ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ឯកភាព​ និង​សម្រេច​ឱ្យ​ធ្វើការ​កែសម្រួល​នូវ​ការធ្វើ​ចត្តាឡីស័ក ដោយមាន​ការបន្ថយ​ចំនួន​ថ្ងៃ​នៃ​ការធ្វើ​ចត្តាឡីស័ក​សម្រាប់​អ្នក​ដែល​មិនបាន​ចាក់ ឬ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​មេរោគ​កូវីដ​ ១៩ ពេញលេញ ពី​ ១៤ ​ថ្ងៃ​មក​នៅត្រឹម​ ៧ ​ថ្ងៃ​វិញ​។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​​កូវីដ​ ១៩ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​ ២១ ខែមេសា ថា ការកែសម្រួល​រយៈពេល​នៃ​ការធ្វើ​ចត្តាឡីស័ក​នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចារ​ឯកភាព កាលពី​ថ្ងៃទី​ ២០ ខែមេសា លើ​លិខិត​ចុះ​ថ្ងៃទី​ ១៩ ខែមេសា ឆ្នាំ ២០២២ របស់​គណៈប្រចាំការ​នៃ​គណៈកម្មការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ (​គ.ប.ក​.)​។

លោក ម៉ម ប៊ុនហេង បាន​លើកឡើង​ថា​៖ «​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​ ១៩ សូម​ជម្រាបជូន​សាធារណជន​ឱ្យបាន​ជ្រាប​អំពី​ការកែសម្រួល​លក្ខខណ្ឌ​ធ្វើ​ចត្តាឡីស័ក​ចំពោះ​អ្នកដំណើរ​មកពី​បរទេស​ដែល​មិនបាន​ចាក់​វ៉ាក់សាំង ឬ​មិនទាន់បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ដោយ​កាត់បន្ថយ​ពី​រយៈពេល ១៤ ​ថ្ងៃ មក​នៅត្រឹម​រយៈពេល ៧ ​ថ្ងៃ​»​។

យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​បានបញ្ជាក់​ឱ្យដឹង​ទៀតថា ចំពោះ​ការកែសម្រួល​លក្ខខណ្ឌ​ធ្វើតេស្ត​ចំពោះ​អ្នកធ្វើ​ចត្តាឡីស័ក គឺ​អ្នកដំណើរ​មកពី​បរទេស​ដែល​ចូល​តាមផ្លូវ​អាកាស​ត្រូវធ្វើ​តេស្ត​រហ័ស​នៅ​ថ្ងៃទី​ ៧ ដើម្បី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​។

ចំពោះ​អ្នកដំណើរ​មកពី​បរទេស​តាម​ព្រំដែន​គោក ត្រូវធ្វើ​តេស្ត​រហ័ស​ចំនួន​ ២​ លើក ដែល​លើក​ទី​ ១ នៅ​ថ្ងៃទី​ ១ មុនពេល​ចូល​មណ្ឌល​ចត្តាឡីស័ក និង​លើក​ទី​ ២ នៅ​ថ្ងៃទី ​៧ ដើម្បី​បញ្ចប់​ការធ្វើ​ចត្តាឡីស័ក​។

ជាមួយ​គ្នានេះដែរ​លោក ម៉ម ប៊ុនហេង ក៏បាន​បន្ថែមទៀតថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​រក្សា​ការចាក់​វ៉ាក់សាំង​​កូវីដ​ ១៩ ដូស​ទី​ ១ ឬ ដូស​ទី ​២ (​ចំពោះ​អ្នក​ដែល​បាន​ចាក់​​ដូស​ទី​ ១ ​រួច ហើយ​មាន​លក្ខណ​សម្បត្តិ​គ្រប់គ្រាន់​សម្រាប់​ការចាក់​ដូស​ទី​ ២ តាម​របប ចាក់​វ៉ាក់សាំង​) ជូន​ប្រជាពលរដ្ឋ និង​ពលករ​កម្ពុជា​នៅ​ថ្ងៃ​ដែល​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មណ្ឌល​ចត្តាឡីស័ក​ផងដែរ​។

ដោយឡែក រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ធ្វើការ​ក្រើនរំឭក​ទៅដល់​ម្ចាស់​ ឬ​នាយក​រោងចក្រ សហគ្រាស​ទាំងអស់​សហការ​ជាបន្ទាន់​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រាជធានី ខេត្ត និង​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី ខេត្ត ដើម្បី​រៀបចំ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ គឺ​ដូស​ទី​ ៣ និង​ដូស​ទី​ ៤​ ដល់​កម្មករ​និយោជិត នៅតាម​រោងចក្រ សហគ្រាស​។

លោក​បានឱ្យដឹងថា​៖ «​ម្ចាស់ ​ឬ​នាយក​រោងចក្រ សហគ្រាស ត្រូវ​គ្រប់គ្រង​ទិន្នន័យ​ចាក់​វ៉ាក់សាំង របស់​កម្មករនិយោជិត និង​បំពេញ​ព័ត៌មាន​ចាក់​វ៉ាក់សាំង ទៅក្នុង​របប​ស្វ័យ​ប្រកាស​អធិការកិច្ច​ការងារ​តាម​ប្រព័ន្ធ ស្វ័យប្រវត្តិកម្ម តាមរយៈ​គេហទំព័រ https://sicms.mlvt.gov.kh ​ក្នុងករណី​កម្មករ​និយោជិត​មិនទាន់មាន​បណ្ណ​ចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ត្រូវបំពេញ​ឈ្មោះ​អក្សរ​កាត់​ជា​អក្សរ​ឡាតាំង និង​កាលបរិច្ឆេទ​ចាក់​វ៉ាក់សាំង​តាម​ទម្រង់​ដែល​បានកំណត់​ក្នុង​ប្រព័ន្ធ​»​។

គួររំឭក​ផងដែរ​ថា កាលពី​ថ្ងៃទី​ ២០ ខែមេសា កន្លងទៅនេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូស​ជំរុញ​ជា​ដូស​ទី​ ៣ និង​ទី​ ៤ ដោយ​តម្រង់​ឆ្ពោះ​ទៅតាម​កម្មករ​កម្មការិនី​នៅតាម​រោងចក្រ អ្នករកស៊ី​លក់ដូរ​នៅតាម​ទីផ្សារ និង​អ្នកធ្វើការ​ក្រៅ​ប្រព័ន្ធ ដោយសារ​ទីតាំង​ទាំងនោះ​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​ច្រើន​ ដើម្បីឱ្យ​មាន​ភាពស៊ាំ​សហគមន៍​។

ទាក់ទង​នឹង​ការចាក់​វ៉ាក់សាំង​នេះ​ផងដែរ លោកស្រី ឱ វណ្ណឌីន ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ចចាក់​វ៉ាក់សាំង​កូវីដ​ ១៩ ​ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​រួម​ជាមួយ​នឹង​លោកស្រី លី អៃឡែន តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា និង​លោកស្រី ហ្វារូហ្វ ហ្វូយូហ្សាត តំណាង​អង្គការ UNICEF ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ចុះត្រួតពិនិត្យ​ដំណើរការ​ចាក់​វ៉ាក់សាំង​កូវីដ ​១៩ ក្នុង​ខេត្តរតនគិរី​កាលពី​ថ្ងៃទី​ ២០ ខែមេសា ដើម្បី​សាកសួរ និង​ពិនិត្យ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ រួមទាំង​ដំណើរការ​ចាក់​វ៉ាក់សាំង​ផងដែរ​។

ក្នុងពេល​លោកស្រី​ចុះ​ត្រួតពិនិត្យ​ដំណើរ​ការចាក់​វ៉ាកសាំង លោកស្រី ឱ វណ្ណឌីន បាន​ប្រាប់​ឱ្យដឹងថា ការ​ស្រោចស្រព​នូវ​វ៉ាក់សាំង​នេះ​បង្ហាញ​ឱ្យឃើញថា រាជរដ្ឋាភិបាល​បាន​ខិតខំ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ និង​បង្កលក្ខណៈ​សព្វបែបយ៉ាង​ដល់​ដៃគូ​ក្នុង​ការធ្វើការងារ​នេះ​ក្នុង​ភាពជា​ដៃគូ​ពិតប្រាកដ​។

យោងតាម​របាយការណ៍​របស់​ក្រសួង​សុខាភិបាល​បាន​ឱ្យដឹងថា គិត​ត្រឹម​ថ្ងៃទី​ ២០ ខែមេសា លទ្ធផល​ចាក់​វ៉ាក់សាំង​ធៀប​នឹង​ចំនួន​ប្រជាជន​សរុប ១៦​ លាន​នាក់ មាន ចំនួន ៩២,៩៣%៕