ភ្នំពេញៈ តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២០ មេសា​បាន​បើក​សវនាការ​ជម្រះក្ដី​សំណុំរឿង​ប្រទូស​កេរ្តិ៍​របស់​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ប្រព្រឹត្ត​នៅ​ភូមិ​ត្រពាំង​ត្រែង សង្កាត់​សាលា​កម្រើក ក្រុង-​ខេត្តសៀមរាប កាលពី​​ឆ្នាំ​ ២០២០​។

នៅក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​នៅ​ថ្ងៃទី​ ២០ ​មេសា លោក​ចៅក្រម គង់ តារាឆាត ដែល​ទទួលបាន​ការផ្ទេរ​សិទ្ធិ​ពី​លោកស្រី​ចៅក្រម គិម សន្ថាវី ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​បាន​អាន​អង្គហេតុ​នៅ​ចំពោះមុខ​ជនជាប់ចោទ​ដែលមាន​អ្នកបកប្រែ​ភាសា​ឱ្យ​ជន​ជាប់ចោទថា សំណុំ​រឿងនេះ​មាន​ជនជាប់ចោទ​ឈ្មោះ MATT-HEW WILLIAM អាយុ ​៣៩ ​ឆ្នាំ ជា​ជនជាតិ​អង់គ្លេស​។

តាម​អង្គហេតុ​នោះ​បង្ហាញ​​ថា ជនជាប់ចោទ​បាន​ចូលមក​ប្រទេស​កម្ពុជា​នៅ​ចុងឆ្នាំ​ ២០១៣ ​ហើយ​បាន​ធ្វើជា​គ្រូបង្រៀន​នៅ​សាលា​ឯកជន​មួយ​ក្នុង​ក្រុង​សៀមរាប​។ ​លុះ​ក្រោយមក​បាន​រៀបការ​ជាមួយ​ស្ត្រី​ខ្មែរ​ឈ្មោះ ព្រិន សាវ៉េត មានកូន​ស្រី​ ២ ​នាក់​ដែល​កូន​បង​អាយុ​ ១១ ​ឆ្នាំ និង​កូន​ទី​ ២ ​អាយុ​ ៧​ ខែ​។ នៅពេល​​នោះ ប្អូនស្រី​របស់​ស្ត្រី ព្រិន សាវ៉េត បាន​ផ្ញើ​កូនស្រី​ម្នាក ឈ្មោះ​ ល.ណ អាយុ​ ១៣​ ឆ្នាំ​ឱ្យ​ស្នាក់នៅ​មួយរយៈ​។

លោក​ចៅក្រម គង់ តារាឆាត បាន​អាន​បន្តទៀតថា ក្នុង​រយៈពេល​ស្នាក់នៅ​នោះ ខណៈ​ប្រពន្ធ​មិនបាន​នៅផ្ទះ លោក MATTHEW WILLIAM តែង​ប្រឡែង​លេង​ជាមួយ​ក្មេងស្រី​ហើយ​យកដៃ​លេង​ប្រដាប់ភេទ​ក្មេងរងគ្រោះ​ទៀតផង​។

ដោយសារ​ឃើញ​ជន​ជាប់ចោទ​បញ្ចេញ​សកម្មភាព​បែប​​នេះ​មកលើ​ខ្លួន ក្មេងស្រី​រងគ្រោះ​បាន​ទៅ​នៅ​ជាមួយ​ម្តាយ​នាង​វិញ ហើយ​ប្រាប់​ម្តាយ​ឱ្យ​ប្តឹង​ជនជាប់ចោទ តែ​រយៈពេល​ ២​ ខែក្រោយ​ពេល​ប្តឹង​ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​រួច​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលា​ដំបូង​ខេត្តសៀមរាប​បើក​សវនាការ និង​ប្រកាស​សាលក្រម​នៅ​ខែតុលា ឆ្នាំ​ ២០២០ ដោយ​ផ្តន្ទាទោស​ជនជាប់ចោទ​ដាក់ពន្ធនាគារ​រយៈពេល ​២ ​ឆ្នាំ​​កន្លះ និង​ពិន័យ​ ៤​ លាន​រៀល​ព្រមទាំង​សង​ទៅ​ម្តាយ​ក្មេងស្រី​រងគ្រោះ​ចំនួន​ ១០ ​លាន​រៀល​ផង​។ ក៏ប៉ុន្តែ​ដោយ​មិន​សុខ​ចិត្តនឹង​សាលក្រម​នេះ ជន​ជាប់ចោទ​បាន​ប្តឹង​ទៅកាន់​សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង ហើយ​ត្រូវបាន​សាលាឧទ្ធរណ៍​ខេត្ត​ប្រកាស​សាលដីកា​នៅ​ថ្ងៃទី​ ១១ ​មីនា ឆ្នាំ​ ២០២១ ដោយ​​បានសម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​ខេត្ត​សៀមរាប​ទុកជាបានការ​ដដែល​។

ក្នុង​បន្ទប់​សវនាការ​តុលាការ​កំពូល​នៅ​ថ្ងៃទី ​២០ ខែមេសា លោក​ ឈួន ចាន់ថា តំណាង​មហាអយ្យការ​បានធ្វើ​សេចក្តី​សន្និដ្ឋានថា យោងតាម​ការសិក្សា​លើ​អង្គហេតុ និង​ចម្លើយ​ក្មេងស្រី​រងគ្រោះ​បង្ហាញថា​​ជនជាប់ចោទ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​មែន​។

លោក​ថ្លែងថា​៖ «​សាលា​ដំបូង​ខេត្តសៀមរាប និង​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​សម្រេចសេចក្តី​មកនេះ​មាន​លក្ខណៈ​ត្រឹមត្រូវ​តាមច្បាប់ ហើយ​ខ្ញុំ​ស្នើសុំ​តម្កល់​សាលដីកា​ឧទ្ធរណ៍​ខេត្តបាត់ដំបង​»​។

លោក សូ មូស្សេន្នី មេធាវី​ការពារ​សិទ្ធិ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ក្នុង​បន្ទប់​សវនាការ​ដែរ​​ថា រឿងនេះ ម្តាយ​ក្មេង​ប្តឹង​នៅ​ខែមីនា ឆ្នាំ​ ២០២០ ហើយ​ក្រោយ​​ប្តឹង​ ២ ​ខែ ទើប​នគរបាល​ចាប់​ខ្លូន​កូនក្តី​លោក ហើយ​ក៏​មិនបាន​ស្រាវជ្រាវ​ដល់ផ្ទះ​កើតហេតុ​ដែរ​គឺ​ធ្វើ​កំណត់ហេតុ​តាម​ចម្លើយ​ក្មេងរងគ្រោះ​តែប៉ុណ្ណោះ​។ រីឯ​តុលាការ​ខេត្តសៀមរាប និង​សាលាឧទ្ធរណ៍​ខេត្តបាត់ដំបង​ក៏​បំពាន​ច្បាប់​ក្នុងការ​សម្រេច​ក្តី​ដែរ ដោយ​មិនបាន​ផ្តោតទៅលើ​ភ័ស្តុតាង​ទេ​។

លោក​ថា​៖ «​នៅ​តុលាការ​ខេត្តសៀមរាប​តំណាង​អយ្យការ​ចោទ​រួច​បញ្ជូន​កូនក្តី​ខ្ញុំ​ទៅ​ជំនុំជម្រះ​តែម្តង ដោយ​មិន​ឆ្លង​ចៅក្រម​ស៊ើបសួរ​ទេ​។ ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​កូនក្តី​ខ្ញុំ​សូម​តុលាការ​កំពូល​បង្វិល​សំណុំរឿង​ទៅ​សាលាឧទ្ធរណ៍​ខេត្ត​បាត់ដំបង​ជម្រះ​ឡើងវិញ​»​។

ដោយឡែក​លោក មេធាវី​ការពារ​សិទ្ធិ​ឱ្យ​ដើមបណ្តឹង​បាន​សន្និដ្ឋានថា កូនក្តី​លោក​ទើបតែ​មាន​អាយុ​ ១៣ ​ឆ្នាំ ហើយ​អ្វី​​ដែល​ជនជាប់ចោទ​ក្នុងនាម​ជា​គ្រួសារ​តែមួយ​នោះ បាន​បំពាន​លើ​រូប​កាយ​កូនក្តី​លោក​។

លោក​ថា​៖ «​បើ​ពិនិត្យ​លើ​អង្គហេតុ​បង្ហាញថា មាន​ធាតុ​ផ្សំ​គ្រប់គ្រាន់​ក្នុងការ​ចោទ​ជនជាប់ចោទ​បាន​ហើយ​។ ​ការផ្តន្ទាទោស​របស់​តុលាការ​ទាំង​ ២ ​ថ្នាក់​​មាន​លក្ខណៈ​ត្រឹមត្រូវ ខ្ញុំ​សូមស្នើ​តុលាការ​កំពូល​តម្កល់​ទោស​ ២ ​ឆ្នាំកន្លះ​ដដែល​»​។

ក្រោយ​ជំនុំជម្រះ លោកស្រី​ចៅក្រម គិម សត្ថាវី ថ្លែងថា សាលដីកា​នេះ​ប្រកាស​នៅ​ថ្ងៃ​​ទី​ ៤ ​ឧសភា​៕