ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ឱ្យ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​ដូស​ទី​៣ និង​ទី​៤ ដោយ​តម្រង់​ឆ្ពោះ​ទៅតាម​កម្មករ​-​កម្មការិនី​នៅតាម​រោងចក្រ អ្នករកស៊ី​លក់ដូរ​នៅតាម​ទីផ្សារ និង​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ ដោយសារ​ទីតាំង​ទាំងនោះ​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ ដើម្បី​ឱ្យមាន​ភាពស៊ាំ​សហគមន៍​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​នា​ព្រឹក​ថ្ងៃទី​ ២០ ខែមេសា ដោយ​លោក​បាន​បន្ត​អំពាវនាវ​ចំពោះ​ប្រជាពលរដ្ឋ​បន្តទៅ​ទទួលយក​វ៉ាក់សាំង​ដូស​ជំរុញ​ជា​ដូស​ទី​ ៣​ ឬ​ដូស​ទី​ ៤ ពីព្រោះ​មកដល់ពេលនេះ​អ្នក​ចាក់​ដូស​ទី​ ៣ ​ទើបបាន​ជាង​ ៨​ លាន​នាក់​ក្នុងចំណោម​មនុស្ស​ដែល​ត្រូវ​ចាក់​ជាង​ ១៤ ​លាន​នាក់ ហើយ​ដូស​ទី​ ៤ ​បាន​ជាង ​១ ​លាន​នាក់​ប៉ុណ្ណោះ​។

លោក​មានប្រសាសន៍ថា​៖ «​អាជ្ញាធរ​ត្រូវខិតខំ​រៀបចំ​នូវ​យុទ្ធនាការ​នេះ​ដោយ​ប្រមូលផ្តុំ​តម្រង់​រក​រោងចក្រ ដោយ​សហការ​ជាមួយនឹង​ម្ចាស់​រោងចក្រ​ឱ្យ​កម្មករ​សម្រាក​ចាក់​វ៉ាក់សាំង ដោយសារ​នៅតាម​រោងចក្រ​ជា​កន្លែង​ដែល​ងាយ​រង​នូវ​ការឆ្លង ហើយ​បើ​កើតឡើង​វា​ធ្វើឱ្យមាន​ការលំបាក​»​។

លោក ហ៊ុន សែន ក៏បាន​ស្នើឱ្យ​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ត្រូវ​រៀបចំ​ធ្វើការ​សហការ​ជាមួយនឹង​បណ្តា​រោងចក្រ​ដើម្បី​ធ្វើ​កិច្ចការងារ​នេះ​ឱ្យ​បានល្អ​ក្នុងការ​ចាក់​សម្រុក​ជូន​ដល់​កម្មករ​-​កម្មការិនី​ដើម្បី​ការការពារ​ខ្លួន​ឱ្យ​បានល្អ​ដើម្បី​ចៀស​ផុតពី​ហានិភ័យ​នៃ​ការឆ្លង​។

ភាពស៊ាំ​សហគមន៍​គឺ​បានមកពី​ការចូលរួម​យ៉ាង​ធំធេង​របស់​ប្រជាពលរដ្ឋ ប៉ុន្តែ​ដោយសារ​តែ​ប្រជាពលរដ្ឋ​ខ្វះ​ការយល់ដឹង និង​ឃើញថា​ពុំមាន​អ្នកស្លាប់ និង​មាន​អ្នក​ឆ្លង​បន្ត ទើប​ធ្វើឱ្យ​ពួកគាត់​គិតថា ចាក់​តែ​ ២ ​ដូស​គឺ​គ្រប់គ្រាន់​ហើយ ប៉ុន្តែ​លោក​ ហ៊ុន សែន បាន​បញ្ជាក់ថា ចាក់​វ៉ាក់សាំង​ ២ ​ដូស នេះ អស់​ប្រសិទ្ធភាព​ហើយ ដែល​ត្រូវ​ចាក់​ដូស​ទី​ ៣ ​ដើម្បី​ឱ្យមាន​ប្រដាប់​ការពារ​ខ្លួន បើ​មិន​ដូច្នេះ​ទេ ការឆ្លង​អាច​នឹង​កើតមាន​បន្តទៀត​។

លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​យើង​នៅមាន​មនុស្ស​យ៉ាងតិច ៦ ​លាន​នាក់​ទៀត​ដែល​ត្រូវ​ទទួល​ដូស​ទី ​៣ ដែល​អ្នកខ្លះ​ដល់ពេល​ចាក់ និង​ខ្លះ​មិនទាន់​ដល់ពេល ប៉ុន្តែ​ភាគច្រើន​ដល់ពេល​ត្រូវ​ចាក់​ហើយ ហើយ​ខ្លះ​ក៏​ហួស​ថ្ងៃ​ចាក់​ដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​ថ្លែងថា​ប្រទេស​កម្ពុជា​ក្លាយជា​ប្រទេស​ទី​ ១០ ​របស់​អាស៊ាន​ដែលមាន​មនុស្ស​ឆ្លង​មេរោគ​កូវីដ​ ១៩ ​តិចជាងគេ ហើយ​លោក​ក៏បាន​ស្នើឱ្យ​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បន្ត​តាមដាន កុំ​មាន​ការធ្វេសប្រហែស និង​ត្រូវ​គ្រប់គ្រង​ឱ្យ​ជាប់ ហើយ​ក្នុងករណី​ចាំបាច់​គឺ​ត្រូវតែមាន​វិធានការ​ជាបន្ទាន់​ភ្លាម​។ ការទប់ស្កាត់​ជំងឺ​កូវីដ ​១៩ មិនមែន​ស្ថិតនៅលើ​ប្រទេស​ដែលមាន​វិស័យ​សុខាភិបាល​ទន់ខ្សោយ​នោះទេ ប៉ុន្តែ​គឺ​វា​ស្ថិតនៅលើ​វិធានការ​ការពារ និង​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។

លោក​ថា​៖ «​មាន​ការកង្វល់​ចំពោះ​យើង​ថា យើង​គឺជា​ប្រទេសមួយ​ដែលមាន​ប្រព័ន្ធ​សុខាភិបាល​ទន់ខ្សោយ បញ្ហា​នៅទីនេះ​បានបង្ហាញ​ច្បាស់ មិនមែន​បញ្ហា​ស្ថិតនៅត្រង់​ទន់ខ្សោយ ឬ​រឹងមាំ​ទេ ស្ថិតនៅត្រង់​វិធានការ និង​ការចូលរួម​របស់​ប្រជាជន​»​។

គួរបញ្ជាក់​ផងដែរ​ថា គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស​ជូនដំណឹង​ពី​ការរៀបចំ​នូវ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ដូស​ជំរុញ​ជា​ដូស​ទី​ ៣ ​និង​ដូស​ទី ​៤ ដែល​ក្នុងនោះ​ក្រុមគ្រូពេទ្យ​នៃ​ក្រសួង​ការពារ​ជាតិ ក្រុមគ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត និង​ក្រុមគ្រូពេទ្យ ដែល​រៀបចំ​ដោយ​រដ្ឋបាល​រាជធានី​-​ខេត្ត​នឹង​ចុះ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩​ តាម​ទីតាំង​ដែល​បានកំណត់​ផងដែរ​នៅ​គ្រប់​ ២៥ ​រាជធានី​ខេត្ត​ទូទាំង​ប្រទេស​៕