេត្តកំពង់ចាម​ជាប់​ក្នុង​លំដាប់​លេខ​រៀង​ទី​៣ ដែលមាន​មនុស្ស​ ២៥​ នាក់​ស្លាប់​ដោយ​ការធ្វើអត្តឃាត​ និង ខេត្តបាត់ដំបង​ជាប់​លេខ​រៀង​ទី៤ ដែលមាន​មនុស្ស​ស្លាប់ ១៨​ នាក់ និង ៣​ នាក់​ទៀត​រងរបួស​។ កាលពី​រសៀល​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ​ ២០២២ បុរស​វ័យ​ ៣០ ​ម្នាក់ ឈ្មោះ ឆន ចាន់ មាន​លំនៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោរម្យ ក្រុង​សែនមនោរម្យ ខេត្តមណ្ឌលគិរី បានធ្វើ​អត្តឃាត​ខ្លួន ដោយ​យក​កាំបិត​ចិតបន្លែ​មក​អារក​របស់ខ្លួន​រហូត​ដល់​ស្លាប់​។ នេះ​បើតាម​ការ​ប្រាប់​ឱ្យដឹងពី​អាជ្ញាធរ​មូលដ្ឋាន​។

លោក ស៊ុត ឆៃយ៉ា នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​មនោរម្យ ថា​៖ «​ជនរងគ្រោះ ជា​មនុស្ស​វិល​កល​ចរិត ដោយសារ​កន្លងមក​ជនរងគ្រោះ​បាន​លួច​ប្រើប្រាស់​គ្រឿងញៀន និង​ផឹកស្រា​ច្រើន​ហួសប្រមាណ​»​។

បើតាម​លោក ឆៃយ៉ា ជនរងគ្រោះ​បាន​ប៉ុនប៉ង​ធ្វើអត្តឃាត​ខ្លួន​ជាច្រើន​ដង​មកហើយ​ដោយ​ចងក ប៉ុន្តែ​មិនបាន​សម្រេច​ដោយ​ក្រុមគ្រួសារ​របស់គេ បានឃើញ​ និង​ជួយសង្គ្រោះ​ទាន់ពេល​។

យោងតាម​ការសិក្សា​របស់​អង្គការ​សុខភាព​ពិភពលោក​ហៅ​កាត់​ថា WHO ករណី​ធ្វើអត្តឃាត​បាន​កើនឡើង​ជា​បន្តបន្ទាប់ ចាប់តាំងពី​ឆ្នាំ​ ២០១៦ មក​។ ដោយឡែក​នៅក្នុង​ប្រទេស​កម្ពុជា ករណីនេះ​បាន​ផ្ទុះឡើង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ​ ២០១៨ ដោយមាន​អ្នកស្លាប់​ក្នុងករណី​ធ្វើអត្តឃាត​ចំនួន ៨៣៦ ​នាក់ ស្មើនឹង​ ១,០២ ​ភាគរយ​នៃ​ចំនួន​អ្នកស្លាប់​ដោយ​ជំងឺ​មិនឆ្លង​ ១ ​សែន​នាក់ ប៉ុន្តែ​បច្ចុប្បន្ន​ចំនួន​អ្នកស្លាប់​ដោយ​ករណី​អត្តឃាត​បាន​កើនឡើង​ដល់​ ៥,៨៧​ ភាគរយ​។ ​ភាគច្រើន​អ្នកធ្វើ​អត្តឃាត គឺជា​យុវជន​ដែលមាន​អាយុ​ចន្លោះ​ពី​ ១៥ ​ឆ្នាំ ទៅ​ ១៩ ​ឆ្នាំ​។

បញ្ហា​នេះ​មិន​ត្រឹម​ជា​បញ្ហា​របស់​ប្រទេស​អ្នកមាន​នោះឡើយ​។ WHO បាន​ប៉ាន់ប្រមាណ​ថា ករណី​ធ្វើអត្តឃាត​របស់​ក្មេង​ជំទង់​ជាង​ ៩០​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៦ កើតឡើង​ក្នុងប្រទេស​មាន​ចំណូល​ទាប និង​មធ្យម​ខណៈពេល​ដែល​មនុស្សវ័យ​ក្មេង​ដែលមាន​បញ្ហា​ជំងឺផ្លូវចិត្ត​ធ្ងន់ធ្ងរ​នៅក្នុង​ប្រទេស​មាន​ចំណូល​ទាប​ជារឿយៗ​ខកខាន​ពុំបាន​ទទួល​ការព្យាបាល​ និង​ការគាំទ្រ​នានា​ពី​សហគមន៍​។ ទន្ទឹមនឹងនេះ គេ​ក៏​ពុំ​ឃើញ​មាន​ប្រទេស​ណាមួយ​នៅក្នុង​ពិភពលោក​អះអាងថា បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ជោគជ័យ​នៅឡើយ​។

បើតាម​សម្ដី​របស់លោក Shekhar Saxena អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​របស់ WHO បានឱ្យ​ដឹងថា​ «​បើ​យើង​និយាយ​ដល់​បញ្ហា​សុខភាព​ផ្លូវចិត្ត​ប្រទេស​ទាំងអស់​សុទ្ធតែជា​ប្រទេស​កំពុងអភិវឌ្ឍន៍​។ ខណៈពេល​ប្រទេស​មាន​ចំណូល​ទាប និង​ចំណូល​មធ្យម​ភាគច្រើន​ចំណាយ​ប្រាក់​មិន​ដល់​ ១​ ភាគរយ​នៃ​ថវិកា​សម្រាប់​វិស័យ​សុខាភិបាល​សរុប​របស់​ខ្លួន​លើ​បញ្ហា​សុខភាព​ផ្លូវចិត្ត​ប្រទេស​មាន​ចំណូល​មធ្យម​ចំណាយ​ត្រឹមតែ​ចន្លោះ​ពី ៤-៥ ភាគរយ​តែប៉ុណ្ណោះ​ហើយ​នេះ​បង្ហាញ​កាន់តែ​ជាក់ច្បាស់​ថា​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ​ត្រូវ​ការផ្ដល់​អាទិភាព​បន្ថែមទៀត​នៅ​ទូទាំង​សកលលោក​»​។

យ៉ាងណាក៏ដោយ លោក​វេជ្ជបណ្ឌិត យឹម សុ​បុត្រា អ្នកឯកទេស​វិកល​វិទ្យា​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូវៀត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង និង​គ្រឿងញៀន​បាន​ធ្វើឱ្យ​មនុស្ស​មួយចំនួន ជាពិសេស​មនុស្ស​វ័យ​ជំទង់​បាន​ធ្លាក់ខ្លួន​ចូលទៅក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ​រ៉ាំរ៉ៃ ឬ វិកលចរិត ហើយ​បាន​ជំរុញ​ឱ្យ​ពួកគេ​ហ៊ាន​ធ្វើអត្តឃាត​។

លោក​បាន​បន្តថា​៖ «​ប៉ុន្តែ​អ្នកជំងឺ​វិកលចរិត​រ៉ាំរ៉ៃ និង​ជំងឺ​បាក់​ទឹកចិត្ត​ធ្ងន់ធ្ងរ ដោយសារ​កង្វះ​ការលើកទឹកចិត្ត ភាពក្រីក្រ ឬ​ការ​ទទួលរង​នូវ​អំពើហិង្សា​នានា ច្រើន​ហួសប្រមាណ និង​ការរើសអើង​ក៏​ជា​កត្តា​ជំរុញ​ឱ្យ​អ្នកជំងឺ​ងាយ​នឹង​ប្រព្រឹត្ត​អំពើ​អត្តឃាត​ផងដែរ​»​។

ចំណែក​លោក​បណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យ​ទស្សនវិជ្ជា​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​កម្ពុជា​បាន​លើកឡើងថា អ្នកធ្វើ​អត្តឃាត​ជា​​មនុស្ស​គិត​ខ្លី ខ្វះ​ការពិចារណា​រក​ខុស​ និង​ត្រូវឱ្យ​បានច្បាស់លាស់​។ តាមរយៈ​សារព័ត៌មាន កាសែត ទូរទស្សន៍ និង បណ្ដាញ​សង្គម ពេលខ្លះ​រឿង​តូចតាច​សោះ ប៉ុន្តែ​ពួកគេ​គ្មាន​ដំណោះស្រាយ ហើយ​បង្កើត​ភាព​តានតឹង​នៅក្នុង​ចិត្ត​ឱ្យ​រឹតតែ​ស្មុគស្មាញ ថែម​បន្ទុក​ពីលើ​អ្វីដែល​ខ្លួន​កំពុង​ជួបប្រទះ​រហូត​ដល់​ហ៊ាន​ទៅធ្វើ​អត្តឃាត ដោយ​ចងក លេបថ្នាំ លោតទឹក​ និង​លោត​ទម្លាក់ខ្លួន​ពីលើ​អគារ​ជាដើម​។

ទន្ទឹមនឹងនេះ លោក​ចាត់ទុក​អ្នកធ្វើ​អត្តឃាត​ដោយ​ចងក លេបថ្នាំ លោតទឹក​ និង​លោត​ទម្លាក់ខ្លួន​ពីលើ​អគារ ថា ជាម​នុស្ស​ «​អាត្មានិយម​»​។

ដោយឡែក លោក វ៉ាយ វិបុល អ្នកវិភាគ​សង្គម និង​សាសនា​បាន​និយាយថា តណ្ហា បង្កើត​នូវ​ទោសៈ មោហៈ និង លោភៈ ហើយ​វា​ជា​ប្រធាន​នៃ​សេចក្ដី​វិនាស​។ មនុស្ស​ដែលមាន​តណ្ហា​ក្រាស់ រមែង​វង្វេង ភ្លេច​ពី​គុណធម៌ និង​សីលធម៌ ហើយ​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ ដោយ​មិន​ខ្វល់​ពី​សេចក្ដី​វិនាស​នៅ​ចំពោះមុខ​នោះទេ​។

លោក​ថ្លែងថា​៖ «​អ្នក​ខ្វះ​សន្តិភាព​ផ្លូវចិត្ត រមែង​វង្វេង ភ្លេច​ពី​គុណធម៌ និង​សីលធម៌ ហើយ​ហ៊ាន​ប្រព្រឹត្ត​នូវ​អំពើ​ទាំងឡាយ ដើម្បី​ឱ្យបាន​ដូចដែល​ខ្លួន​ប៉ង​ចង់បាន​។ លុះ​មិនបាន​សម្រេច​ក៏​ធ្លាក់ខ្លួន​ឈឺ​រ៉ាំរ៉ៃ​បាក់​ទឹកចិត្ត​រហូត​ធ្វើអត្តឃាត​ខ្លួនឯង​»៕

វីដេអូ៖