The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រសួង​សាធារណ​ការត្រៀម​គ្រប់គ្រង​គ្រោះមហន្តរាយ​លើ​ស្ពាន-​ថ្នល់

ក្រសួង​សាធារណ​ការត្រៀម​គ្រប់គ្រង​គ្រោះមហន្តរាយ​លើ​ស្ពាន-​ថ្នល់

Content image - Phnom Penh Post
លោក ឈួន វិន ដឹកនាំ​កិច្ចប្រជុំ​ក្រុមមន្ត្រី​ជំនាញ​នៃ​ក្រសួង​សាធារណការ​នាពេល​កន្លងមក​។ រូបថត MPWT

ក្រសួង​សាធារណ​ការត្រៀម​គ្រប់គ្រង​គ្រោះមហន្តរាយ​លើ​ស្ពាន-​ថ្នល់

ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​ត្រៀម​មន្ត្រី​ជំនាញ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​បង្ការ សង្គ្រោះបន្ទាន់ និង​គ្រប់គ្រង​ស្ថានភាព​ហានិភ័យ នៅក្នុង​ករណី​ដែលមាន​គ្រោះមហន្តរាយ​កើតឡើង​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​នៅក្នុង​ប្រទេស​កម្ពុជា​។

លោក ឈួន វិន ប្រធាន​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​កាលពី​ថ្ងៃទី​ ១៩ ខែមេសា​នេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​របាយការណ៍​ឆមាស​ទី​ ១ ឆ្នាំ​ ២០២២ ទាក់ទង​នឹង​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ចែករំលែក​ព័ត៌មាន​អំពី​លទ្ធផល​ការងារ និង​លើក​ទិសដៅ​ការងារ​ទៅ​ថ្ងៃ​ខាងមុខ​។

លោក​ថា អង្គ​ប្រជុំបាន​ពិភាក្សា និង​បាន​រាយការណ៍​អំពី​លទ្ធផល​ការងារ​របស់​លេខាធិការដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ​ពី​គ្រប់​បណ្ដា​អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ និង​បាន​រំឭក​ពី​ក្របខ័ណ្ឌ​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ទាក់ទង​នឹង​សកម្មភាព​ត្រៀម បង្ការ និង​កាត់បន្ថយ​គ្រោះថ្នាក់ សកម្មភាព​ត្រៀម​រៀបចំ សកម្មភាព​ឆ្លើយតប និង​សង្គ្រោះបន្ទាន់ និង​សកម្មភាព​ស្តារឡើងវិញ​។

លោក ឈួន វិន ថ្លែងថា​៖ «​គ្រប់​អង្គភាព​ក្រោម​ឱវាទ​ក្រសួង​ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ បន្ត​យកចិត្ត​ទុកដាក់​លើ​គ្រប់​ដំណាក់កាល​នៃ​ការគ្រប់គ្រង​គ្រោះមហន្តរាយ ដើម្បី​ទប់ស្កាត់ បង្ការ ស្ដារឡើងវិញ និង​រាយការណ៍​ឱ្យបាន​ទាន់ពេលវេលា​។ អគ្គនាយកដ្ឋាន​ពាក់ព័ន្ធ​បន្ត​ផ្សព្វផ្សាយ បណ្ដុះបណ្ដាល និង​ពង្រឹងសមត្ថភាព​លើ​ការងារ​គ្រប់គ្រង កសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​»​។

ក្នុង​កិច្ចប្រជុំ​នោះដែរ ក៏បាន​បានលើកឡើង​ពី​ផែនការ​សកម្មភាព​គាំទ្រ​នៅក្នុង​ផែនការ​សកម្មភាព​ជាតិ​សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ ២០១៩-២០២៣ ផងដែរ​។

ផែនការ​សកម្មភាព​ទាំងនោះ​រួមមាន ១ បន្ត​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ស្តីពី​ការគ្រប់គ្រង និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ដែល​ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ដើម្បី​រួមចំណែក​លើកកម្ពស់​វិស័យ​ដឹកជញ្ជូន​ប្រកបដោយ​ចីរភាព និង​នវានុវត្តន៍​។ ទី​ ២ បន្ត​រៀបចំ​បទដ្ឋាន​បច្ចេកទេស និង​គំនូស​ប្លង់ និង​សាងសង់ ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន ដែល​ធន់​នឹង​ប្រែប្រួល​អាកាសធាតុ​។

និង​ទី ៣ បន្ត​បណ្តុះបណ្តាល និង​ពង្រឹងសមត្ថភាព​លើ​បទដ្ឋាន​បច្ចេកទេស និង​ការសិក្សា​គម្រោង​សាងសង់ ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​។

លោក វ៉ា ស៊ឹមសូរិយា អនុរដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជាទូទៅ​ក្រសួង​តែងតែ​បើក​កិច្ចប្រជុំ​រៀងរាល់​ឆមាស​ទី​ ១ សម្រាប់​ត្រៀម​រៀបចំ​របាយការណ៍​ពី​ឥឡូវ​ទៅ ដើម្បី​ដាក់​អនុវត្ត​ទៅ​ថ្ងៃ​ខាងមុខ ហើយ​អាចឆ្លើយតប​ទាន់​ពេលវេលា​នៃ​គ្រោះមហន្តរាយ​។

លោក វ៉ា ស៊ឹមសូរិយា ថ្លែងបន្តថា​៖ «​ជាទូទៅ​យើង​មាន​ត្រៀម​ថវិកា​ខ្លះ​សម្រាប់ គ្រោះមហន្តរាយ​ពាក់ព័ន្ធ​ធំ​គឺ​ផ្លូវ-​ថ្នល់ ហេដ្ឋារចនាសម្ព័ន្ធ អ៊ីចឹង​ក្រសួង​ហិរញ្ញវត្ថុ​គាត់​មាន​កញ្ចប់​មួយ ប្រគល់ឱ្យ​ក្រសួង​សាធារណការ ដើម្បី​ទុក​ត្រៀម​សម្រាប់​ស្ពាន​បាក់​ភ្លាមៗ ឬ​ផ្លូវថ្នល់​ដាច់​ភ្លាម ឬ​ត្រូវ​រៀបចំ​ទីតាំង​សុវត្ថិភាព​»​។

យ៉ាងណា​ក៏ដោយ លោក វ៉ា ស៊ឹមសូរិយា ថា គ្រោះមហន្តរាយ​នៃ​វិស័យ​សាធារណការ​នាពេល​បច្ចុប្បន្ន​ជួប​នូវ​បញ្ហា​ប្រឈម​មួយចំនួន គឺ​បញ្ហា​ធនធាន​មនុស្ស​ផ្នែក​ផ្លូវគោក ទឹក ស្ពាន កំពង់ផែ និង​ផ្លូវដែក​ជាដើម​។

លោក វ៉ា ស៊ឹម​សូរិយា បាន​ថ្លែងថា​៖ «​ហើយ​បញ្ហា​ប្រឈម​មួយទៀត​គឺ​អាកាសធាតុ​យើង​ប្រែប្រួល អ៊ីចឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្វើ​កន្លងមក យើង​ធ្វើ​ក្នុង​ក្របខ័ណ្ឌ​ត្រឹម ២០ ​ទៅ​ ៣០​ ឆ្នាំ ប៉ុន្តែ​អាកាសធាតុ​ឥឡូវ​ប្រែប្រួល​ជួនកាល​ផ្លូវ​ខ្លះ​គ្រាន់តែ​ធ្វើ​ហើយ​ភ្លៀង​មក​ខូច ឬ​ដាច់​តែម្តង ជួនកាល​អត់​មាន​ឡាន​បើក​ទេ ប៉ុន្តែ​អាកាសធាតុ​ជួយ​ទៅ​បំផ្លាញ​»​។

លោក វ៉ា ស៊ឹមសូរិយា បាន​ថ្លែង​ដោយ​ជំរុញ​ឱ្យ​ក្រសួង​ត្រូវ​ត្រៀម​រៀបចំ​ផែនការ និង​ធ្វើ​របាយការណ៍​ច្បាស់លាស់​ទាំង​ត្រៀម​ថវិកា​ក្នុង​ដៃ ទាំង​មនុស្ស និង​គ្រឿងចក្រ ដើម្បី​ដោះស្រាយ​គ្រោះមហន្តរាយ​នៃ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​ទាន់​ពេលវេលា​៕

អត្ថបទគួរចាប់អារម្មណ៍