ភ្នំពេញៈ ក្រុមមន្ត្រី​ជាន់ខ្ពស់​ នៃ​ក្រសួងការពារជាតិ​ មកពី​បណ្តា​ប្រទេស​អាស៊ាន​ទាំង១០ និង​អាស៊ាន​បូក បាន​​ឯកភាពគ្នា​ជំរុញ​កិច្ចសហប្រតិបត្តិការ​ក​ង​ទ័ព ​នៃ​បណ្តា​ប្រទេស​អាស៊ាន​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​ឆ្លងដែន ព្រមទាំង​ជំរុញ​យន្តការ​ គាំទ្រ​ដល់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន​។

ការឯកភាព​គ្នា​នេះ ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន (ADSOM WG) និង​កិច្ចប្រជុំ​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន បូក (ADSOM-Plus WG) តាម​ប្រព័ន្ធ​វីដេអូ​នា​ថ្ងៃទី ២០-២១ ខែមេសា ដែល​រៀបចំ​ដោយ​អគ្គនាយកដ្ឋាន​នយោបាយ​និង​កិច្ច​ការបរទេស ក្រសួងការពារជាតិ​ក​ម្ពុ​ជា។

កិច្ចប្រជុំ​ប្រជុំ​ទាំងពីរ​នេះ ដឹកនាំ​ដោយ​លោក ឡៃ ចិន្តា អគ្គនាយករង​ នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​នាយក​នាយកដ្ឋាន​កិច្ចការ​អាស៊ាន និង​ជា​ប្រធាន​ក្រុមការងារ​ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ​អាស៊ាន-កម្ពុជា ដោយមាន​ការចូលរួម​ពី​សំណាក់​ប្រធាន​ក្រុមការងារ​ ឧ​ត្ត​ម​មន្ត្រី​ការពារជាតិ ​នៃ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​បណ្តា​ប្រទេស​អាស៊ាន​បូក និង​អគ្គលេខាធិការដ្ឋាន​អាស៊ាន ក្រោម​មូលបទ «សាមគ្គីភាព ​ដើម្បី​សន្តិសុខ ប្រកបដោយ​ភាព​សុខដុម»។

សេចក្តីប្រកាស​ព័ត៌មាន​ នាយកដ្ឋាន​ព័ត៌មាន ក្រសួងការពារជាតិ​ក​ម្ពុ​ជា​ បញ្ជាក់​នា​ថ្ងៃទី២១ ខែមេសា ថា៖ «អង្គប្រជុំ​បាន​ឯកភាព​ លើ​ឯកសារ​ទស្សនទាន​ចំនួន​បី​ ដែល​ផ្តួចផ្តើម​ដោយ​កម្ពុជា ក្នុង​គោលដៅ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ ការពា​រ​ជាតិ​ រវាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ក្នុង​វិស័យ​ដូចជា ១-ការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ​កងទ័ព​បណ្តា​ប្រទេស​អាស៊ាន​ ក្នុងការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​ជំងឺឆ្លង​ដែន ២-ការលើក កម្ពស់​យន្តការ​គាំទ្រ​សម្រាប់​ស្ត្រី​រក្សា​សន្តិភាព​អាស៊ាន និង៣-ការបង្កើត​កិច្ចសហការ​រវាង​ស្ថាប័ន​អប់រំ​យោធា​អាស៊ាន»។

សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បន្តថា ឯកសារ​ពិភាក្សា​ចំនួន​ពីរ​ ដែល​ផ្តួចផ្តើម​ដោយ​កម្ពុជា ក៏ត្រូវ​បាន​ឯកភាព ផងដែរ​ ទី១គឺ​ការបង្កើត​ទំនាក់ទំនង​រវាង​គំនិត​ផ្តួចផ្តើម​អនុវត្ត​ច្បាប់​លម្ហ​សមុទ្រ​អាស៊ីអាគ្នេយ៍ (SEAMLI) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន​បូក (ADMM-Plus) នៅក្នុង​តំបន់​សន្តិសុខ​លម្ហ​សមុទ្រ និង​ទី២គឺ​ការឆ្លុះបញ្ចាំង​ប្រវត្តិសាស្ត្រ​យោធា ដើម្បី​លើក​កម្ពស់​​សន្តិភាព​ប្រកបដោយ​ចីរភាព។

អង្គប្រជុំ​ក៏បាន​ឯកភាព​ លើ​សេចក្តីព្រាង​សេចក្ដីប្រកាស​រួម​រដ្ឋមន្ត្រី​ការពារជាតិ។

ជា​មួយ​គ្នា​នេះ អង្គប្រជុំ​បាន​ឯកភាព​ លើ​ការប្រុងប្រៀប​រៀបចំ​កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង ប្រទេស​បូក ឆ្នាំ២០២២ ដោយបាន​សម្រេច​ជ្រើស​រើសយក ៤ ប្រទេស ក្នុងនោះ​មាន ២ ប្រទេស ស្របពេល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន និង២ប្រទេស​ទៀត ស្របពេល​កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​ការពារជាតិ​អាស៊ាន។

លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជា ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី២១ ខែមេសា ថា កិច្ចសហប្រតិបត្តិការ និង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​បណ្តា​ប្រទេស​​ទាំងអស់​ នៅក្នុង​តំបន់​គឺជា​រឿង​សំខាន់​ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​ឆ្លងដែន។

លោក​បន្តថា ការចែករំលែក​បទពិសោធ​ និង​ព័ត៌មាន​ទៅវិញទៅមក​ ពាក់ព័ន្ធ​បញ្ហា​ជំងឺ​រាតត្បាត​ឆ្លងដែន​ទាំងអស់នេះ ​ក៏​ជា​រឿង​ចាំបាច់​ផងដែរ ដោយ​លោក​ថ្លែងថា៖ «ក្រៅពី​ហ្នឹង ការជួយ​គ្នា​ទៅវិញទៅមក ការឧបត្ថម្ភ​នូវ​អ្វីដែល​ចាំបាច់​ សម្រាប់​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​រាតត្បាត​ទាំងអស់​ហ្នឹង»។

ដោយឡែក កាលពី​ថ្ងៃទី២០ ខែមេសា​លោកស្រី អ៊ា​ត សោភា រដ្ឋលេខាធិការ និង​ជា​ឧត្ដមមន្ត្រី​អាស៊ាន​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​រួម​នៃ​ឧត្ដមមន្ត្រី​អាស៊ាន ដើម្បី​ពិភាក្សា​អំពី ការធ្វើ​បច្ចុប្បន្នភាព ​លើ​អាទិភាព​អាស៊ាន និង​វឌ្ឍនភាព​ នៃ​ឯកសារ​សមិទ្ធផល​ឆ្នាំ២០២២ ការតភ្ជាប់​អាស៊ាន និងបញ្ហា​​ការសម្របសម្រួល​អន្តរ​វិស័យ និង​អន្តរ​សរសរ​ស្តម្ភ។

ក្រសួងការបរទេស​ក​ម្ពុ​ជា​ បញ្ជាក់​នា​ថ្ងៃទី២១ ខែមេសា​ថា​ កិច្ចប្រជុំ​នេះ ​ក៏មាន​ការពិភាក្សា​អំពី​ភាពជា​ដៃគូ​របស់​អាស៊ាន ​ជាមួយ​ដៃគូ​សន្ទនា​ តាម​វិស័យ និង​ដៃគូ​អភិវឌ្ឍន៍ ព្រមទាំង​បែបបទ​ការងារ​ ក្រោម​គំនិត​ផ្ដួចផ្ដើម​ជា​យុទ្ធសាស្ត្រ និង​គ្រប់​ជ្រុងជ្រោយ ដើម្បី​ផ្សាភ្ជាប់​ការឆ្លើយតប​របស់​អាស៊ាន ​ចំពោះ​គ្រោះមហន្តរាយ និង​ការសង្គ្រោះ​បន្ទាន់ (ASEAN SHIELD)។

នៅក្នុង​កិច្ចប្រជុំ​នេះ​ តំណាង​ក្រសួង​អប់រំ យុវជន និង​កី​ទ្បា និង​ក្រសួងពាណិជ្ជកម្ម ក៏បាន​លើក​ឡើង​ពី​វឌ្ឍនភាព​ នៃ​គំនិត​ផ្តួចផ្តើម ​របស់​កម្ពុជា ​ក្រោម​សរសរ​ស្តម្ភ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​សរសរ​ស្តម្ភ​សង្គម​វប្បធម៌​អាស៊ាន​ផងដែរ។

នៅ​ថ្ងៃ​ដដែល​នេះ​ផង​ដែរ​លោកស្រី​ក៏បាន​ដឹកនាំ​កិច្ចប្រជុំ​ដោយឡែក​មួយទៀត ​គឺ​កិច្ចប្រជុំ​លើក​ទី៨ នៃ​ក្រុមការងារ​របស់​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន​ សម្រាប់​គ្រោះអាសន្ន​សុខភាព​សាធារណៈ (8th ACCWG-PHE)ដោយមាន​ការពិភាក្សា​អំពី​ការអនុវត្ត​គំនិត​ផ្តួចផ្តើមសំខាន់ៗ របស់​អាស៊ាន ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ-១៩៕