
មន្ត្រី និងប្រជាការពារដែលបានទទួលអាយកូមពីថ្ងៃទី ១៩ មេសា។ រូបថត ហ្វេសប៊ុក
កំពតៈ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកពីគុណសម្បត្តិរបស់ប្រជាការពារថា ជាកម្លាំងស្នូល នៅថ្នាក់មូលដ្ឋាន ដែលបានដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ខណៈដែលលោកបានផ្តល់អាយកូមចំនួន ៥៦ គ្រឿង ដល់ប្រជាការពារនៅសង្កាត់កោះតូច ក្រុងបូកគោ។
លោក នេត្រ ភក្ត្រា ដែលក៏ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោផងនោះបានថ្លែងបែបនេះនៅក្នុងអំឡុងពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់វិទ្យុទាក់ទងចំនួន ៥៦ គ្រឿង ជូនប្រជាការពារចំនួន ៥៦ នាក់ក្នុងសង្កាត់កោះតូច ក្រុងបូកគោ នៅថ្ងៃទី ១៩ មេសា។
លោកគូសបញ្ជាក់ថា វិទ្យុទាក់ទងជាមធ្យោបាយមួយដ៏សំខាន់ សម្រាប់ទំនាក់ទំនងការពាររវាងប្រជាការពារ និងប្រជាការពារ និងកម្លាំងមានសមត្ថកិច្ចដើម្បីប្រសិទ្ធភាពការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ជាពិសេសចូលរួមរក្សាសណ្ដាប់ធ្នាប់របៀបរៀបរយ និងធ្វើយ៉ាងណាឱ្យភូមិសង្កាត់ មានសុវត្ថិភាព កាន់តែផ្តល់ភាពកក់ក្តៅបន្ថែមទៀតក្នុងការរស់នៅដល់ប្រជាពលរដ្ឋក្នុងម្លប់សុខសន្តិភាព។
ក្នុងឱកាសនោះលោក ភក្ត្រា បានអរគុណដល់ប្រជាការពារចំពោះការលះបង់ពេលវេលា កម្លាំងកាយចិត្ត ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់របស់ខ្លួន។ លោកថ្លែងថា៖ «ក្រុមប្រជាការពារជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់ ហើយកម្លាំងនេះក៏ជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍-រដ្ឋបាល នគរបាលសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតឡើងក្នុងមូលដ្ឋាន»។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថាន ប្រជាធិបតេយ្យកម្ពុជាថ្លែងនៅថ្ងៃទី ២០ ខែមេសាថា ជាការពិតប្រជាការពារមានតួនាទីរួមចំណែកនៅក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ប៉ុន្តែតាមការសង្កេតរបស់លោកកន្លងមកហាក់បីដូចជាមិនមានការបែងចែកច្បាស់លាស់រវាងតួនាទីរបស់ប្រជាការពារ និងសមត្ថកិច្ចនគរបាល ឬកម្លាំងអាវុធហត្ថ ក្នុងការការពារសន្តិសុខ ឬអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
ប្រជាការពារខ្លះបានប្រើអំណាចរបស់ខ្លួនហួសព្រំដែន ដោយធ្វើសកម្មភាពសួរនាំ ឬដើរឈ្លបនៅតាមផ្ទះប្រជាពលរដ្ឋដោយសំអាងថា ពលរដ្ឋពាក់ព័ន្ធការចូលរួមកិច្ចការងារសង្គម ឬនយោបាយដែលសកម្មភាពបែបនោះបង្កឱ្យមានការភ័យខ្លាច ឬគំរាមកំហែងរំលោភបំពានដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
លោកថា៖ «ខ្ញុំស្នើឱ្យក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងមហាផ្ទៃ គួរតែពិនិត្យមើលអំពីកាតព្វកិច្ចតួនាទីក៏ដូចជាក្រមសីលធម៌របស់ប្រជាការពារឡើងវិញ ដើម្បីកុំឱ្យមានបាតុភាពអវិជ្ជមានកើតឡើងចេញពីការបំពេញតួនាទីរបស់ប្រជាការពារ ដែលប្រាស់ចាកអំពីគោលដៅរួម ដែលបង្កឱ្យមានលក្ខខណ្ឌប្រកបដោយសន្តិសុខដល់ប្រជាពលរដ្ឋនៅតាមភូមិ»។
លោកនាយឧត្តមសេនីយ៍ ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងនៅថ្ងៃទី ២០ ខែមេសាថា កម្លាំងសមត្ថកិច្ច និងកម្លាំងប្រជាការពារ គឺមិនដូចគ្នាទេ ហើយការបែងចែកតួនាទីទទួលខុសត្រូវ ក៏ខុសគ្នាដែរ ថ្វីបើសម្លៀកបំពាក់មានពណ៌ដូចគ្នា។ ប្រជាការពារ មាននាទីសំខាន់ក្នុងការរក្សាសណ្តាប់ធ្នាប់របៀបរៀបរយ មិនមែនជានគរបាលយុត្តិធម៌ទេ។ ទោះយ៉ាងណា លោកមិនបដិសេធចំពោះចំណុចខ្វះខាតមួយចំនួនរបស់ប្រជាការពារនោះទេ ព្រោះអ្វីៗតែងមានការខ្វះចន្លោះខ្លះ សូម្បីព្រះពោធិសត្វក៏មិនទាន់ឥតខ្ចោះនោះដែរ។ ហេតុនេះបើសិនប្រជាការពារមានការខុសឆ្គងយ៉ាងណាមួយនោះ ក្រសួងនឹងពិនិត្យស្រាវជ្រាវជាក់ស្តែង និងធ្វើការអប់រំណែនាំយ៉ាងណាឱ្យពួកគាត់អនុវត្តបានល្អឡើងវិញ។
លោក សុភគ៌ បញ្ជាក់ថា ប្រជាការពារពិតជាបានរួមចំណែកច្រើន ក្នុងកិច្ចការងារសណ្តាប់ធ្នាប់សង្គម ហេតុនេះមិនគួរចាំតែចាប់កំហុសបន្តុះបង្អាប់ពួកគាត់នោះទេ។ «ខ្ញុំទទួលស្គាល់ថាមានអ្នកខ្លះខូចមែន ប៉ុន្តែបើយើងទៅធ្វើបាប ឬជេរពួកគាត់ផ្តេសផ្តាស នោះវាមិនត្រូវទេ យើងត្រូវមានសីលធម៌ក្នុងខ្លួនផង។ អ្វីៗមិនចេះតែល្អគ្រប់សព្វនោះទេ ទោះមានអ្នកខូចខ្លះ ប៉ុន្តែគាត់បានរួមចំណែកច្រើនក្នុងការការពារ ពិសេសសណ្តាប់ធ្នាប់សាធារណៈ»៕