សៀមរាបៈ រដ្ឋបាលខេត្ត​មួយចំនួន​បាន​សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដធ្វើយុ​ទ្ធនា​ការ​បោសសម្អាត​អនាម័យ​ និង​បរិស្ថាន​នៅតាម​ទីប្រជុំជនទីក្រុង និង​តាម​ឆ្នេរសមុទ្រដើម្បី​លើកកម្ពស់​ការថែរក្សា​អនាម័យ បរិស្ថាន​ស្អាត និង​ជំរុញ​ការស្រឡាញ់​បរិស្ថាន​ស្អាត​កាន់​ទៅ​ដល់​មហា​ជន។

កាល​ពី​ថ្ងៃទី២១ ខែមេសា​ រដ្ឋ​បាល​ខេត្តសៀម​រាបសហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀម​រាបនិង​សហ​ភាព​សហ​ព័ន្ធយុវជន​កម្ពុជា​ខេត្តបានរៀប​ចំ​បើក​យុ​ទ្ធនា​ការ​បោស​សម្អាត​អនា​ម័យ និង​បរិស្ថាន ​តាម​ដងផ្លូវសំ​ខាន់ៗ ក្នុង​ក្រុង​សៀម​រាប ដើម្បី​លើក​កម្ពស់​សោភណ​ភាព​ក្រុង​សៀម​រាប។

ការធ្វើ​យុទ្ធ​នាការ​នេះ​ដឹកនាំ​ដោយ​លោក អ៊ឹង គឹម​លាង អភិ​បាលរង​ខេត្ត​សៀម​រាបនិង​មានការ​ចូលរួម​ពី​ថ្នាក់ដឹ​កនាំ ម​ន្ត្រីរាជការ​នៃ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត រដ្ឋបាល​ក្រុង ក្រុ​មយុវជន​នៃ​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ខេត្ត លោកគ្រូ​អ្នកគ្រូ សិស្សា​នុសិស្ស និង​ប្រជា​ពលរដ្ឋ​ក្នុង​ក្រុង​សៀម​រាប​ជាច្រើន​រូប​ទៀត។

លោកស្រី លឹម ផល្លី​កា អភិបាល​ក្រុង​សៀម​រាប​ស្តីទី ​លើក​ឡើងថា ថ្ងៃនេះ​រដ្ឋបាល​ខេត្តសៀ​មរាប ការធ្វើ​យុ​ទ្ធនា​ការ​បោស​សម្អាត​អនាម័យ និង​បរិស្ថាន ​តាម​ដងផ្លូ​វសំខាន់ៗក្នុង​ក្រុង​សៀម​រាប ដើម្បី​រួមគ្នា​ជំរុញ​កា​រស្រឡាញ់​បរិស្ថាន​ស្អាត និង​ដើម្បី​លើក​កម្ពស់​សោភណ​ភាព​ក្រុង​ឱ្យមាន​សម្រស់​ស្រស់​ស្អាត​ជាទី​ក្រុង​គ្មាន​សំរាម និង​ជាទី​ក្រុង​ប្រកប​ដោយ​ភាព​ទាក់​ទាញ។

លោកស្រី​ថ្លែងថា៖«ការធ្វើ​យុទ្ធនាការ​នេះ​ដើម្បីឱ្យ​បរិស្ថាន​ស្អាត ស័ក្ដិ​សមជា​កូនចៅ​របស់​ដូនតា​ខ្មែរ​សម័យអង្គរ និង​ពង្រីក​នូវ​គំនិត​ស្រឡា​ញ់​បរិស្ថាន​ដែលជា​អត្ត​សញ្ញា​របស់​សៀម​រាប​ផ្ទះ​ខ្ញុំឱ្យ​កាន់តែ​ធំ​ទូលា​យ​ទៅដល់​មហា​ជន​គ្រប់​ស្រទាប់​ឱ្យ​ស្រឡាញ់​បរិស្ថាន​គ្រប់ៗគ្នា​ដោយ​ចាប់​ផ្តើម​គ្មាន​សំរាម​រាយ​ប៉ាយ​នៅមុខ​ផ្ទះ​រៀងៗ​ខ្លួន»។

លោក អ៊ឹង គឹម​លាង អភិបាល​រង​ខេត្ត​សៀមរាប​លើកឡើ​ងថា បន្ទាប់ពី​រាជរដ្ឋាភិបាល​បានផ្ដល់​ជូន​នូវ​ការក​សាង​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ធផ្លូវ​ចំនួន៣៨ខ្សែ ប្រ​ព័​ន្ធ​លូបង្ហូរ​ទឹក កែលម្អ​ដងស្ទឹង​សៀមរាប កែលម្អ​ស្ថា​បនា​ឱ្យមាន​ផ្លូវ​សម្រាប់​ថ្មើ​រជើង ផ្លូវ​ជិះ​កង់ និង​ជម្រាល​សម្រាប់​ជន​មាន​ពិការភាព​ផង​នោះ​បានធ្វើឱ្យ​ក្រុង​សៀមរាប​ទាំង​មូល​កាន់​តែមាន​សោភណ​ភាព​ស្រស់​បំព្រង ស័ក្ដិ​សមជា​ក្រុង​ទេស​ចរណ៍វ​ប្បធម៌ ប្រវត្តិសាស្ត្រ និង​ធម្មជាតិ។

ការអ​ភិវឌ្ឍ​ថ្មី​នេះ​បាន​បង្កើតបាន​នូវ​ភាព​ទាក់ទាញ​ចំណា​ប់អារម្មណ៍​កាន់តែ​ខ្លាំង​ឡើង​ពី​សំណាក់​ប្រជា​ពលរដ្ឋ​ទាំង​នៅក្នុង​ខេត្ត និង​ក្រៅ​ខេត្តឱ្យ​ចង់​មក​ទស្សនា​ខេត្ត​សៀម​រាប​កាន់តែ​ច្រើន​ឡើង ខណៈ​រយៈពេ​ល ៣ថ្ងៃ​នៃ​ពិធីបុ​ណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​ឆ្នាំ២០២២កន្លង​ទៅនេះ ខេត្ត​សៀមរាបស្ថិតក្នុង​ចំណាត់ថ្នាក់​លេ​ខ៣ក្នុងចំណោម​រាជ​ធានី ខេត្ត​ទាំង២៥ ដែលមាន​អ្នកទេ​សចរ​ចូលមក​ទស្សនា​កម្សាន្ត​ច្រើ​នជាងគេ​។

លោកអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​អាជីវករនិង​ម្ចាស់​អាជីវ​កម្មដ្ឋាន​នានា​ដែល​កំពុង​ប្រកប​អាជីវកម្ម​តាម ដងផ្លូវសំខាន់ៗក្នុង​ក្រុង​សៀមរាប ភោជនីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់​និង​លំនៅឋាន​ឯកជន ឱ្យ​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​ជាប្រចាំ ដោយ​ការ​បោសសម្អាត និង​វេច​ខ្ចប់​សំណល់ សំរាម​ដាក់​ទៅតាម​ធុងសំរាម តាម​គោលដៅ និង​រួសរាន់​បញ្ចេញ​សំរាម​ទៅតាម​ម៉ោង​កំណត់​ដែល​អាជ្ញាធរ​បានកំណត់។

ដោយឡែក​កាលពី​ថ្ងៃទី២០ ខែមេសា​នេះ លោ​ក គួច ចំរើន អភិបាលខេត្ត​ព្រះសីហ​នុ បាន​ដឹកនាំ​ធ្វើ​យុទ្ធ​នាការ​ផ្សព្វផ្សាយ​​ទីក្រុង​ស្អាតឆ្នេរ​ស្អាតដើម្បី​លើកកម្ពស់​សណ្តាប់ធ្នាប់​ប​រិ​ស្ថាននិង​អនាម័យ​សាធារណៈនៅ​ទីតាំង​ឆ្នេរ​អូរ​ឈើទាល២ ក្រុងព្រះសីហនុ​ដោយ​មាន​ការចូលរួម​ពី​លោក​លោក​ស្រី​ជា​អភិបាល​រង​ខេត្តអភិបាល​រងក្រុង​ស្រុកប្រធាន​មន្ទីរ​អង្គភា​ពមន្ត្រីរាជការ កង​កម្លាំង​ប្រដា​ប់អាវុធ សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជល​យាន​ខេត្ត សហគម​ទេសចរ​ណ៍​កោះរ៉ុង សមាគម​សណ្ឋាគារ និង​ភោជនីយ​ដ្ឋាន​សរុប​អ្នកចូ​លរួម​ប្រមាណ ​៥០០​នាក់​ផង​ដែរ។

លោក​ថ្លែង​ថារាជ​រដ្ឋា​ភិបាល​បានដាក់​ចេញ​នូវ​​យុទ្ធ​នាការ​ទស្សនា​ស្រុក​យើង​ក្រោម​ស្មារតី​ស្រឡា​ញ់​ជាតិ សំដៅ​ជំរុញ​ចលនា​ទេសចរផ្ទៃក្នុង​តាមរយៈ​ការបង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​ប្រជាពល​រដ្ឋ​អាច​ធ្វើ​ដំណើរ​បាន​ទូទាំង​ប្រទេសប្រក​បដោយ​សុវត្ថិភាព​ ធានាបាន​​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នា​ប់​សាធារណៈ​តាម​ឆ្នេរសមុទ្រ​ត្រៀម​បង្ការ​ទប់ស្កាត់​គ្រោះធ​ម្មជាតិ និង​​គ្រោះមហន្ត​រាយផ្សេង។​

លោក​បន្តថាខេត្ត​ព្រះសីហនុ​ទទួល​បាន​បរិ​ស្ថាន​ស្អាត​មាន​​ភ្ញៀវទេសច​រមកលេង​កម្សាន្ត​ច្រើនហើយ​យើង​ក៏បាន​យក​ភាពស្រ​ស់ស្អាត​ ក្រោយ​ការរៀបចំ​រប​ស់​យើង​ទៅជា​​បេក្ខភាព​ប្រឡង​ប្រណាំង​ទីក្រុង​ស្អា​តនៃ​ក្រុងព្រះសី​ហនុ។ យើង​នឹង​ទទួល​បាន​ចំណាត់ថ្នា​ក់​ល្អជា​បន្តបន្ទាប់​​ទៀត»។

លោកថា៖«យើង​បើក​យុទ្ធនា​ការដើម្បី​បញ្ចប់​នូវ​សំណល់​ដែល​នៅ​សេស​សល់​ពី​ភ្ញៀវ​ដែល​មក​កម្សាន្ត​ក្នុងឱកាស​បុណ្យចូ​លឆ្នាំ​ខ្មែរ​កន្លងទៅ​ធ្វើឱ្យ​ទីក្រុង​របស់​យើង​មាន​ភាព​ស្អាត​ជាប្រចាំដើម្បីឱ្យ​បេក្ខភាព​ទីក្រុង​ស្អាត​របស់​យើង​ទទួលបាន​ការវាយតម្លៃ​សមស្រប​ក្នុង​ការផ្តល់​ចំណាត់​ថ្នាក់​ទីក្រុង​ស្អាត»។

កាលពី​ថ្ងៃទី២០ ខែ​មេសា​នោះ មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌល​គិរីក៏បាន​ធ្វើ​យុទ្ធនា​ការ​សម្អាត​បរិស្ថាន​ក្នុង​បរិវេណ​ក្រុង​សែន​មនោ​រម្យផងដែរ។ យុទ្ធនា​ការ​នេះ​ដឹកនាំ​ដោយ​លោក ឌិន ប៊ុនធឿន អនុប្រ​ធាន​បរិស្ថាន​ខេត្ត​មណ្ឌលគិ​រី ប្រធាន​មន្ទីរ​បរិស្ថានខេ​ត្តមណ្ឌ​លគិរី ព្រមទាំង​មានការ​ចូលរួម​ពី​មន្ដ្រី មន្ទីរ​បរិស្ថាន និង​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ជាច្រើនរូ​ប​ទៀត។

តាម​រយៈ​យុទ្ធនាការ​​នេះ លោក ឌិន ប៊ុនធឿ​ន បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រមូល​សំរាម​ត្រូវមាន​ភាពម្ចា​ស់ការ​លើ​ខ្លួនឯ​ង ព្រោះ​លោក​មើលឃើ​ញថា ​តាំង​ពីមុន​ពិ​ធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជា​តិរហូ​តមកទល់​ពេលនេះមិនទា​ន់​ឃើញ​ក្រុមហ៊ុន​ប្រមូល​សំរាម​វិល​ត្រឡប់មក​ប្រមូល​សំរាម​ក្នុង​ក្រុង​សែន​មនោ​រម្យ​វិញ​ទេ ​ដូ​ច្នេះ​ទើប​មន្ទីរ​បរិស្ថាន​បាន​ប្រើប្រាស់​ធនធាន​ផ្ទាល់​ដើម្បី​ប្រមូល​សំរាម​ក្នុង​ក្រុង​សែន​មនោ​រម្យ។

លោក​សំណូមពរ​ដល់​ស្ថាប័ន​សាធារណៈ និង​ឯកជន អាជ្ញា​ធរ​គ្រប់លំដាប់​ថ្នាក់​ ប្រជាពលរដ្ឋ​ចូលរួម​ធ្វើ​អនាម័​យ និង​ថែរក្សា​បរិស្ថាន​ជាប្រចាំ​នៅតាម​មូលដ្ឋាន​​របស់ខ្លួន និង​ស្នើឱ្យ​អាជ្ញាធរ​មូលដ្ឋាន ជាមួយ​អ្នកពាក់​ព័ន្ធ​ធ្វើ​ការអប់រំ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​ពលរដ្ឋ​ពី​ការ​គ្រប់​គ្រង​ទុកដាក់​សំរាម និង​សំណល់​រឹង​ឱ្យបាន​ត្រឹម​ត្រូវ​ផងដែ​រ។

លោក ប៊ុន​ធឿន ថ្លែងថា៖«ខ្ញុំ​សង្ឃឹមថា​ការធ្វើ​យុទ្ធនា​ការសម្អាត​នេះ​នឹង​ក្លាយជា​ចរន្ត​ចលករ​ដែល​ជំរុញ​ឱ្យមានការ​ផ្តើម​ធ្វើ​សកម្ម​ភាព​មេត្រីភាព​បរិស្ថាន​ចេញពី​បុគ្គលម្នាក់ៗក្នុង​ការចេះ​ទទួល​ខុស​ត្រូវ​ក្នុងការ​ទុកដាក់​សំរាម ​សំណល់​រឹង និង​មិន​បោះចោល​ពាស​វាល​ពាសកា​ល​នៅតាម​ទីសាធា​រណៈ​ជាហេតុ​ធ្វើឱ្យប៉ះ​ពាល់​ដល់​សោភ​ណភាព​ទីក្រុង​ដែល​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ​មួយ​នេះ ជា​ពិសេស​គឺ​សេចក្តី​ថ្លៃថ្នូ​រ​របស់​ខ្លួន​យើង​ផ្ទាល់»​៕