
លោក អុល ប៊ុណ្ណា ស្នងការរងខេត្តកណ្តាលត្រូវបានកោះហៅបំភ្លឺករណីបំភាន់ និងហិង្សា។ រូបfb
កណ្តាលៈ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកណ្តាល លោកសេង រិទ្ធី ចេញដីកាកោះហៅស្នងការរងនគរបាលខេត្តកណ្តាលម្នាក់ ឈ្មោះ អុល ប៊ុណ្ណា ឱ្យចូលមកបំភ្លឺនៅថ្ងៃទី ២៦ ខែមេសា ពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត។ លោកស្នងការរង បដិសេធរឿងនេះ ហើយបញ្ជាក់ថា នឹងចូលខ្លួនតាមការកោះហៅរបស់តុលាការ។
ដីកាកោះរបស់លោក សេង រិទ្ធី ចុះថ្ងៃទី ៨ ខែមេសា ដែលភ្នំពេញ-ប៉ុស្តិ៍ទទួលបាន នៅថ្ងៃទី ២១ ខែមេសា បង្ហាញថា អយ្យការអមសាលាដំបូងខេត្តកណ្តាលអញ្ជើញឈ្មោះ អុល ប៊ុណ្ណា សញ្ជាតិខ្មែរជាជនសង្ស័យ មានទីលំនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាលឱ្យចូលមកកាន់អយ្យការអមសាលាដំបូងខេត្តកណ្តាល នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២២ វេលាម៉ោង ៨ និង ៣០ នាទីព្រឹក។
ដីកាដដែលឱ្យដឹងថា ការកោះហៅនេះ ដើម្បីសាកសួរជនសង្ស័យពីដំណើររឿងបំភាន់មន្ត្រីសុរិយោដី និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិតតាមពាក្យបណ្តឹងរបស់ឈ្មោះ ប៊ុន ចាន់សុទ្ធា កាលពីថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២។ ដីកានោះបញ្ជាក់ថា៖ «សាមីខ្លួនត្រូវអញ្ជើញតាមដីកានេះឱ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផងប្រសិនបើមាន»។
លោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្លែងនៅថ្ងៃទី ២១ ខែមេសាថា លោកមិនមានពាក់ព័ន្ធនឹងករណីបំភាន់រឿងដីធ្លី ឬប្រើអំពើហិង្សាលើម្ចាស់អចលនទ្រព្យណាមួយទេ ហើយមកដល់ព្រឹកថ្ងៃទី ២១ ខែមេសា លោកមិនទាន់បានទទួលដីកាកោះហៅ ដោយអយ្យការអមសាលាដំបូងខេត្តកណ្តាលនៅឡើយទេ។ ទោះយ៉ាងណា លោកស្នងការរងអះអាងថា លោកនឹងចូលខ្លួនទៅបំភ្លឺតាមដីកាកោះហៅរបស់តុលាការ បើសិនជាមានការប្តឹងចំឈ្មោះលោក។
លោកថ្លែងថា៖ «ខ្ញុំអត់ដឹងដែរ យើងអត់មានពាក់ព័ន្ធនឹងក្លែងអីទេ ឈ្មោះខ្ញុំ អត់មានពាក់ព័ន្ធរឿងដីធ្លីនោះទេ។ យើងអត់មានអីទាំងអស់ ហើយមកដល់ម៉ោងនេះ សូម្បីដីកាក៏អត់ទាន់ទទួលបានដែរ ហើយយើងអត់ដឹងថា គេប្តឹងទេ។ ក្នុងរឿងមួយៗខ្ញុំជាកងកម្លាំង អត់បានទៅពាក់ព័ន្ធរឿងហ្នឹងទេ ប៉ុន្តែបើគេប្តឹងឈ្មោះខ្ញុំនោះ ខ្ញុំនឹងចូលរួមឆ្លើយតាមតុលាការកោះហៅ»។
យ៉ាងណាក៏ដោយ តាមប្រកាសរបស់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២១ ធ្លាប់បានព្រមានចំពោះលោកឧត្តមសេនីយ៍ត្រី អុល ប៊ុណ្ណា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលម្តងរួចមកហើយ ដោយមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។ កាលនោះលោក ស ខេង បានសម្រេចឱ្យកែកំហុសឆ្គងឱ្យបានត្រឹមត្រូវ បើពុំនោះទេនឹងត្រូវចាត់វិធានការតាមវិន័យរបស់កងកម្លាំងនគរបាលជាតិ។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក ថ្លែងនៅថ្ងៃទី ២១ មេសា ថា តួនាទីជាស្នងការរងនគរបាល គួរតែដឹងច្បាស់អំពីច្បាប់ទម្លាប់ជាងពលរដ្ឋធម្មតា។ ហេតុនេះ បើសិនជាបានប្រព្រឹត្តបទល្មើស ហើយតុលាការរកឃើញបទល្មើស បុគ្គលនោះត្រូវទទួលទោសធ្ងន់ធ្ងរជាងពលរដ្ឋសាមញ្ញ ពាក់ព័ន្ធទៅនឹងស្ថានទម្ងន់ទោស។
លោក ករុណា បានថ្លែងថា៖ «ក្នុងរឿងនេះ គប្បីមានការចាត់វិធានការឱ្យបានច្បាស់លាស់ ដើម្បីការពារនូវមុខមាត់នូវសមត្ថកិច្ចផ្សេងទៀត ដែលគេបានបំពេញតួនាទី និងគោរពតួនាទីបានត្រឹមត្រូវកុំឱ្យរងការរិះគន់»។
មន្ត្រីសិទ្ធិមនុស្សរូបនេះបញ្ជាក់ថា ជាធម្មតា កាលណាមានការប្តឹងទៅតុលាការ គឺអ្នកប្តឹងគួរតែមានភ័ស្តុតាង ឬសាក្សីពីអង្គហេតុនោះបញ្ជាក់ច្បាស់លាស់។ បើសិនជាមានការបញ្ជាក់ មានអង្គហេតុ ភ័ស្តុតាងគ្រប់គ្រាន់អំពីអំពើប្រព្រឹត្តនោះហើយ ទោះបីមានការបដិសេធយ៉ាងណា ក៏គេចមិនផុតអំពីផ្លូវច្បាប់នោះដែរ៕
វីដេអូ៖