កោះកុងៈ នគរបាល​ព្រហ្មទណ្ឌ​ស្រុក​ស្រែអំបិល បាន​បញ្ជូន​បុរស​ម្នាក់​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​នៅ​ថ្ងៃទី​ ២០ ​មេសា បន្ទាប់ពី​ចាប់ខ្លួនបាន ​១ ​ថ្ងៃ ពាក់ព័ន្ធ​ករណី​រួមភេទ​ជាមួយ​កូនចុង មិនទាន់​គ្រប់​អាយុ​ដែល​ប្រព្រឹត្ត​នៅ​ឃុំ​ដងពែង ស្រុកស្រែ​អំបិល​។

លោក អ៊ី សារុំ នាយផ្នែក​ព្រហ្មទណ្ឌ​ស្រុកស្រែ​អំបិល​ឱ្យដឹង​នៅ​ថ្ងៃទី​ ២០ មេសា​ថា ជនសង្ស័យ​មានឈ្មោះ​ លិន ចាន់ណា អាយុ​ ៤១​ ឆ្នាំ​។ រីឯ​ក្មេងរងគ្រោះ​ឈ្មោះ ខ.រ.ណ អាយុ​ ១៥​ ឆ្នាំ​។ ជនសង្ស័យ​ត្រូវបាន​លោក​វរសេនីយ៍ឯក ហួន នុន អធិការនគរបាល​ស្រុកស្រែ​អំបិល​បំពេញ​កំណត់ហេតុ​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​នៅ​ថ្ងៃទី​ ២០ ​មេសា​។

លោក​ប្រាប់ថា​៖ « ករណីនេះ លោក​វរសេនីយ៍ឯក ហួន នុន បញ្ជា​ឱ្យកម្លាំង​ជំនាញ​ខ្ញុំ​ដឹក​ជនសង្ស័យ​ទៅ​ខេត្ត​នៅថ្ងៃនេះ​ (​ថ្ងៃទី​ ២០​ មេសា​)​។ ជនសង្ស័យ​ពាក់ព័ន្ធ​បទ​រួមភេទ​ជាមួយ​អនីតិជន​មិនទាន់​គ្រប់​អាយុ​»​។

លោក​រៀបរាប់​តាម​ម្តាយ​ក្មេងរងគ្រោះ​ថា រូបគាត់ និង​ជនសង្ស័យ​បាន​យកគ្នា​ជា​ប្តី​ប្រពន្ធ​តាំងពី​ឆ្នាំ​ ២០២០ មក​តែ​មិនបាន​រៀបការ​ ឬ​សែនព្រេន​អី​ទេ​។ ប៉ុន្តែ​ក្រោយពី​បានរស់នៅ​ជាមួយគ្នា​ប្រហែល​កន្លះ​ឆ្នាំ​មក​ស្ត្រី​ជា​ម្តាយ​បាន​យក​កូនស្រី​រងគ្រោះ​មក​នៅ​ជាមួយ​ ខណៈ​ដំបូង​នាង​រស់នៅ​ភូមិ​ផ្សេង​ទេ​។ ពេល​នោះដែរ​ស្ត្រី​រូបនោះ​មាន​ផ្ទៃពោះ​ជាមួយ​ជនសង្ស័យ ហើយ​ឆ្លៀតពេល​ប្រពន្ធ​មាន​ផ្ទៃពោះ ជនសង្ស័យ​បាន​សុំ​ស្រឡាញ់​ក្មេងរងគ្រោះ​ក្នុង​ឆ្នាំ​ ២០២១​។

លោក​បញ្ជាក់ថា ក្រោយពី​ឪពុកចុង​សុំ​ស្រឡាញ់​ញឹកញាប់​ពេក ក្មេងស្រី​រងគ្រោះ​ក៏​ទន់​ចិត្ត​ស្រឡាញ់​ឪពុកចុង​នោះដែរ​រហូត​បាន​រួមភេទ​ជាមួយគ្នា​ទៀតផង​។ ការស្រឡាញ់​គ្នា​នេះ​បាន​ឈានទៅ​បើក​មុខ​ចំហ ​ពោលគឺ​ក្មេងរងគ្រោះ​លែង​ខ្លាច​ម្តាយ រីឯ​ជនសង្ស័យ​ក៏​លែង​ខ្លាច​ប្រពន្ធ​ដែរ រហូត​ហ៊ាន​ដេក​ឱបថើប​គ្នា​នៅមុខ​ម្តាយ និង​ប្រពន្ធ​ផង​។ ដោយ​ទ្រាំ​នឹង​ទង្វើ​បែបនេះ​លែង​បាន​ពេលខ្លះ​ស្ត្រី​ជា​ម្តាយ​ក្មេងរងគ្រោះ​តែងតែ​យក​ទូរស័ព្ទ​ថត​នៅ​នឹង​មុខតែ​ម្តង​ពេល​ពួកគេ​ដេក​ឱប​គ្នា​នៅក្នុង​ផ្ទះ​។

បើតាម​លោក សារុំ ក្រោយមក ពួកគេ​បាន​នាំគ្នា​ទៅ​ធ្វើការ​នៅ​ភូមិ​ផ្សេង​ដែល​នៅក្នុង​តំបន់​ព្រៃ និង​បាន​រួមភេទ​ជាមួយ​គ្នា​ទៀត​រហូតដល់​ថ្ងៃទី​ ១៣ ​មេសា មុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ម្តាយ​បាន​ចាប់​កូនស្រី​វាយ ​(​ក្មេងរងគ្រោះ​) ​ហើយ​ស្ត្រី​ជា​ម្តាយ​ក៏បាន​នាំ​ក្មេងរងគ្រោះ​ទៅ​រស់នៅ​ភូមិ​វាលជើង ឃុំ​ស្រែអំបិល តែ​ក្មេងរងគ្រោះ​បាន​រត់​ចេញពី​ម្តាយ​ទៀត​។ ដោយ​ទ្រាំ​មិនបាន​ទើប​ស្ត្រី​ជា​ម្តាយ​ដាក់ពាក្យ​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្រែ​អំបិល​នៅ​ថ្ងៃទី​ ១៨​ មេសា ហើយ​ត្រូវបាន​លោក​អធិការ ហួន នុន បញ្ជា​ឱ្យកម្លាំង​ព្រហ្មទណ្ឌ​លោក​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​ថ្ងៃ​ដដែល​នោះ​។

លោក​ថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ប្រាប់​សមត្ថកិច្ច​លោក​ថា គាត់​បាន​រួមភេទ​ជាមួយ​កូនចុង​បាន​ ៣ ​ដង​នៅផ្ទះ និង​បាន​ ៣ ​ដង​ទៀត​នៅ​កន្លែងធ្វើការ​ក្នុងព្រៃ​។ ចំណែកឯ​ក្មេងស្រី​រងគ្រោះ​ក៏​និយាយប្រាប់​សមត្ថកិច្ច​ដែរ​ថា នាង​ស្រឡាញ់​ឪពុកចុង​នាង​ក្នុង​បំណង​យក​ធ្វើជា​ប្តី​ ហើយ​ឪពុកចុង​នាង​ក៏​មិនបាន​បង្ខំ​ ឬ​ចាប់​នាង​រំលោភ​ដែរ​តែ​ជាការ​ស្រឡាញ់គ្នា​ទៅវិញ​ទៅមក​៕