សៀមរាបៈ អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​អនុញ្ញាតឱ្យ​រដ្ឋបាល​ស្រុក​បន្ទាយស្រី សាងសង់​ផ្លូវ​បេតុង​ ២ ​ខ្សែ​ស្ថិតនៅ​តំបន់​ការពារ​ទី​ ១​ នៃ​ឧទ្យាន​អង្គរ ប៉ុន្តែ​ត្រូវគោរព​លក្ខខណ្ឌ​មួយចំនួន​ជាដាច់ខាត ដោយ​ហាម​ការពង្រីក​ទំហំ​ផ្លូវ​ចាស់ ឬ​កាប់​ដើមឈើ​ដែល​ដុះ​សងខាង​ផ្លូវ​ជាដាច់ខាត​។ ករណី​អនុវត្ត​ផ្ទុយ​ពី​បច្ចេកទេស​នឹងត្រូវ​ផ្អាក​ការសាងសង់ ហើយ​ចាត់វិធានការ​តាម​នីតិវិធី​។

លិខិតអនុញ្ញាត​របស់​អាជ្ញាធរ​ជាតិអប្សរា ចុះ​ថ្ងៃទី​ ១២ មេសា ឆ្នាំ​ ២០២២ បាន​ជម្រាបជូន​អភិបាលស្រុក​បន្ទាយស្រី លោក​ ឃឹម ហ្វីណង់ អំពី​ដីធ្លី​ទាំងអស់​ដែល​ស្ថិតក្នុង​តំបន់​ ១ និង​តំបន់ ​២ ក្នុង​តំបន់​រមណីយដ្ឋាន​សៀមរាប​-​អង្គរ គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ជា​ដី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដែល​អាជ្ញាធរ​ជាតិ​អប្សរា មាន​ភារកិច្ច កាតព្វកិច្ច​ថែរក្សា ការពារ គ្រប់គ្រង និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​។

ក្នុង​លិខិត​បញ្ជាក់ថា ចំណែក​ទីតាំង​ដែល​បាន​ស្នើសុំ​សាងសង់​ផ្លូវ​ចំនួន​ ៣ ​ខ្សែ នៅ​ភូមិ​តាតៃ ភូមិ​ថ្នល់​បណ្តោយ និង​ភូមិ​ថ្នល់ទទឹង ឃុំ​ព្រះដាក់ ស្រុក​បន្ទាយស្រី គឺ​ស្ថិតក្នុង​តំបន់​ការពារ​ទី​ ១ នៃ​ឧទ្យាន​អង្គរ ជាពិសេស​កាត់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​បុរាណ ​(​បារាយណ៍-​យសោធរ​)​។ ដូច្នេះ ចំពោះ​ខ្សែ​ផ្លូវ ចាប់ពី​ចំណុច A1-A2 (​ប្រវែង​ ១ ៥០០ ​ម​) និង​ខ្សែ​ផ្លូវ​ចាប់ពី​ចំណុច B1-B2(​ប្រវែង​ ៩៨០​ ម​) ស្ថិត​ក្នុងភូមិ​តាតៃ អាជ្ញាធរ​ជាតិ​អប្សរា មិនអាច​អនុញ្ញាត​ជូន​លោក​ធ្វើការ​សាងសង់​បានទេ ព្រោះ​ផ្លូវ​ទាំង​ ២ ​ខ្សែ​នេះ​គឺមាន​សក្តានុពល​បុរាណវិទ្យា​ខ្ពស់​។

អាជ្ញាធរ​ជាតិ​អប្សរា​បន្តថា​៖ «​ដោយឡែក​ចំពោះ​ខ្សែ​ផ្លូវ​ចាប់ពី​ចំណុច B5 ដល់ C1 ដែល​ស្ថិតនៅ​ភូមិ​ថ្នល់​បណ្តោយ និង​ភូមិ​ថ្នល់ទទឹង អាជ្ញាធរ​ជាតិ​អប្សរា​អាច​អនុញ្ញាត​ជូន​លោក​ធ្វើការ​សាងសង់​ជា​ផ្លូវ​បេតុង ដោយ​អនុលោម​ទៅតាម​អនុសាសន៍ អាយ.ស៊ី..​អង្គរ កាលពី​ថ្ងៃទី​ ២៤ ខែមីនា ឆ្នាំ​ ២០២២»​។

អាជ្ញាធរ​ជាតិ​អប្សរា​បញ្ជាក់​ផងដែរ​ថា ប៉ុន្តែ​ការអនុញ្ញាត​នេះ​ស្ថិតក្នុង​លក្ខខណ្ឌ​មួយចំនួន​ជាដាច់ខាត ដូចជា ត្រូវ​រក្សា​សភាព​ដើម​នៃ​ផ្លូវ​នេះ ដោយ​ហាម​ជីក​កកាយ និង​ឈូសឆាយ​។ ត្រូវ​ក្រាល​ស្រទាប់ដី​ការពារ ក្រាល​ស្រទាប់ដី​ក្រួស​ក្រហម ក្រាល​ស្រទាប់​ប្លាស្ទិក និង​ក្រាល​ស្រទាប់​បេតុង​។ ហាម​ជីក​កកាយ​ដី ឬ​ឈូសឆាយ​ពង្រីក​ទំហំ​ផ្លូវ​បន្ថែម​ឱ្យ​លើសពី​ទំហំ​ផ្លូវ​ចាស់​ដែលមាន​ស្រាប់ និង​មិនត្រូវ​កាប់​ដើមឈើ​ដុះ​នៅ​សងខាង​ផ្លូវ​ជាដាច់ខាត​។ ត្រូវមាន​ប្រព័ន្ធ​រំដោះ​ទឹក​ដើម្បី​បញ្ចៀស​ការលិច​ផ្លូវ ត្រូវ​ដាំ​ដើមឈើ​បន្ថែម ដើម្បី​លើក​សោភណភាព​មូលដ្ឋាន និង​រមណីយដ្ឋាន​អង្គរ​ទាំងមូល និង​មិន​អនុញ្ញាតឱ្យ​យក​លិខិត​នេះ ទៅ​អនុវត្ត​សាងសង់​ផ្លូវ​ណា​ផ្សេង​ក្រៅពី​ផ្លូវ​ស្នើសុំ​នេះ​ទេ​។

អភិបាលស្រុក​បន្ទាយស្រី លោក​ ឃឹម ហ្វីណង់ បាន​សម្តែង​ក្តី​រីករាយ បន្ទាប់ពី​អាជ្ញាធរ​ជាតិ​អប្សរា​អនុញ្ញាត​ឱ្យ​សាងសង់​ផ្លូវ​នេះ​។ លោក​បាន​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា​៖ «​ទីបំផុត ផ្លូវ​បេតុង ​២ ​ខ្សែលើ​ខ្នង​ទំនប់​ចាស់​ឆ្លងកាត់​ភូមិ​ថ្នល់​បណ្តោយ និង​ភូមិ​ថ្នល់ទទឹង​នៃ​ឃុំ​ព្រះដាក់​ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា អនុញ្ញាតឱ្យ​សាងសង់ បន្ទាប់ពី​បាន​ទទូច​ស្នើសុំ និង​តស៊ូ​មតិ​អស់​ជាច្រើនលើក​ច្រើនសា​ក្នុងអំឡុងពេល​ជាង ​២ ​ឆ្នាំកន្លងមក​»​។

លោក​បញ្ជាក់ថា នេះ​គឺជា​ដំណឹង​ដ៏គួរឱ្យ​រំភើប​រីករាយ សម្រាប់​រូបលោក​ផ្ទាល់ ក៏ដូចជា សម្រាប់​បងប្អូន​អ្នកភូមិ​រាប់ពាន់នាក់​ទៀត ដែល​នឹង​បាន​ទទួលផល​ប្រយោជន៍​ដោយផ្ទាល់​ពី​ផ្លូវ​បេតុង ដែលមាន​ប្រវែង​សរុប​ជាង​ ៣ ​គីឡូម៉ែត្រ​នេះ​។

លោក​សរសេរថា​៖ «​បើទោះជា​ត្រូវគោរព​តាម​គោលការណ៍​នៃ​លក្ខខណ្ឌ​តម្រូវ​ដើម្បី​ចៀសវាង​ការប៉ះពាល់​ដល់​តំបន់​មាន​សក្តានុពល​បុរាណដ្ឋាន​ក៏ដោយ ផ្លូវ​បេតុង​ទាំង​ ២​ ខ្សែ​នេះ​នឹង​នាំមក​នូវ​គុណភាព​ជីវិត​ថ្មី សម្រាប់​អ្នកភូមិ ក៏ដូចជា​នឹង​ជួយ​ជំរុញឱ្យមាន​ចរន្ត​សេដ្ឋកិច្ច​នៅក្នុង​មូលដ្ឋាន តាមរយៈ​ការលើក​កម្ពស់​សោភណភាព​នៅក្នុង​ភូមិ​បុរាណ ដែល​នឹង​បង្កើត​នូវ​សក្តានុពល​ជាច្រើន​សម្រាប់​វិស័យ​ទេសចរណ៍ ព្រមទាំង​លើកស្ទួយ​ជីវភាព​ប្រចាំថ្ងៃ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ផងដែរ​»​។

លោក​បន្ថែមថា រដ្ឋបាល​ស្រុក​បន្ទាយស្រី នឹង​ខិតខំ​ប្រឹងប្រែង​គ្រប់​រូបភាព ដើម្បី​អប់រំ​ឱ្យ​អ្នកភូមិ បន្ត​អភិរក្ស​ថែរក្សា​អត្តសញ្ញាណ​ដើម​របស់ខ្លួន និង​ប្តេជ្ញា​មិនឱ្យ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ប៉ះពាល់​ទៅដល់​ទេសភាព​ដែលមាន​ស្រាប់​នៅតាម​ដងផ្លូវ​ឡើយ ជាពិសេស​ការពារ​មិនឱ្យ​បាត់បង់​ដើមឈើ​ទាំងអស់​ដែលមាន​ស្រេច​នៅ​ទីនោះ​។

លោក​សម្តែង​ក្តីសង្ឃឹម​ថា រុក្ខជាតិ​បៃតង​នៅតាម​ដងផ្លូវ ដែល​ធ្លាប់​តែមាន​ពណ៌​ស្រអាប់​មិន​គួរឱ្យ​ទាក់ទាញ នឹង​វិលត្រឡប់​ទៅរក​សភាព​ដើម​នៃ​ធម្មជាតិ​ស្រស់បំព្រង​របស់ខ្លួន​វិញ​។ ទីធ្លា​មុខផ្ទះ​ដែលជា​កន្លែង​តែងមាន​ដី​ហុយ​ខ្លាំង​ និង​ពិបាក​សូម្បីតែ​ដកដង្ហើម​នោះ ក៏​នឹង​ប្រែក្លាយ​ទៅជា​ទី​ប្រមូលផ្តុំ​ជួបជុំគ្នា មាន​កូន​ក្មេង​រត់​លេង និង​មាន​អ្នកភូមិ​លក់ដូរ​របស់របរ​ហូបចុក​ជា​ហូរហែ ដូច​នៅ​ភូមិ​ព្រះដាក់​ផងដែរ​។

លោក​ ឃឹម ហ្វីណង់ បញ្ជាក់ថា ផ្លូវ​បេតុង​ទាំង ​២ ​ខ្សែ​នេះ​នឹងត្រូវ​ចាប់ផ្តើម​សាងសង់​ក្នុងពេល​ឆាប់ៗ​នេះ ហើយនឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២ ​នេះ​ដោយ​គ្រោង​ប្រើប្រាស់​កញ្ចប់​ថវិកា​អភិវឌ្ឍន៍​មកពី​មូលនិធិ​ឃុំ មូលនិធិ​ស្រុក និង​មូលនិធិ​បឹង​ទន្លេសាប​បូក​បញ្ចូល​គ្នា​។

តាមរយៈ​សេចក្តី​ជូនដំណឹង​នេះ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ក្រើនរំឭក​ឱ្យ​រដ្ឋបាល​ស្រុក​បន្ទាយស្រី ទំនាក់ទំនង និង​ជូនដំណឹង​មក​អាជ្ញាធរ​ជាតិ​អប្សរា តាមរយៈ​ទូរស័ព្ទ​លេខ ០៦៣ ៧៦៥ ៤០៥ ឱ្យបាន​ ៣ ​ថ្ងៃ មុននឹង​ចាប់ផ្តើម​ការសាងសង់​ផ្លូវ​នេះ ដើម្បី​សហការ​ និង​ចៀសវាង​នូវ​ផលប៉ះពាល់​អវិជ្ជមាន​នានា​។ ករណី​អនុវត្ត​ផ្ទុយ​ពី​បច្ចេកទេស និង​បទប្បញ្ញត្តិ​ខាងលើនេះ អាជ្ញាធរ​ជាតិ​អប្សរា​នឹងធ្វើ​ការផ្អាក​ការ​សាងសង់​ផ្លូវ​នេះ ហើយ​ចាត់វិធានការ​តាម​ផ្នែក​រដ្ឋបាល និង​នីតិវិធីតុលាការ​ជា​ធរមាន​។

អាជ្ញាធរ​ជាតិ​អប្សរា​បន្តថា ការអនុញ្ញាត​នេះ​មាន​សុពលភាព​រយៈពេល​ ១​ ឆ្នាំ ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ បើ​លើសពីនេះ​ត្រូវដាក់​ពាក្យសុំ​សាជាថ្មី ដើម្បី​បន្ត​សុពលភាព​សាងសង់​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​បន្តទៀត​៕