លោក ឈឹម សេរីភួន វ័យ​ ៦៨​ ឆ្នាំ ជា​អ្នកសារព័ត៌មាន​ ១​ រូប ដែល​បាន​ប្រឡូក​ក្នុង​វិស័យនេះ​តាំងពី​សម័យ​សាធារណរដ្ឋ​ខ្មែរ គឺ​ចាប់តាំងពី​លោក​មាន​វ័យ​ ១៨ ​ឆ្នាំ​មក​ម្ល៉េះ ដោយ​លោក​បាន​ចំណាយពេល​ក្នុង​ការសិក្សា​បណ្តើរ និង​ឆ្លៀតពេល​សរសេរ​ជា​អត្ថបទ​ព័ត៌មាន​បណ្តើរ បើទោះបី​ជា​លោក​មិន​បាន​ទទួល​កម្រៃ​អ្វី​ពី​ការចុះផ្សាយ​លើ​ទំព័រ​កាសែត «​ខ្មែរ​អង្គរ​» ក៏ដោយ​។

ព័ត៌មាន​ដែល​លោក ឈឹម សេរីភួន ​ចូលចិត្ត​សរសេរ និង​ផ្តោត​សំខាន់ គឺ​ការវិភាគ​នយោបាយ និង​ប្រវត្តិ​របស់​មនុស្ស​សំខាន់ៗ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា ដែល​លោក​ត្រូវបាន​អ្នកអាន និង​អ្នកនយោបាយ​ខ្មែរ​ស្គាល់​រូបលោក​ច្បាស់​ផងដែរ​ពី​ស្នាដៃ​និង​កេរ្តិ៍ឈ្មោះ​របស់លោក​។

លោក ឈឹម សេរីភួន បាន​ប្រឡូក​ក្នុង​វិស័យ​សារព័ត៌មាន​ពី​ឆ្នាំ​ ១៩៧២ ដល់​ឆ្នាំ​ ២០២១ ហើយ​ស្នាដៃ​ចុងក្រោយ​បំផុត​ដែល​លោក​បាននិង​កំពុង​ផលិត គឺ​សៀវភៅ​ដ៏សំខាន់​មួយ​ក្បាល​ដែលមាន​ចំណងជើង​ថា «​របត់​នយោបាយ សីហនុ​-​លន់ នល់-​ប៉ុល ពត-​ហ៊ុន សែន​» ដែល​លោក​បាន​ចំណាយពេល​រហូតដល់​ ២០ ​ឆ្នាំ​ដើម្បី​ចេញ​ជា​ស្នាដៃ​មួយ​នេះ​។ តទៅ​នេះ ជា​បទសម្ភាស​លោក ឈឹម សេរីភួន អំពី​ការខិតខំ​ប្រឹងប្រែង​របស់​លោក​ក្នុងការ​សរសេរ​សៀវភៅ​ ១ ​ក្បាល​នេះ ដែល​លោក​ថា អាច​នឹងមាន​ដល់​ជិត​ ១០ ​ភាគ​៖

ហេតុអ្វី​បានជា​លោក​ចាប់អារម្មណ៍​មក​សរសេរ​សៀវភៅ​ទាក់ទង​នឹង​នយោបាយ​នេះ​?

មុនពេល​បោះពុម្ព​ចេញ​ជា​សៀវភៅ​នេះ ខ្ញុំ​បាន​ចុះផ្សាយ​អត្ថបទ និយាយ​ពី​របត់​នយោបាយ «​សីហនុ​-​លន់ នល់​-​ប៉ុល ពត​-​ហ៊ុន សែន​» នៅលើ​ទំព័រ​នៃ​កាសែត​នគរធំ​ម្តង​ ១​ លេខៗ ក្នុងអំឡុង​ឆ្នាំ​ ២០១២-២០១៣ ដែល​ឯកសារ​ទាំងអស់នេះ ខ្ញុំ​បាន​ប្រមូល​តាំងពី​ឆ្នាំ ​២០០០ ​មក​ម្ល៉េះ​។ ពេលនោះ គឺ​អត្ថបទ​នេះ​ល្បី​ណាស់ អ្នកណា​ក៏​ចង់​មើល ចង់​តាមដាន​ដែរ​ជាពិសេស​អ្នកធ្វើនយោបាយ​តែម្តង ដោយ​មិនអាច​រំលង​បានឡើយ​រហូត​មាន​អ្នក​មករក​អត្ថបទ​របស់​ខ្ញុំ​នេះ​ដល់​កន្លែង​ធ្វើការ​តែម្តង​។ ការផលិត​ជា​សៀវភៅ​នេះ​ឡើង គឺ​ដោយសារ​ខ្ញុំ​ចង់ឱ្យ​ប្រជាពលរដ្ឋ​-​ខ្មែរ ពិសេស​អ្នក​សម័យនេះ​បាន​យល់ដឹង​ច្បាស់​ពី​ប្រវត្តិសាស្ត្រ និង​នយោបាយ​របស់​ប្រទេស​របស់ខ្លួន ដោយសារ​រឿង​ប្រវត្តិសាស្ត្រ​ខ្លះ​ទាក់ទង​នឹង​ខ្មែរ​យើង​ត្រូវបាន​ប្រឌិត​ឡើង​ដោយ​អ្នកនយោបាយ​មួយចំនួន​ផងដែរ​។

លោក​ចំណាយពេល​ ២០​ ឆ្នាំ ក្នុងការ​និពន្ធ​ចេញ​សៀវភៅ​ ១ ​ក្បាល​នេះ ហេតុអ្វី​បានជា​លោក​ចំណាយពេល​យូរ​ដូចនេះ​?

ខ្ញុំ​បាន​ចំណាយពេល​ក្នុង​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ទាំងអស់នេះ​រួមផ្សំ​នឹង​ការចងចាំ​ផងដែរ​ដែល​យើង​បាន​ចូលរួម​ផ្ទាល់​ក្នុង​ព្រឹត្តិការណ៍​ដែល​បានកើត​ឡើង​កាលពី​ខ្ញុំ​នៅ​ក្មេង នៅ​ជា​សិស្ស​មក​ម្ល៉េះ ហើយ​គួបផ្សំ​នឹង​ការចូល​ចិត្ត​អាន​កាសែត សៀវភៅ​ផងដែរ​។ ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​ស្រាវជ្រាវ​តាំងពី​ឆ្នាំ​ ២០០០ ​មក ហើយ​ម្យ៉ាង​ខ្ញុំ ជា​អ្នក​ដែល​ចូលចិត្ត និង​បាន​សរសេរ​នូវ​អត្ថបទ​វិភាគ​​នយោបាយ​ច្រើន ដែល​ខ្ញុំ​បាន​អាន និង​ស្រាវជ្រាវ​បាន​ច្រើន​ពី​ប្រវត្តិសាស្ត្រ​នយោបាយ​ស្រុក​-​ខ្មែរ​ពី​សម័យ​ លន់ នល់ ប៉ុល ពត និង​សម្តេចឪ ដើម្បី​ងាយស្រួល​សរសេរ​។ រហូតមកដល់​ឆ្នាំ​ ២០២០-២០២១ នេះ គឺ​រយៈពេល​ជាង​ ២០ ​ឆ្នាំ​ហើយ​ទម្រាំ​ចេញ​បានជា​សៀវភៅ​នេះ​។

តើ​លោក​មាន​អំណះអំណាង​អ្វីខ្លះ ដើម្បី​ឱ្យ​អ្នកអាន​ជឿ​លើ​សំណេរ​របស់លោក​?

ខ្ញុំ​មិនអាច​ហ៊ាន​ថា សៀវភៅ​នេះ​ល្អឥតខ្ចោះ​ឬ​យ៉ាងណា​នោះទេ ប៉ុន្តែ​ក្រោយពី​ចេញ​សៀវភៅ​នេះ​មក ឬ​ខ្ញុំ​អាច​និយាយថា តាំងពី​មាន​អត្ថបទ​ចេញ​នៅតាម​ទំព័រ​កាសែត​ពី​ប្រវត្តិសាស្ត្រ​នយោបាយ​ទាំងនេះ​គឺមាន​អ្នកអាន​គាំទ្រ​ច្រើនណាស់ ហើយ​នៅពេល​ដែល​បោះពុម្ព​ចេញ​ជា​សៀវភៅ​ដូចនេះ​ទៀត គឺមាន​តាំងពី​ថ្នាក់ដឹកនាំ​ដែល​បាន​មើល​ហើយ​គឺ​ជក់ចិត្ត​តែម្តង​។ ខ្ញុំ​សុំ​បញ្ជាក់​ផងដែរ​ថា សៀវភៅ​នេះ បាន​បោះពុម្ព​បាន​ភាគ​ ១ ​កាលពី​ចុងឆ្នាំ ​២០២១​ និង​ភាគ​ ២ កំពុងធ្វើការ​បោះពុម្ព ដោយមាន​ការគាំទ្រ​ពី​សម្តេច​ក្រឡាហោម ស ខេង ហើយ​ខ្ញុំ​ក៏មាន​គម្រោង​រៀបចំ​បន្តទៀត ដែល​អាច​នឹងមាន​រហូត​ដល់​ជិត​ ១០​ ភាគ​ឯណោះ​។ មកដល់​ពេលនេះ ខ្ញុំ​បាន​សរសេរ​ទើបតែ​បាន ​២ ​ភាគ ដែលមាន ​៦០០​ ទំព័រ និង​ទើបតែ​ដល់​សម័យ​ឆ្នាំ​ ១៩៥៨​។ ខ្ញុំ​ជឿជាក់ថា អ្នក​ដែល​បាន​អាន​សៀវភៅ​ទាំងនេះហើយ​ប្រាកដជា​ជក់ចិត្ត​។

មាន​បងប្អូន​ខ្មែរ​យើង ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី និង​សហរដ្ឋអាមេរិក​បាន​សំណូមពរ​មក​ខ្ញុំ​ឱ្យ​ផ្ញើ​សៀវភៅ​នេះ ដល់​ពួកគាត់​ដែរ ដោយសារ​គាត់​ចូលចិត្ត និង​ចង់​អាន​សៀវភៅ​នេះ​ណាស់​។ ខ្ញុំ​ពិតជា​សប្បាយ​ចិត្តខ្លាំង​មែនទែន​ដែល​អ្នកអាន​ផ្តល់​តម្លៃ​ដល់​សៀវភៅ​របស់ខ្ញុំ​។

ខ្ញុំ​ហ៊ាន​អះអាងថា អ្នក​ដែល​បាន​អាន​សៀវភៅ​ខ្ញុំ​ហើយ​នឹង​យល់​ពី​ប្រវត្តិសាស្ត្រ​ដែល​ពិត និង​ជឿ​ទាំងស្រុង ដោយសារ​ខ្ញុំ​មាន​អំណះអំណាង​ច្បាស់ មាន​ភាព​ប្រទាក់ក្រឡា​គ្នា មាន​ហេតុផល​ច្បាស់លាស់ និង​មាន​ឯកសារ​យោង​ត្រឹមត្រូវ ហើយ​សៀវភៅ​នេះ ចេញមក​ក៏​មិនមាន​អ្នកណា​ប្រតិកម្ម​ដែរ សូម្បីតែ​ខាង​ព្រះបរមរាជវាំង​។

តើ​មានការ​ពិបាក​បែបណាខ្លះ​ក្នុង​ការស្វែងរក​ឯកសារ រូបភាព និង​អំណះអំណាង​ផ្សេងៗ​?

ពិតជា​មិន​ងាយស្រួល​ទេ ជួនកាល​ខ្លឹមសារ​តែ ​២​ ទៅ​ ៣​ បន្ទាត់​សោះ ខ្ញុំ​ត្រូវ​ចំណាយពេល​ជាច្រើន​ថ្ងៃ​ក្នុង​ការរក​វា​ហើយ​ជួនកាល​យើង​តាមរក​ប្រភព​ដើម្បី​ដាក់​ក្នុង​អត្ថបទ​យើង ក៏ត្រូវ​ចំណាយពេល និង​ថវិកា​ក្នុងការ​ស្រាវជ្រាវ​រុករក​ដែរ​។ សៀវភៅ​នេះ​ចេញ​ដំបូង មិនមាន​អ្នកតូចតាច​បាន​មើល​ទេ ដោយសារ​ពេល​បោះពុម្ព​ហើយ​គឺ​ត្រូវបាន​ចែកចាយ​ទៅដល់​មន្ត្រី​ធំៗ​ក្នុង​ជួរ​រាជរដ្ឋាភិបាល និង​អ្នក​នយោបាយ​។ សម្តេច​ក្រឡាហោម ស ខេង បាន​វាយតម្លៃថា សៀវភៅ​នេះ​ល្អ និង​ចង់ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ផ្សេងៗ បាន​អាន និង​ស្វែងយល់​បន្ថែមទៀត ទើប​លោក​បាន​ចែកជូន​ដល់​ពួកគាត់​។

តើ​លោក​ចង់ឱ្យ​អ្នក​សារព័ត៌មាន​គ្រប់រូប​ ឬ​ភាគច្រើន គួរតែមាន​ស្នាដៃ​សរសេរ​ជា​សៀវភៅ​ ឬ​ជា​ឯកសារ​អ្វីមួយ​មុននឹង​ឈាន​ជើង​ចេញពី​អាជីព​មួយ​នេះដែរ​ឬ​ដែរ​?

ខ្ញុំ​យល់ថា ក្នុង​នាម​យើង​ជា​អ្នកសារព័ត៌មាន​មួយរូប គួរតែមាន​អ្វីមួយ​ទុកជា​ស្នាដៃ​ជា​សៀវភៅ​ ឬ​ជាការ​ស្រាវជ្រាវ អី​មួយ​ទុក​សម្រាប់​ក្មេងៗ​ជំនាន់​ក្រោយ ឬ​ចងក្រង​នូវ​អត្ថបទ​ព័ត៌មាន​ដែល​យើង​បាន​សរសេរ​ទាំងអស់ បោះពុម្ព​ជា​សៀវភៅ ទុកជា​ស្នាដៃ​របស់​ខ្លួនឯង​។ ខ្ញុំ​សរសេរ​អត្ថបទ​ច្រើនណាស់ ប៉ុន្តែ​មិនបាន​ប្រមូល​ទុក ហើយ​ណាមួយ​សន្លឹក​កាសែត​ទុក​យូរ​វារេច​រិល​អស់​។ ដូចនេះហើយ​បាន​ជា​ខ្ញុំ​មាន​ការ​ចងក្រង​ជា​សៀវភៅ​នេះ​ឡើង និង​មាន​អត្ថប្រយោជន៍​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយៗ​ទៀត​។

តើ​លោក​មាន​មោទនភាព​ទេ ដែល​អាច​សរសេរ​ជា​សៀវភៅ​ដែលមាន​ការទទួលស្គាល់ និង​ឱ្យ​តម្លៃ​ពី​អ្នកអាន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ដូចនេះ​?

ខ្ញុំ​សប្បាយ​ចិត្តខ្លាំង ប៉ុន្តែ​ខ្ញុំ​មិនមាន​មោទនភាព​អី​ខ្លាំងក្លា​នោះទេ បើ​ប្រៀបធៀប​ជាមួយនឹង​អ្នកនិពន្ធ​ផ្សេងៗ ឬ​បណ្ឌិតៗ​ដែល​រៀនសូត្រ​បាន​ច្រើន​។ ខ្ញុំ​រៀន​បាន​តិចតួច ខ្ញុំ​បានបញ្ចប់​ការសិក្សា តាំងពី​ឆ្នាំ​ ១៩៧៥ ​មក​ម្ល៉េះ តែ​យ៉ាងណា​ក៏ដោយ មាន​មនុស្ស​ជាច្រើន​បានបង្ហាញ​ពី​ការពេញចិត្ត ចូលចិត្ត​សៀវភៅ​របស់ខ្ញុំ​៕