ភ្នំពេញៈ គម្រោង​ការពារ​ទឹកជំនន់​ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ជា​ជំនួយ​ឥតសំណង​របស់​ប្រទេស​ជប៉ុន​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ​ ៣៦ ​លាន​ដុល្លារ​ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើប្រាស់​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ជុំវិញ និង​ខាងជើង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ ក្នុង​ខណ្ឌដូនពេញ និង​តំបន់​សង្កាត់​បឹងកក់​ទី​ ១ និង​សង្កាត់​បឹងកក់​ទី​ ២ ក្នុង​ខណ្ឌទួលគោក​។

ពិធី​សម្ពោធ​សមិទ្ធផល​នានា ដែលជា​គម្រោង​ការពារ​ទឹកជំនន់​ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ ក្នុង​រាជធានី-​ភ្នំពេញ​ជំហាន​ទី ​៤​ នេះ​ធ្វើឡើង​ក្រោម​អធិបតីភាព លោក ​ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​តំណាង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

លោកនាយក​រដ្ឋមន្ដ្រី​ថ្លែងថា គម្រោង​អភិវឌ្ឍន៍​នូវ​សមិទ្ធផល​នានា​នៅ​ភ្នំពេញ​នេះ ថ្វីដ្បិតតែ​អស់​ថវិកា​ច្រើន តែ​បានផ្តល់​នូវ​ប្រយោជន៍​យ៉ាងច្រើន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ទីក្រុង​ភ្នំពេញ ជាពិសេស​ការបញ្ចៀស​ការជន់លិច​រាជធានី​ភ្នំពេញ និង​ការកកស្ទះ​សំរាម​ជាដើម​។

លោក​ថ្លែងថា​៖ «​ថ្ងៃនេះ​យើង​ពិត​ជាមាន​សេចក្ដី​រីករាយ​ដោយសារ​ចូលឆ្នាំថ្មី​នេះ យើង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​កើតចេញពី​កិច្ចសហប្រតិបត្ដិការ​រវាង​កម្ពុជា​និង​ជប៉ុន នោះ​គឺ​សមិទ្ធផល​ក្នុង​គម្រោង ​[​ការពារ​]​ ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​ក្នុង​រាជធានី​ភ្នំពេញ​ជំហាន​ទី​ ៤»​។

លោកនាយក​រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​របស់​ជប៉ុន ​(JICA) ដែល​បាន​សិក្សា​យ៉ាង​ច្បាស់លាស់​លើ​ការការពារ​ទឹកជំនន់ និង​ការកែលម្អ​ប្រព័ន្ធ​ប្រឡាយលូ​នៅ​កម្ពុជា​។

លោក​ ហ៊ុន សែន ពេល​សម្ពោធ​ឱ្យប្រើ​ប្រាស់​គម្រោង​ការពារ​ទឹកជំនន់​ដែលជា ជំនួយ​របស់​ជប៉ុន​ពីថ្ងៃ​ទី​ ២០ មេសា​។ រូបថត SPM

លោក​ថ្លែងថា​៖ «​ជប៉ុន​ជា​ចំណែក​មួយ​ក្នុង​ការជួយ​ឱ្យ​កម្ពុជា​ទទួលបាន​ឯករាជ្យ​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា ឆ្នាំ​ ១៩៥៣ ផងដែរ​»​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ក៏បាន​អរគុណ ចំពោះ​រដ្ឋាភិបាល​ជប៉ុន​ដែល​តែងតែ​ជួយ​ដល់​ប្រទេស​កម្ពុជា និង​អបអរសាទរ​ចំពោះ​សមិទ្ធផល​នានា​ក្នុង​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​លូ​ប្រព័ន្ធ​ប្រឡាយ​ក្នុង​រាជធានី​-​ភ្នំពេញ​។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឱ្យដឹង ថា សមិទ្ធផល​នៃ​គម្រោង​ការពារ ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ក្នុង​រាជធានី​ភ្នំពេញ ជា​ជំនួយឥតសំណង​របស់​ប្រទេស​ជប៉ុន​នេះ បាននិង​កំពុង​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​តំបន់​ជុំវិញ​ និង​ខាងជើង​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​ក្នុង​ខណ្ឌ​ដូនពេញ និង​តំបន់​ភូមិសាស្ត្រ​សង្កាត់​បឹងកក់​ទី​ ១ សង្កាត់​បឹងកក់​ទី​ ២ ក្នុង​ខណ្ឌទួលគោក ដោយ បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៣៦ ​លាន​ដុល្លារ​អាមេរិក​។

សមិទ្ធផល​ទាំងនេះ រួមមាន ទី​ ១​ ស្ថាបនា​ដាក់​បណ្តាញ​លូ​ខ្នាត​ធំ​ប្រវែង​ ១២,៦ ​គីឡូម៉ែត្រ​។ ទី​ ២ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី​ក្រោម​សួនច្បារ​មាត់ទន្លេ​ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែលមាន​ទំហំ​បណ្តោយ​ ១៣៥​ ម៉ែត្រ ទទឹង​ ១៣,៥​ ម៉ែត្រ​។ ជម្រៅ ៤ ​ម៉ែត្រ មាន​សមត្ថភាព​ស្តុក​ទឹកបាន​ ៦ ៥០០​ ម៉ែត្រគុប និង​សង់​ស្ថានីយ​បូមទឹក មាន​សមត្ថភាព​បូមទឹក ១,៤ ​ម៉ែត្រគុប​ក្នុង​ ១​ វិនាទី​។ ទី​ ៣ បំពាក់​ម៉ាស៊ីន​របារ​ត្រង​សំរាម​មេកានិក​ស្វ័យប្រវត្តិ​ចំនួន ​៥ ​កន្លែង​នៅមុខ​អាងស្តុក​ទឹក​ក្រោម​ដី តាម​មាត់ទន្លេ​រួមមាន​អាង​ក្រោម​ដី​សួនច្បារ​ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា សួនច្បារ​ផ្សារ​ចាស់ សួនច្បារ​ព្រះគម្លង់​ ១ សួនច្បារ​ព្រះ​គម្លង់ ​២ និង​សាលសន្និសីទ​ចតុមុខ​។ ទី​ ៤ ​ជំនួយ​រថយន្ត​បូមទឹក​ចល័ត​ចំនួន​ ២ ​គ្រឿង​។

បើតាម​មន្ទីរ​សាធារណការ តាមរយៈ​នៃ​ការដាក់ឱ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន កាលពី​ខែតុលា វិច្ឆិកា​ឆ្នាំ​ ២០២១ ឃើញថា ក្នុងករណី​ភ្លៀង​ធ្លាក់​កម្រិត​ក្រោម​ ៤០ ​មិល្លីម៉ែត្រ ក្នុង​ ១​ ម៉ោង តំបន់​ដែល​ធ្លាប់​លិចលង់​ធ្ងន់ធ្ងរ​ដូចជា​ជុំវិញ​វត្តភ្នំ ផ្លូវ​លេខ​ ៤៧ ផ្លូវ​លេខ​ ៩០ ផ្លូវ​លេខ​ ៩២ ផ្លូវលេខ​ ៥៩៦ ផ្លូវ​លេខ​ ៥៩២ ផ្លូវលេខ​ ៣១៥ ផ្លូវ​លេខ ​២៨៩ ផ្លូវ​លេខ ​២៨៧ ផ្លូវ​លេខ​ ៦០៨ ស្តុប​ផ្សារ​មាន់​អាំង មុខ​វិទ្យាល័យ​ឥន្ទ្រទេវី ស្តុប​ផ្ទះសំណាក់​ស្រែលាភ​ជំនន់​ទឹកភ្លៀង​មិន​បណ្ដាល​ឱ្យ​លិចលង់​ទៀត​ទេ​។ ប៉ុន្តែ​បើ​ករណី​ភ្លៀង​ធ្លាក់​ខ្លាំង​លើសពី​ ៤០​ មិល្លីម៉ែត្រ ក្នុង​ ១​ ម៉ោង ទឹក​ដែល​ធ្លាប់​លិចលង់​រយៈពេល​ ៣​ ម៉ោង ទៅ ​៤​ ម៉ោង បាន​កាត់បន្ថយ​មក​នៅត្រឹម​ ៣០ ​នាទី ទៅ​ ១ ​ម៉ោង​ប៉ុណ្ណោះ​។

លោក​ ឃួង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ក្នុងនាម​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ ដោយ​អរគុណ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន តាមរយៈ​ស្ថានទូត​ជប៉ុន និង​ទីភ្នាក់ងារ JICA ប្រចាំ​នៅ​កម្ពុជា ដែល​បាន​ផ្ដល់នូវ​ជំនួយ​ឧបត្ថម្ភ​ជា​ថវិកា សម្ភារ និង​បច្ចេកទេស​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ដំណើរការ​អនុវត្ដ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ ដែល​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​ជា​បន្តបន្ទាប់​។ ក្នុងនោះ​រាប់​ចាប់ពី​ជំហាន​ទី​ ១ រហូតដល់​ជំហាន​ទី​ ៤ រួមទាំង​គម្រោង​សាងសង់​ស្ថានីយ​អាង​ប្រព្រឹត្តិកម្ម​ទឹកកខ្វក់​ជើងឯក ដែល​ទើបនឹង​បើកការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​ ២២ ខែកុម្ភៈ ឆ្នាំ ​២០២២​។

លោក​បាន​ថ្លែងថា​៖ «​សមិទ្ធផល​ទាំងនេះ​មិន​ត្រឹមតែ​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ ពី​ការយក​ចិត្ដ​ទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការកៀរគរ​ការចូលរួម​ឧបត្ថម្ភ​គាំទ្រ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​ក្នុង​ទីក្រុង​ឱ្យ​កាន់តែ​មាន​ភាពល្អប្រសើរ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែមទាំង​បានរួម​ចំណែក​យ៉ាង​សំខាន់​ក្នុងការ​រឹតចំណង​សាមគ្គីភាព មិត្ដភាព​ និង​កិច្ចសហប្រតិបត្ដិការ​រវាង​កម្ពុជា និង​ជប៉ុន​ឱ្យ​កាន់តែ​រឹងមាំ​បន្ថែមទៀត​»​។

លោក Karimata Atsushi ​តំណាង​ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែងថា នៅ​រាជធានី​ភ្នំពេញ វិស័យ​នគរូបនីយកម្ម​បាននិង​កំពុង​រីកចម្រើន​ដោយសារ​ប្រទេស​កម្ពុជា​មាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​។ ប៉ុន្ដែ​រាជធានី​ភ្នំពេញ​មាន​លក្ខណៈ​សណ្ឋាន​ដី ដែលមាន​ហានិភ័យ​ទឹកជំនន់​ខ្ពស់​ដោយសារ​តែ​សណ្ឋាន​ដី​មាន​សភាព​រាបស្មើ និង​ដី​ទាប​ជាង​ងាយ​នឹង​ដក់​ទឹក​។

លោក​ថ្លែងថា​៖ «​ការរៀបចំ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ គឺជា​កិច្ចការងារ​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បន្ថែមទៀត​នៅ​រាជធានី​ភ្នំពេញ និង​ការកែលម្អ​បរិយាកាស​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅ​រាជធានី​ភ្នំពេញ​»​។

បើតាម​ទីភ្នាក់ងារ JICA ប្រចាំ​ប្រទេស​កម្ពុជា គម្រោង​កែលម្អ​ប្រព័ន្ធ​ប្រឡាយលូ ដែលមាន​ទឹកប្រាក់​ប្រមាណ​ ៣៦ ​លាន​ដុល្លារ​អាមេរិក​នេះ ត្រូវបាន​បញ្ចប់​ក្នុង​ខែតុលា ឆ្នាំ​ ២០២១ ដោយ​គ្របដណ្តប់​ផ្នែក​ខាងជើង​នៃ​តំបន់​វត្តភ្នំ និង​ទួលគោក​។

គម្រោង​នេះ​មាន​សមាសភាព ដូចជា ទី​ ១ ដំឡើង​ប្រព័ន្ធ​លូ​ប្រវែង​សរុប​ ១២,៥ ​គីឡូម៉ែត្រ ទី​ ២ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក​នៅ​សួនច្បារ​សាធារណៈ​ទល់មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC ដែល​ស្ថិតនៅ​មាត់ទន្លេ​។ ទី​៣ ដំឡើង​ម៉ាស៊ីន​មេកានិច​ (​ម៉ាស៊ីន​ស្ទាក់​សំរាម​ស្វ័យប្រវត្តិ​) ​ចំនួន​ ៥ នៅ​ច្រកទ្វារ​ស្ថានីយ​បូមទឹក ទី​ ៤ លទ្ធកម្ម​រថយន្ត​បំពាក់​ម៉ាស៊ីនបូមទឹក​ចំនួន​ ២ និង​ទី​ ៥ ជំនួយ​ក្នុងការ​ចាប់ផ្តើម​ការងារ​ប្រតិបត្តិការ និង​ថែទាំ​។

JICA ឱ្យដឹងថា​៖ «​បន្ទាប់ពី​គម្រោង​នេះ​បានបញ្ចប់ វា​នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ជន់​លិច នៅ​តំបន់​ប៉ែក​ខាងជើង​វត្តភ្នំ​ និង​ទួលគោក​។ លើសពី​នេះ​ទៅទៀត វា​ក៏បាន​រួមចំណែក​ធ្វើឱ្យ​កាន់តែ​ប្រសើរឡើង​ដល់​អនាម័យ ចរាចរណ៍ និង​សកម្មភាព​សេដ្ឋកិច្ច​ផងដែរ​»​។

បើតាម JICA គម្រោង​នេះ​ត្រូវបាន​អនុវត្ត​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ដែល​កំពុង​ប្រឈម​នៅក្នុង​ទីក្រុង​។ JICA បាន​ថ្លែងអំណរគុណ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចំពោះ​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម​រហូត​ដល់​បញ្ចប់​គម្រោង​៕

វីដេអូ៖