ភ្នំពេញៈ គណបក្សនយោបាយ​មួយចំនួន​ដែល​បាន​ចុះបញ្ជី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​អាណត្តិ​ទី​ ៥ ឆ្នាំ​ ២០២២ បាន​ត្រៀម​ផែនការ​ ដើម្បី​បណ្តុះបណ្តាល​បន្ថែម​ជូន​ដល់​បេក្ខជន​ជាប់ឆ្នោត​ជា​មេឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​នូវ​គោលនយោបាយ​របស់​គណបក្ស តួនាទី​ភារកិច្ច និង​ច្បាប់ ខណៈ​គណបក្ស​កាន់​អំណាច​បាន​ថ្លែងថា បេក្ខជន​របស់ខ្លួន​មាន​បទពិសោធ​គ្រប់គ្រាន់ ក្នុង​ការអនុវត្តតាម​តួនាទី និង​ភារកិច្ច​ទៅតាម​ច្បាប់​។

លោក ថាច់ សេដ្ឋា អនុប្រធាន​គណបក្ស​ភ្លើងទៀន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩​ មេសា​ថា តាម​គម្រោង​គណបក្ស​ក៏មាន​ផែនការ​នៅក្នុង​ការបណ្តុះបណ្តាល​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​-​សង្កាត់ និង គោលនយោបាយ​របស់​គណបក្ស ដែល​បាន​ដាក់ចេញ​ជូន​ដល់​បេក្ខជន​ដែល​ទទួលបាន​ការគាំទ្រ និង​ជាប់ឆ្នោត​ជា​មេឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​នេះដែរ ដូចដែល​ធ្លាប់ធ្វើ​កាលពី​កន្លងមក បន្ទាប់ពី​ទទួលបាន​តំណែង​ជា​មេឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សា​។

លោក​ថ្លែងថា​៖ «​ថ្នាក់ដឹកនាំ​របស់​គណបក្ស​នៅតាម​បណ្តា​ខេត្ត​បាន​ពង្រឹង​បេក្ខជន​របស់​យើង​ផ្តោត​សំខាន់​លើ​គោលនយោបាយ​ឃុំ​-​សង្កាត់​របស់​យើង នៅពេល​បោះឆ្នោត យើង​នឹង​បញ្ជូន​សារ​នយោបាយ​ទៅតាម​បណ្តា​ឃុំ​-​សង្កាត់​ហើយ​យើង​នឹង​ចាប់ផ្តើម​ធ្វើជា​បន្តបន្ទាប់​នៅ​ទូទាំងប្រទេស​»​។

លោក​ ខឺយ ស៊ីនឿន អនុប្រធាន​គណបក្ស​ខ្មែរ​ស្រឡាញ់​ជាតិ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែមេសា​ថា ក្រោយពី​បេក្ខជន​របស់​គណបក្ស​ដែល​ទទួលបាន​ការគាំទ្រ និង​ជាប់ឆ្នោត​ជា​ចៅសង្កាត់ មេឃុំ និង​ក្រុមប្រឹក្សា​គណបក្ស​ក៏​នឹងមាន​ផែនការ​បណ្តុះបណ្តាល​ជូន​ដល់​ពួកគាត់​បន្ថែម​នូវ​ភារកិច្ច និង​កាតព្វកិច្ច ដែល​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ និង​ការពារ​ផលប្រយោជន៍​ស្របតាម​គោលការណ៍​ច្បាប់​។

លោក​បន្តថា​៖ «​ការបណ្តុះបណ្តាល​នេះ​ដើម្បី​បំពេញបន្ថែម​នូវ​អ្វីដែល​ពួកគាត់​មាន​ពីមុន និង​បំពេញបន្ថែម​នូវ​អ្វីដែល​ពួកគាត់​ត្រូវធ្វើ​នៅក្នុង​សាលាឃុំ និង​សង្កាត់​ឱ្យស្រប​ទៅតាម​គោលនយោបាយ​របស់​គណបក្ស និង គោលការណ៍​ច្បាប់​ដែល​រាជរដ្ឋាភិបាល​បានកំណត់​»​។

លោក​ ឡឹក សុធារ អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ក៏បាន​ថ្លែង​ដែរ​ថា សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​តែងតែ​រៀបចំ​វគ្គប​ណ្តុះបណ្តាល​ជាប្រចាំ ជូន​ដល់​បេក្ខជន​ឈរឈ្មោះ​ជា​ចៅសង្កាត់ និង​ជា​មេឃុំ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ គណបក្ស​បាន​បណ្តុះបណ្តាល​ដល់​បេក្ខជន ដែល​មាន​ការចាប់​អារម្មណ៍​ឈរឈ្មោះ​ជា​បេក្ខជន​មុននឹង​ការបោះឆ្នោត ឬ​ក្រោយ​បោះឆ្នោត មកដល់​ដោយ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​នឹង​របៀប​ធ្វើ​នយោបាយ​ថ្មី និង​ពី​សុចរិតភាព​នៃ​អ្នកនយោបាយ​។

លោក​បញ្ជាក់ថា​៖ «​នៅក្រោយ​ឈរឈ្មោះ​រួចហើយ យើង​ក៏​បណ្តុះបណ្តាល​បន្តទៀត ដោយ​បណ្តុះបណ្តាល​អំពី កិច្ចការ​ចូលរួម​ឃោសនា និង​កន្លងមកនេះ ក៏​យើង​ធ្វើ​ដែរ ដោយ​បណ្តុះបណ្តាល​បេក្ខជន​ដែល​បាន​ជាប់ ហើយ​បាននិងកំពុង​បម្រើ​ការងារ​ជូន​ប្រជាពលរដ្ឋ​ពី​ជំនាញ​តួនាទី​ដែល​មេឃុំ​ចាត់តាំង​ឱ្យ​គាត់​ធ្វើ​»​។

បើតាម លោក ឡឹក សុធារ ការបណ្តុះបណ្តាល​នេះ​ពិតជា​មាន​សារៈសំខាន់ ដើម្បី​ធានាថា បេក្ខជន​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ដែល​បាន​ជាប់ឆ្នោត គឺ​ត្រូវ​បម្រើ​ប្រជាពលរដ្ឋ ឱ្យ​មាន​គុណភាព សុចរិតភាព និង​មាន​សីលធម៌ ជាពិសេស​ដើម្បី​ធ្វើយ៉ាងណា​ឱ្យមាន​តម្លាភាព​ក្នុង​ការធ្វើ​កិច្ចការ​នៅក្នុង​ឃុំ​-​សង្កាត់​ស្របតាម​គោលនយោបាយ​របស់​គណបក្ស​។

លោក ញឿន រ៉ាដែន អ្នក​នាំពាក្យ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏បាន​ថ្លែង​ដែរ​ថា គណបក្ស​ហ៊្វុនស៊ិនប៉ិច​ក៏បាន​ត្រៀមខ្លួន​ ដើម្បី​ចូលរួម​បណ្តុះបណ្តាល​ដល់​បេក្ខជន ដែល​ជាប់ឆ្នោត​ជា​មេឃុំ ចៅសង្កាត់ និង​ក្រុមប្រឹក្សាឃុំ​- សង្កាត់​ពាក់ព័ន្ធ​នឹង​ការងារ​ចំពោះមុខ​ជាពិសេស​បណ្តុះបណ្តាល​អំពី​គោលនយោបាយ​គណបក្ស និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឃុំ សង្កាត់​។ លោក​ថ្លែងថា​៖ «​ជាមួយគ្នានេះ បេក្ខជន​របស់​យើង​ធ្លាប់មាន​បទពិសោធ និង​ធ្លាប់​បម្រើ​ការងារ​កន្លង​មក ជាពិសេស​ទទួល​បាន​ការអប់រំ​ខ្ពង់ខ្ពស់ ដែល​អាច​ទទួល​យកបាន និង​នៅ​ខែកក្កដា គណបក្ស​ហ៊្វុនស៊ិនប៉ិច​នឹង​រៀបចំ​ធ្វើការ​បណ្តុះបណ្តាល​ខ្នាត​ជាតិ នៅ​ទីស្នាក់ការ​បក្ស ដែល​នេះ គឺជា​កិច្ចការ​មួយ​ដ៏សំខាន់ សម្រាប់​បេក្ខជន​ និង​យុវជន​ទាំងមូល ដើម្បី​ត្រៀមខ្លួន​បម្រើ​កិច្ចការ​សង្គមជាតិ​»​។

ចំណែក លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែងថា បេក្ខជន​របស់​គណបក្ស​ប្រជាជនមាន​បទពិសោធ​គ្រប់គ្រាន់​ក្នុងការ​អនុវត្តតាម​តួនាទី និង​ភារកិច្ច​ទៅតាម​ច្បាប់​។ ទោះយ៉ាងណា​លោក​ឱ្យដឹងថា នៅក្រោយ​ការ​បោះឆ្នោត ក្រសួង​មហាផ្ទៃ​នឹង​រៀបចំ​ការបណ្តុះបណ្តាល​ទៅដល់​បេក្ខជន​ជាប់ឆ្នោត​ទាំងអស់ មិន​ថា អ្នក​ចាស់ ឬ​អ្នកថ្មី​នោះទេ​។ លោក​បញ្ជាក់ថា​៖ «​ដូច្នេះ ក្រសួងមហាផ្ទៃ មាន​ភារកិច្ច​អនុវត្ត​ផ្សព្វផ្សាយ បណ្តុះបណ្តាល​មន្ត្រី​នៅ​ថ្នាក់ក្រោម​ជាតិ ស្រប​ទៅតាម​ការរៀបចំ និង​ការប្រព្រឹត្ត​ទៅ​នៃ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដើម្បីឱ្យ​យល់ដឹង​អំពី​ភារកិច្ច ក្នុង​ការបំពេញ​ជូន​ប្រជាពលរដ្ឋ​មិន​ប្រកាន់​និន្នាការ​នយោបាយ​»​។

លោក សំ សុគន្ធាមី ប្រធាន​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​នីកហ្វិក​បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្តួចផ្តើម​ឱ្យមាន​ការបណ្តុះបណ្តាល​របស់​គណបក្ស​នយោបាយ​នានា​ជូន​ដល់​បេក្ខជន​ជាប់ឆ្នោត​របស់ខ្លួន​នៅតាម​បណ្តា​ឃុំ សង្កាត់ ព្រោះនេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ ដើម្បីឱ្យ​ពួកគាត់​មាន​សមត្ថភាព និង​ធ្វើការ​មាន​តម្លាភាព និង​ប្រសិទ្ធភាព ដែល​ទាំងអស់នេះ​នឹង​ផ្តល់​ផលប្រយោជន៍​ដល់​សហគមន៍ និង​មានការ​អភិវឌ្ឍ​នៅក្នុង​ឃុំ សង្កាត់​របស់ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​បេក្ខជន​ជាប់ឆ្នោត​ថ្មីថ្មោង​របស់​គណបក្ស​មួយចំនួន​ទាមទារ​ឱ្យមាន​ការបណ្តុះបណ្តាល​ជា​ចាំបាច់​ពី​តួនាទី និង​ភារកិច្ច និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឃុំ សង្កាត់ ដើម្បីឱ្យ​ពួកគាត់​មាន​សមត្ថភាព​អភិវឌ្ឍ​ឃុំ សង្កាត់​របស់ខ្លួន​»៕