ភ្នំពេញៈ ​ក្រសួង​បរិស្ថាន​បង្ហាញ​ពី​របៀប និង​បច្ចេកទេស​លក្ខណៈ​វិទ្យាសាស្ដ្រ ដែល​ក្រុមការងារ​បាន​រៀបចំ​របាយការណ៍​នៃ​ការវាយតម្លៃ​លើ​ស្ថានភាព​គម្រប​ព្រៃឈើ​កម្ពុជា ដែល​កំពុង​បន្តធ្វើ​លើ​ការវាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ​ ២០២០ ដោយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ ២០២២ ​នេះ​។

តាមរយៈ​វីដេអូ​មួយ​មាន​រយៈពេល​ជាង ​១០ នាទី​មាន​ចំណងជើង​ថា ​«​ការរៀបចំ​ផលិត​ផែនទី​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​» ក្រសួង​បរិស្ថាន​បានបង្ហាញ​ពី​សកម្មភាព និង​បច្ចេកទេស​ផ្សេងៗ​ដែល​ក្រុមការងារ​បច្ចេកទេស​របស់​ក្រសួង ធ្វើការ​រៀបចំ​របាយការណ៍​នៃ​ការវាយតម្លៃ​លើ​ស្ថានភាព​នៃ​គម្រប​ព្រៃឈើ​។

លោក​ ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួង​បរិស្ថាន​បាន​លើកឡើង​តាមរយៈ​វីដេអូ​នេះ​ថា ការវាយតម្លៃ​គម្រប​ព្រៃឈើ​នៅ​កម្ពុជា​នេះ គឺ​មាន​សារៈសំខាន់​ណាស់ ដែល​យើង​ត្រូវ​ដឹង​ជាក់ស្ដែង ពិត​ប្រាកដថា ព្រៃឈើ​យើង​មាន​ប៉ុន្មាន ក្នុងនោះ​មាន​ព្រៃស្រោង​ប៉ុន្មាន ព្រៃរបោះ​ប៉ុន្មាន ព្រៃ​ពាក់កណ្ដាល​ស្រោង​ប៉ុន្មាន ព្រៃ​ឫស្សី​ប៉ុន្មាន វាលស្មៅ​ប៉ុន្មាន ទីប្រជុំជន​ប៉ុន្មាន និង​ផ្លូវទឹក​ប៉ុន្មាន​ហិកតា​ជាដើម​គឺ​ឱ្យដឹង​ឱ្យ​ច្បាស់​។

ការវាយតម្លៃ​ពី​ធនធាន​គម្រប​ព្រៃឈើ​តាមរយៈ​បច្ចេកទេស​គឺត្រូវធ្វើ​ក្នុង​រយៈពេល ២ ​ឆ្នាំ​ម្ដង​ឱ្យ​ស្រប​ទៅនឹង National Communication ស្របទៅនឹង​របាយការណ៍​ប្រែប្រួល​អាកាសធាតុ​។ លោក​ថ្លែងថា​៖ «​យើង​ដឹង​ហើយ​ថា យើង​គឺជា​សមាជិក​ម្នាក់ នៅក្នុង​អង្គការសហប្រជាជាតិ ហើយ​យើង​ក៏​ជា​សមាជិក អនុសញ្ញា​ក្របខ័ណ្ឌ សហប្រជាជាតិ​ស្ដីពី​ការប្រែប្រួល​អាកាសធាតុ អ៊ីចឹង យើង​ធ្វើយ៉ាងណា​ឱ្យ​តួលេខ​ស្របគ្នា​»​។

លោកស្រី ហួត ណាបូរី ប្រធានការិយាល័យ​នៃ​នាយកដ្ឋាន​សេវាកម្ម​ព័ត៌មាន ភូមិសាស្ដ្រ​នៃ​អគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មាន​បរិស្ថាន ក្រសួង​បរិស្ថាន ឱ្យដឹង​តាមរយៈ​វីដេអូ​នេះដែរ​ថា ការបកស្រាយ​ធនធាន​គម្រប​ព្រៃឈើ គឺ​បាន​ចែកចេញ​ជា ៤ ​ដំណាក់កាល​ធំៗ ទី​ ១ ការទាញយក​រូបភាព​ផ្កាយរណប ទី​ ២ ការវិភាគ និង​ការបកស្រាយ​រូបភាព​ផ្កាយរណប ដោយ​ប្រើ​ទៅតាម​ប្រព័ន្ធ​ព័ត៌មាន​ភូមិសាស្ដ្រ ទី​ ៣ ការផ្ទៀងផ្ទាត់​ទៅលើ​កម្រិត​ជឿជាក់​នៃ​លទ្ធផល​ដែល​ក្រុមការងារ​ផលិត​បាន និង​ទី​ ៤ គឺ​ធ្វើការ​គណនា​ទៅលើ​ស្ថិតិ​នៃ​ការផលិត​ធនធាន​គម្រប​ព្រៃឈើ​របស់​កម្ពុជា​។ លោកស្រី​បញ្ជាក់ថា ក្រុមការងារ​បច្ចេកទេស​បាន​ប្រើប្រាស់​រូបភាព​ផ្កាយរណប​ជាច្រើន​ប្រភេទ ដែល​រូបភាព​ទាំងនោះ​មាន​កម្រិត​បាំង​ពពក ១០ ​ភាគរយ​។

ក្រុមការងារ​ក៏​ទាញយក​រូបភាព​តាម​កម្មវិធី Google Earth Engine ដែលជា​កម្មវិធី​មួយ​លើ​សេវាកម្ម​ដំណើរការ​ភូមិសាស្ដ្រ​ (geospatial processing service) ដែល​ក្រុម​ការងារ​ទាញយក​រូបភាព​មក ដោយ​កម្រិត​ពពក​បាំង​តិចជាង ១០ ភាគរយ ហើយ​ទើប​ក្រុមការងារ​យក​រូបភាព​ទាំងនោះ មក​ធ្វើជា​ប្រព្រឹត្ដិកម្ម​រូបភាព​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​បាន​រូបភាព​នោះ​ហើយ ទើប​យើង​ធ្វើការ​បែងចែក​ព្រំប្រទល់​ដោយ​ស្វ័យប្រវត្ដិ (segmentation)​។ ជំហាន​បន្ទាប់ពី​ការធ្វើការ​បែងចែក​ព្រំប្រទល់​ដោយ​ស្វ័យប្រវត្ដិ​នេះ គឺ​យើង​ត្រូវធ្វើ​ការវិភាគ​នៅក្នុង​កម្មវិធី Principle Components Analysis ឬ​ហៅ​កាត់​ថា PCA នៅក្នុង​កម្មវិធី AGeS ដើម្បី​ស្វែងរក​ទីតាំង​ដែលមាន​ការប្រែប្រួល​ធនធាន​គម្រប​ដីព្រៃ​ឈើ ថា​តើ​ទីតាំង​ណា មានការ​ថយចុះ ឬក៏​កើនឡើង​ ឬក៏​មានការ​បាត់បង់​»​។

លោកស្រី​បន្ថែមថា បន្ទាប់ពី​ធ្វើ​ជំហាន PCA ហើយ ក្រុមការងារ​ក៏​ធ្វើការ​ចាត់ថ្នាក់​រូបភាព​ផ្កាយរណប​ជា ២ ​ជំហាន ទី​ ១ ​ហៅថា ការចាត់​ថ្នាក់​ដោយ​ស្វ័យប្រវត្តិ ដែលមាន​ចំណាត់ថ្នាក់ ២ ​ប្រភេទ​ធំៗ ដែល​ហៅថា ចំណាត់ថ្នាក់​ប្រភេទ​ដី​មាន​ព្រៃឈើ និង​ចំណាត់ថ្នាក់​ដី​ពុំមាន​គម្រប​ព្រៃឈើ​។ បន្ទាប់ពី​ទទួលបាន​លទ្ធផល​នៃ​ចំណាត់​ថ្នាក់​បឋម​នេះហើយ ក្រុម​ការងារ​នឹងធ្វើ​ចំណាត់ថ្នាក់​លម្អិត ចំនួន ២២​ ថ្នាក់ ដែល​ចំណាត់ថ្នាក់​លម្អិត​នេះ​ត្រូវការ​ប្រើប្រាស់​បទពិសោធ​របស់​អ្នក​ចាត់ថ្នាក់ គឺ​ប្រើ​ភ្នែក​ដើម្បី​ធ្វើការ​កំណត់​ចំណាត់ថ្នាក់​នីមួយៗ ថា​តើ​ការប្រែប្រួល​នោះ ប្រែប្រួល​ជា​អ្វី​។

លោកស្រី ហួត ណាបូរី បញ្ជាក់ថា​៖ «​ដូច្នេះ​ដើម្បី​បញ្ជាក់​ពី​សុក្រឹតភាព​នៃ​ចំណាត់ថ្នាក់​ទាំង ២២ ចំណាត់ថ្នាក់​នេះ យើង​ត្រូវ​ទាមទារ​ធ្វើការ​ផ្ទៀងផ្ទាត់​ជំហាន​នីមួយៗ ហើយ​នឹង​ធ្វើការ​កែតម្រូវ​ទៅលើ​ចំណាត់ថ្នាក់​មួយចំនួន ដែល​យើង​ពិនិត្យឃើញថា មាន​ភាពមិនប្រក្រតី គឺ​យើង​ធ្វើការ​កែតម្រូវ​ជាមុនសិន មុននឹង​យើង​ធ្វើការ​ប៉ាន់ស្មាន​ចំណុច ដើម្បី​ធ្វើការ​ចុះ​ផ្ទៀងផ្ទាត់​នៅ​ទីវាល​»​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ ក្រសួង​បរិស្ថាន​ថ្លែង​កាលពី​ថ្ងៃទី​ ២០ មេសា​ថា ការចេញផ្សាយ​វីដេអូ​នេះ​គឺជា​ការរៀបចំ​របាយការណ៍​នៃ​ការវាយតម្លៃ​លើ​ស្ថានភាព​នៃ​គម្រប​ព្រៃឈើ​កម្ពុជា ដែលជា​ការបង្ហាញ​នៃ​បច្ចេកទេស និង​លក្ខណៈ​វិទ្យាសាស្ដ្រ ដែល​ក្រសួង​បរិស្ថាន​បានរៀបចំ ក្នុង​ការវាយតម្លៃ​។ លោក​បញ្ជាក់ថា​៖ «​វា​មានន័យថា លទ្ធផល​ដែល​ចេញមក​នេះ គឺ​វា​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ពិត​ជាក់ស្ដែង​ក្នុង​ការវាយតម្លៃ មិនមែន​មានន័យថា យើង​ប្រើប្រាស់​តែ​ប្រភព​ ១ ​ឬក៏​រូបភាព​តែ​ ១​ យកមក​ទេ គឺមាន​ការបញ្ជាក់​ផ្សេងៗ គឺជា​របៀប​នៃ​ការធ្វើ​កិច្ចការងារ​របស់​មន្ដ្រី​បច្ចេកទេស​នៃ​ក្រសួង​បរិស្ថាន​ប្រកបដោយ​ការទទួល​ខុសត្រូវ​ខ្ពស់​»​។

តាមរយៈ​លទ្ធផល​ការសិក្សា​វាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​កម្ពុជា​ឆ្នាំ​ ២០១៨ ដែល​ក្រសួង-​បរិស្ថាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ​២០២១ ​បង្ហាញថា ផ្ទៃដី​ព្រៃឈើ​កម្ពុជា​មាន​ប្រមាណ ៨ ៥១០ ៨០៧ ​ហិកតា ស្មើនឹង ៤៦,៨៦% បើ​ធៀប​នឹង​ផ្ទៃដី​សរុប​ទូទាំង​ប្រទេស ខណៈ​ក្រុមការងារ​ក្រសួង​កំពុង​បន្តធ្វើ​ការវាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ​ ២០២០ ដោយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ​ ២០២២​នេះ​។

បើតាម​របាយការណ៍​ដែល​ក្រសួង​បរិស្ថាន​ផ្សព្វផ្សាយ ប្រទេស​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ធនធាន​គម្រប​ដីព្រៃ​ឈើ​ថ្នាក់ជាតិ​បាន​ចំនួន​ ៨​ ដង ចាប់តាំងពី​មុន​ឆ្នាំ​ ១៩៧៣ រហូតដល់​ឆ្នាំ​ ២០១៨ និង​កំពុង​បន្តធ្វើ​ការ​វាយតម្លៃ​ធនធាន​គម្រប​ព្រៃឈើ​ក្នុង​ឆ្នាំ ២០២០ និង​បានធ្វើការ​វាយតម្លៃ ការប្រែប្រួល​ធនធាន​ដី គម្រប​ព្រៃឈើ នៃ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ ឆ្នាំ​ ២០០៦-២០១៦ ដោយ​ប្រើ​បច្ចេកវិទ្យា ប្រព័ន្ធ​ព័ត៌មាន ភូមិសាស្ត្រ និង​រូបភាព​ផ្កាយរណប (GIS/Remote Sensing)៕