
ពិធីចុះអនុស្សរណៈរវាងក្រសួងបរិស្ថាននិងក្រុមហ៊ុនសៀមិនន៍កាលពីថ្ងៃទី២១ មេសា ។ ហេង ជីវ័ន
ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអះអាងថា បច្ចុប្បន្នកម្ពុជានៅមានការខ្វះខាតធនធានមនុស្សច្រើនក្នុងវិស័យបច្ចេកវិទ្យាឌីជីថលជាពិសេសលើការអភិវឌ្ឍនៃបដិវត្តន៍ឧស្សហកម្មជំនាន់ទី៤ដែលទាមទារឲ្យមានការបណ្តុះបណ្តាលជាចាំបាច់ ដូចជា ជំនាញបច្ចេកវិទ្យា Cloud Blockchain Data silent និងបច្ចេកវិទ្យាAI ជាដើម។
ការថ្លែងបែបនេះ របស់លោក ជា វ៉ាន់ដេត បានធ្វើឡើងនៅក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នាស្តីពីការប្រើប្រាស់បច្ចេកវិទ្យាសូហ្វវែរឧស្សាហកម្មឌីជីថលរបស់ក្រុមហ៊ុនសៀមិនន៍សម្រាប់បណ្តុះបណ្តាលនិងទទួលស្គាល់សមត្ថភាពស្តងដាជំនាញផ្នែកវិស្វកម្មបច្ចេកវិទ្យានិងឌីជីថលដើម្បីដោះស្រាយបញ្ហាបរិស្ថាននិងអភវឌ្ឍជំនាញសម្រាប់ឧស្សាហកម្ម៤.០នៅកម្ពុជាដែលធ្វើឡើងនៅក្រសួងបរិស្ថាននៅថ្ងៃទី២១ ខែមេសា។
លោករដ្ឋមន្ត្រីបានលើកឡើងថា តាមការសង្កេតជាក់ស្តែង សាកលវិទ្យាល័យភាគច្រើនដែលបណ្តុះបណ្តាលធនធានមនុស្សផ្នែកបច្ចេកវិទ្យាឌីជីថលគឺបណ្តុះបណ្តាលទៅលើតែជំនាញទូទៅមិនបណ្តុះបណ្តាលទៅលើជំនាញមួយឡើងទៅជាជំនាញសម្រាប់បម្រើដល់ការអភិវឌ្ឍនៃបដិវត្តន៍ឧស្សហកម្មជំនាន់ទី៤នោះទេ។
លោកថ្លែងថា៖«យើងត្រូវការបណ្តុះបណ្តាលជំនាញដូចជាបច្ចេកវិទ្យាCloud AI Data silent Blockchain។ល។និង។ល។ ប៉ុន្តែជំនាញទាំងនេះយើងអត់ទាន់មានទេដូច្នេះហើយផលវិបាកនៅក្នុងសហគ្រាសក្រុមហ៊ុនគឺដោយសារធនធានមនុស្សមានតិច» ។
ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កំពុងបន្តជំរុញការកសាងធនធានមនុស្សឌីជីថលដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារពលកម្មកម្ពុជាព្រមទាំងបន្តពង្រីកវិសាលភាពនៃកម្មវិធីគាំទ្រនិងលើកទឹកចិត្តនានាឈានទៅការបង្កើតលក្ខខណ្ឌអំណោយផលដល់ការបង្កើតនិងការវិនិយោគលើបច្ចេកវិទ្យាឌីជីថលដែលមានសក្តានុពលសម្រាប់ចាប់យកខ្សែចង្វាក់ផលិតកម្មនិងតម្លៃឌីជីថល និងការអភិវឌ្ឍឈានទៅសម្រេចបានចក្ខុវិស័យរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ នេះបើតាមលោក ជា វ៉ាន់ដេត។
លោកសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា ក្រសួងបរិស្ថានបាននិងកំពុងកសាងនិងរឹតចំណងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន សៀមិនស៍ ក្រសួងស្ថាប័នពាក់ព័ន្ធ និងគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីចូលរួមបណ្តុះបណ្តាល ធនធានមនុស្សកម្ពុជាឱ្យក្លាយជាប្រជាជនមានគំនិតនវានុវត្តន៍ក្នុងការផលិតនិងឌីហ្សាញផលិតផលដែលមានលក្ខណៈបៃតងសម្រាប់ទ្រទ្រង់ដល់ការជំរុញកំណើនសេដ្ឋកិច្ចនិងក្តាប់មកវិញនូវមោទនភាពជាតិនិងកសាងជាតិទំនើបមួយដ៏រស់រវើកក្នុងសេចក្តីប៉ងប្រាថ្នាប្រែក្លាយជា ប្រទេសអភិវឌ្ឍន៍ សេដ្ឋកិច្ចរឹងមាំ សង្គមយុត្តិធម៌ និងមានប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង វប្បធម៌ របៀបរបបរស់នៅនិងការគិតគូរជឿនលឿន ទីក្រុងមានសោភណភាព ប្រកបដោយផាសុកភាព និងភាពបៃតង ហើយសង្គមមានសុខដុមរមនា។
លោកបន្តថា ជាសក្ខីភាពពិធីចុះអនុស្សរណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន សៀមិនស៍ គឺជាការបោះជំហានថ្មីមួយរួមគ្នាប្រកបដោយសុទិដ្ឋិនិយមក្នុងការផ្តល់ជូននូវចំណេះដឹងបច្ចេកទេស ផ្នែកឌីហ្សាញ ផ្នែកផលិតកម្ម, ផ្នែកស្វ័យប្រវត្តិកម្ម, ផ្នែកវត្ថុប្រើប្រាស់អ៊ីនធឺណិត(IoT)ការឌីហ្សាញផ្នែកមេកានិកនិងផ្នែកអេឡិចត្រូនិក,ការនិម្មិត(simulation)និងជំនាញផ្សេងៗទៀតដល់ប្រជាជនកម្ពុជាជាពិសេសសិស្សនិស្សិតនិងយុវជនឱ្យមានជំនាញនិងទេពកោសល្យប្រកបដោយនវានុវត្តន៍ដើម្បីជំរុញការធ្វើបរិវិត្តកម្មឌីជីថលនៅកម្ពុជា និងការអភិវឌ្ឍឧស្សាហកម្មបៃតង។
លោកថ្លែងថា៖«ដើម្បីជំរុញកិច្ចសហការប្រតិបត្តិការនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវកម្មវិធីអប់រំ៤.០ដោយធ្វើការប្រគល់ជូននូវជំនាញ,កញ្ចប់សូហ្វវែរដែលមានអាជ្ញាប័ណ្ណ,សម្ភារបណ្តុះបណ្តាលក៏ដូចជាកម្មវិធីសិក្សាដែលមានពីក្រុមហ៊ុនសៀមិនស៍ជូនទៅគ្រឹះស្ថានឧត្តមសិក្សាជាដៃគូក្រោមការសម្របសម្រួលផ្នែកបច្ចេកទេសនិងការបណ្តុះបណ្តាលពីសាលាស្ទីមមីងខេមបូឌា»៕