ភ្នំពេញៈ លោក ជា វ៉ាន់​ដេ​ត រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគម​នាគ​មន៍ ថ្លែង​ថា​បច្ចុប្បន្ន​នៅ​តាម​បុរី​ជិត ១០០​ កន្លែង​នៅ​រាជ​ធានី​ភ្នំពេញ​ ស្ទើ​រតែ​មិន​មាន​សេវា​ទូរ​ស័ព្ទ​ និង​សេវា​អ៊ីន​ធឺ​ណិត​ ដោយ​សារតែ​ពេល​សាង​សង់​ម្ចាស់​បុរី​មិនបាន​គិត​គូរ​ពី​ការ​តភ្ជាប់​បណ្តាញ​នៅ​ក្នុង​ទីតាំង​​បុរី​ ។

លោក​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​បាន​ថ្លែង​បែប​នេះ​ក្នុង​ពិធី​ចុះ​អនុស្ស​រណៈ​យោគ​យល់​គ្នា​រវាង​ក្រសួង​បរិស្ថាន​ជា​មួយ​ក្ម្រ​ហ៊ុន​សូ​ហ្វ​វែរ​ឧស្សាហ​កម្ម​ឌីជីថល​សៀ​មិន​ស៍ វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​ក​ម្ពុ​ជា ​បណ្ឌិត​សភា​បច្ចេក​វិទ្យា​ឌីជីថល​កម្ពុជា និង​សាលា​ស្ទឹម​មីង ខេ​ម​បូ​ឌា នៅ​ទីស្តី​ការ​ក្រសួង​បរិ​ស្ថាន​នា​ថ្ងៃទី​២១ ​ខែ​មេសា​។

អនុស្ស​រណៈ​នៃ​ការ​យោគ​យល់​នេះស្តីពី​ការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​អ៊ី​ច​ហ្ស៊ី​លី​រេ​ត​ធើរបស់​ក្រុមហ៊ុន​សៀ​មិន​ស៍ ​ដើម្បី​ឲ្យ​សិស្ស ​និស្សិត មាន​សមត្ថ​ភាព​ពូកែ​ទាំង​ក្នុង​និង​ក្រៅ​ថ្នាក់​រៀន​និង​ដើម្បី​ពង្រឹង​ភាព​ជា​ដៃគូ​ជាមួយ​គ្រឹះ​ស្ថាន​អប់រំ​និង​ក្រុម​ហ៊ុន​ឧស្សា​ហកម្ម​ដើម្បី​រៀបចំ​កម្លាំង​ពល​កម្ម​ដែល​មាន​ផ្នត់​គំនិត​ឌីជីថលស​ម្រាប់​ប្រែ​ក្លាយ​គំនិត​ឲ្យ​ទៅជា​ការ​ពិត​និង​សម្រាប់​បង្កើត​ដំណោះ​ស្រាយ​បច្ចេក​វិទ្យា​សម្រាប់​ឧស្សា​ហកម្ម​ ៤.០ ​របស់​កម្ពុជា​ ។

លោក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ថា ក្រសួង​កំពុង​ធ្វើការ​ជាមួយ​ម្ចាស់​បុរី ដៃគូ​ពាក់​ព័ន្ធ និង​ប្រតិបត្តិ​ករ​ផ្សេងៗ​ទៀត ​ដើម្បី​ជំរុញ​ធ្វើ​យ៉ាង​ណា​ឲ្យ​បុរី​ទាំង​នោះ​មាន​សេវា​គ្រប់​គ្រាន់​ទាំង​សេវា​ទូរ​ស័ព្ទ​ និងអ៊ី​នធឺ​ណិ​ត ប៉ុន្តែ​យ៉ាង​ណា​ក៏ដោយ ​លោក​បាន​អះ​អាង​ថា ​ការងារ​នេះ​មិន​ងាយ​ស្រួល​ឡើយ​ព្រោះ​នឹង​ជួប​ប្រទះ​នូវ​បញ្ហា​ជា​ច្រើន​។

លោក​បញ្ជាក់​ថា៖«បញ្ហា​នោះ​គឺ​បុរី​អត់​ដី​សម្រាប់​សាង​សង់​បង្គោល​អង់​តែ​ន ម្ចាស់​បុរី​មិន​ចង់​សហ​ការ​ កន្លែង​ខ្លះ​​អត់​មាន​ចិញ្ចើម​ថ្នល់​ដើម្បី​ត​ភ្ជាប់​បណ្តាញ​ចូល​ទៅ​ក្នុង​បុរី។ទាំង​អស់​នេះ​សុទ្ធតែ​ជា​រឿង​ដែល​យើង​ត្រូវ​ដោះ​ស្រាយ។ដូច្នេះ​អាទិ​ភាព​របស់​ក្រសួង​ប្រៃ​សណីយ៍​និង​ទូរ​គមនាគ​មន៍ ធ្វើ​យ៉ាង​ម៉េច ក្នុង​ពេល​១​ឆ្នាំ ២ឆ្នាំ​នេះ ធ្វើ​ឲ្យ​សេវា​ទូរ​គមនា​គមន៍​បាន​ល្អ​ប្រើ​សើរ»​ ។

លោក ​នៅ ស៊ី​វុត្ថា អ្នក​រស់​នៅ​ក្នុង​បុរី​ពិភព​ថ្មី​កួរ​ស្រូវ​២ដែល​នៅ​មិន​ឆ្ងាយ​ពី​ទីក្រុង​ភ្នំពេញ ​ថ្លែង​នៅ​ថ្ងៃទី ​២១​ ខែមេសា​ថា នៅ​ក្នុង​បុរី​ដែល​លោក​រស់នៅ​បច្ចុប្បន្ន​នេះគឺ​មិន​មាន​សេវា​ទូរស័ព្ទ​និង​​អ៊ី​នធឺ​ណិ​ត​គ្រប់​ប្រព័ន្ធ​ទូរស័ព្ទ​ទាំង​អស់​សម្រាប់​ប្រើប្រាស់​ដែល​ធ្វើ​ឱ្យ​ពិបាក​ក្នុ​ងការ​ទាក់​ទង ទៅ​បងប្អូន ឬ ធ្វើ​កិច្ច​ការ​ងារ​ចាំ​បាច់​ ។

លោក​ថ្លែង​ថា៖«អ្នកមាន​ទូរស័ព្ទ​រស់​នៅក្នុ​ង​បុរី​ដូច​កាន់​ដំ​ថ្ម អត់​អាច​ទាក់​ទង​បាន ព្រោះ​អត់​សេវា។ ដោយ​មើល​ឃើញ​ពី​ការ​លំបាក​នេះ ​អ្នក​ខ្លះ​គេ​ទិញ​ប្រព័ន្ធ​ចាប់​សេវា​ដាក់​នៅលើ​ដំបូល​ផ្ទះ ​ប៉ុន្តែ​ពេល​ខ្លះ​ក៏​ដើរ​ស្រួល ​ពេល​ខ្លះ​ក៏​ដើរ​មិន​ស្រួល ។និយាយ​ទៅ​រស់​ពិបាក​ជាង​ស្លាប់​ទៅ​ទៀត ​»។

លោក​បាន​ស្នើឱ្យ​​ក្រសួង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ជា​ពិសេស​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគ​មនាគមន៍ ​ជួយ​ព​ន្លឿ​ង​ការ​ដោះស្រា​យ​លើ​បញ្ហា​នេះ​ឱ្យ​បាន​លឿន​ដើម្បី​ឱ្យ​ប្រជា​ពលរដ្ឋ​អាច​ប្រើ​ប្រាស់​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោ​លន​យោ​បាយ​ឌីជីថល​របស់​រាជរដ្ឋាភិ​បាលដែ​ល​បាន​ដាក់​ចេញ​កន្លង​មក​នេះ​ ។

លោក ជា វ៉ាន់​ដេ​ត បាន​គូស​បញ្ជាក់ថា​ ក្រសួង​នឹង​បន្តធ្វើ​ការ​យ៉ាង​ជិតស្និ​ទ្ធ​ជាមួយ​គ្រប់​តួអង្គ​ទាំងអ​ស់ ជាពិ​សេស​សហ​គមន៍​ធុ​រកិច្ច​ឌីជី​ថល សហ​គ្រាស​ធន​តូច​និង​មធ្យម ​ក្រុម​ហ៊ុន​ធុរកិច្ច​ឌីជីថល និង​ដៃគូ​ពាក់​ព័ន្ធ​ទាំង​អស់ ដើ​ម្បី​ដាក់​ចេញ​នូវ​វិធានការនិង​សកម្ម​ភាព​ជាក់​លាក់ ​សម្រួល និង​គាំទ្រ​ដល់​ការ​ចាប់​យក​និង​កា​រធ្វើបដិវត្ត​ន៍កម្ម​ឌីជីថល​នៅ​កម្ពុជា​សំដៅ​ចាប់យក​នូវ​កាលា​នុ​វត្ត​នៃ​ការវិវត្ត​ឆាប់​រហ័ស នៃ​បច្ចេក​វិទ្យា និង​បដិ​វត្តន៍​ឧស្សា​ហក​ម្ម​ជំនា​ន់ទី​៤​ ៕