ព្រៃវែងៈ អន្តរក្រសួង គាំទ្រ​ចំពោះ​ការសិក្សា​ពី​ការកំណត់ និង​រៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​អតីត នគរភ្នំ-​ឈើកាច់-​បាភ្នំ ដែលជា​ទីតាំង​ដ៏សំខាន់ នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​នគរ​គោកធ្លក ឬ​នគរ​ភ្នំ​ដើមកំណើត​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ថិត​នៅក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ​។

លោក​ សាយ សំអាល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ស្តីពី​ការសិក្សា កំណត់​ និង​រៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ​នគរភ្នំ​-​ឈើកាច់​បាភ្នំ ស្ថិតនៅក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើកាច់ ស្រុក​បាភ្នំ កាលពី​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ ​២០២២ នៅ​ទីស្ដីការ​ក្រសួង​បរិស្ថាន​។

កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្រសួងមហាផ្ទៃ ក្រសួង​ការពារជាតិ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​រ៉ែ និង​ថាមពល ក្រសួង​ទេសចរណ៍ និង​តំណាង​រដ្ឋបាល​ខេត្តព្រៃវែង​។

តាម​របាយការណ៍​កិច្ចប្រជុំ​ឱ្យដឹងថា​៖ «​មតិរួម​របស់​អន្តរក្រសួង​បាន​គាំទ្រ​ចំពោះ​ការសិក្សា កំណត់ និង​រៀបចំ​បង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ នគរភ្នំ​-​ឈើកាច់​បាភ្នំ ដែលជា​ទីតាំង​ដ៏សំខាន់​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​នគរ​គោកធ្លក​ ឬ​នគរ​ភ្នំ​ដើមកំណើត​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​»​។

បើតាម​របាយការណ៍ អង្គប្រជុំ​បាន​ឯកភាព​ជូន​ក្រុម​ការងារ​អន្តរក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចុះ​ពិនិត្យ សិក្សា​ចុងក្រោយ​លើ​ទីតាំង​ជាក់ស្ដែង និង​កំណត់​តំបន់​គ្រប់គ្រង ព្រមទាំង​ដោះស្រាយ​ផលប៉ះពាល់​នានា មុននឹង​ក្រសួង​បរិស្ថាន និង​ក្រសួង​វប្បធម៌ ស្នើសុំ​ការសម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល​លើ​ការបង្កើត​តំបន់​បេតិកភណ្ឌ​ធម្មជាតិ និង​វប្បធម៌​ប្រវត្តិសាស្ត្រ នគរភ្នំ​-​ឈើកាច់​បាភ្នំ​។

ទិដ្ឋភាព​ភ្នំ​ឈើកាច់ ក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ រូបថត ហ្វេសប៊ុក

លោក អ៊ុក សេរីវុធ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ដ​ព្រៃវែង​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពីថ្ងៃ​ទី​ ២១​ មេសា​ថា ភ្នំ​ឈើកាច់ ស្ថិត​ក្នុងភូមិ​មាត់ព្រៃ ឃុំ​ឈើកាច់ ស្រុក​បាភ្នំ​។ ភ្នំ​នេះ មាន​ចម្ងាយ ៧៨ ​គីឡូម៉ែត្រ ពី​ទីក្រុង​ភ្នំពេញ និង​មាន​ចម្ងាយ ៤៥ គីឡូម៉ែត្រ ពី​ក្រុង​ព្រៃវែង​។

រមណីយដ្ឋាន​បាភ្នំ​មាន​ប្រជុំភ្នំ​ចំនួន​ ៤ នៅ​ផ្ដុំគ្នា គឺ​ភ្នំ​សំពៅ ភ្នំ​ស្អាង ភ្នំ​ធំ និង​ភ្នំ​បញ្ជរ​។ បាភ្នំ ជា​រាជធានី​ចាស់​ឈ្មោះថា នគរ​ភ្នំ គឺ​ស្ថិត​នៅក្បែរ​ភ្នំ​ទាំងឡាយ​ក្នុងស្រុក​បាភ្នំ ដែល​បច្ចុប្បន្ន​នៅ​បន្សល់​ស្លាកស្នាម​ខ្លះៗ​ប៉ុណ្ណោះ ដូចជា ប្រាសាទបុរាណ​មួយ​ឈ្មោះថា ប្រាសាទ​ច័ន្ទ ស្ថិតនៅ​ចំ​ពីមុខ​វត្ត​វិហារ​គុក ក្បែរ​ជើងភ្នំ​សំពៅ ក្នុង​ឃុំ​ជើងភ្នំ​។

លោក​ថ្លែងថា​៖ «​ភ្នំ​ឈើកាច់​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​នៃ​នគរ​គោកធ្លក និង​មាន​ប្រវត្តិ​រឿង​ជា​ប្រពៃណី​ខែ្មរ​ជាច្រើន​។ ក្នុង​ប្រវត្តិ​រឿង​ទុំទាវ ភ្នំ​ឈើកាច់​ជា​កន្លែង​ដែល​នេនទុំ​បាន​សាង​ផ្នួស​នៅទីនេះ​ផងដែរ​»​។

លោក​ឱ្យដឹងថា រមណីយដ្ឋាន​នគរភ្នំ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ប្រវត្តិសាស្ត្រ​ខ្មែរ​សម័យ​នគរភ្នំ ស្ថិតនៅ​ទឹកដី​ស្រុក​បាភ្នំ​។ ភ្នំ​ឈើកាច់​នេះ គឺជា​អតីត​រាជធានី​ខ្មែរ​ដំបូង​គេ​បង្អស់​មាន​ឈ្មោះថា «​នគរ​ភ្នំ ឬ​ហ៊្វូណន​» ដែល​កសាងឡើង​នៅក្នុង​រជ្ជកាល​ព្រះបាទ​ហ៊ុន ទៀន នៅក្នុង​សតវត្សរ៍​ទី​ ១​។

លោក ទេព ទេបវង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ដ​ព្រៃវែង​ថ្លែងថា ខេត្ត​ព្រៃវែង មាន​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ តែ​ ១ ​កន្លែង​នេះ​ទេ គឺ​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​នគរភ្នំ និង​មាន រមណីយដ្ឋាន​ធម្មជាតិ​ចំនួន ៣​ កន្លែង គឺ​រមណីយដ្ឋាន​ទួលព័ន្ធ​តាឡី​បឹងស្នេហ៍ (​ស្រុក​បាភ្នំ​) រមណីយដ្ឋាន​ស្ទឹងចារ (​ស្រុក​កំចាយមារ​) និង​រមណីយដ្ឋាន​ដីដុះ (​ស្រុក​ពាមជរ​)​។ ក្រៅពីនេះ​ខេត្តព្រៃវែង​មាន​រមណីយដ្ឋាន​វប្បធម៌​ចំនួន​ ៣​ កន្លែង គឺ​រមណីយដ្ឋាន​ទួល​បារាយ​អណ្ដែត ទួល​អស់​លោក​ប្រធាតុ (​ក្រុង​ព្រៃវែង​) និង​រមណីយដ្ឋាន​ប្រាសាទព្រៃ​ដើម​ស្រុក (​ស្រុក​ស៊ីធរ​កណ្ដាល​)​។

លោក​បញ្ជាក់ថា​៖ «​រមណីយដ្ឋាន​ប្រវត្ថិសាស្ដ្រ​នគរ​ភ្នំ គឺជា​កន្លែង​ទេសចរណ៍​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ខេត្ដ​ព្រៃវែង​ដោយសារ​លើ​ភ្នំ​នេះ មាន​ទេសភាព​ប្រាសាទបុរាណ និង​ព្រៃឈើ​ធ្វើឱ្យ​អាកាសធាតុ​មាន​ខ្យល់​ត្រជាក់​ដែលនាំឱ្យ​ទេសចរ​តែងតែ​ទៅ​កម្សាន្ត​»​។

លោក​ឱ្យដឹងថា ក្នុងពេល​ចូលឆ្នាំ​ខ្មែរ​កន្លងទៅ​ថ្មីៗ​នេះ មាន​ទេសចរ​ជាតិ​ទៅ​ដើរលេង​កម្សាន្ត​ជាង ៣៥ ​ម៉ឺន​នាក់​៕