កំពង់ចាមៈ ប្រជាពលរដ្ឋជាមាតាបិតា និងអាណាព្យាបាលសិស្សបឋមសិក្សាកោះថ្មីក្នុងភូមិទី ១ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមបានបារម្ភពីការរៀនសូត្ររបស់កូនៗពួកគាត់ ខណៈនៅសាលាបឋមសិក្សានេះកំពុងខ្វះគ្រូបង្រៀន និងបានទទូចសុំមន្ទីរអប់រំជួយផ្តល់គ្រូឱ្យបានគ្រប់គ្រាន់ ក៏ប៉ុន្តែនាយិកាសាលាបឋមនេះអះអាងថា ធ្លាប់បានស្នើសុំគ្រូបន្ថែមច្រើនលើកមកហើយ តែស្នើសុំមិនបាន។
លោក នៅ សុខ តំណាងប្រជាពលរដ្ឋនៅភូមិទី ១ ឃុំកោះសូទិន ថ្លែងនៅថ្ងៃទី ២០ ខែមេសាថា ប្រជាពលរដ្ឋជាមាតាបិតា និងអាណាព្យាបាលសិស្សបឋមសិក្សាកោះថ្មីបានត្អូញត្អែរថា ការខ្វះគ្រូបង្រៀនក្នុងសាលាបឋមសិក្សានេះធ្វើឱ្យកូនៗពួកគាត់រៀនមិនចេះ ដោយសារការបង្រៀនមិនបានដិតដល់។ ពួកគាត់បានសំណូមពរដាក់គ្រូបង្រៀនឱ្យបានគ្រប់គ្រាន់ ប៉ុន្តែជាច្រើនឆ្នាំមកហើយ នៅតែមិនបាន។ លោកថា ពេលខ្លះគ្រូបង្រៀនរវល់មិនបានទៅបង្រៀនសិស្ស ហើយត្រូវបង្រៀនសងវិញ ដោយឱ្យសិស្សរៀនផ្គួបថ្នាក់ទៀតផង។
លោកថ្លែងថា៖ «រៀនផ្គួបហ្នឹងគឺថា គាត់បង្រៀនសងវិញ មានន័យថា បន្ទប់ ១ គឺថ្នាក់ទី ២ ផង អាមួយទៀតថ្នាក់ទី ៥ គាត់យកមកបញ្ចូលគ្នា គាត់បង្រៀនសងខាងនេះផង ខាងនោះផង បន្ទប់ជាមួយគ្នារញ៉ែរញ៉ៃណាស់។
ពលរដ្ឋគាត់ស្រែក គាត់តវ៉ាច្រើនហើយ ប៉ុន្តែតវ៉ាទៅហ្នឹងដូចជាអត់មានប្រសិទ្ធភាព អត់ឃើញដាក់គ្រូដាក់អីចុះមក អត់ឃើញផង» ។
លោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិនថ្លែងនៅថ្ងៃទី ២០ ខែមេសាថា ការខ្វះគ្រូនៅសាលាបឋមសិក្សាកោះថ្មីនេះមិនឃើញនាយិកាសាលារាយការណ៍ប្រាប់ទេ ហេតុនេះកន្លងមកលោកស្រីក៏មិនបានអន្តរាគមន៍រឿងនេះដែរ។ ប៉ុន្តែយ៉ាងណាក្ដី ក្រោយទទួលបានព័ត៌មាននេះលោកស្រីថា នឹងរាយការណ៍ជូនទៅការិយាល័យអប់រំស្រុកកោះសូទិន ដើម្បីពិភាក្សារកដំណោះស្រាយ។
លោកស្រីថ្លែងថា៖ «ជាជំហររបស់ខ្ញុំ ខ្ញុំមានគំនិតថា នឹងជម្រាបជូនថ្នាក់លើក៏ដូចជាក្រុមការងារឱ្យគាត់បានជ្រួតជ្រាបអំពីការខ្វះគ្រូបង្រៀន ហើយក៏នៅមានសាលាផ្សេងទៀតអាចខ្វះដែរ ព្រោះគ្រូគាត់ដាក់ពាក្យច្រើនដាក់ទៅប៉ុស្តិ៍គេផ្សេង អត់ដាក់នៅប៉ុស្តិ៍កោះសូទិន» ។
លោកស្រី ឆោម សាវ៉ាន នាយិកា សាលាបឋមសិក្សាកោះថ្មីថ្លែងនៅថ្ងៃទី ២០ ខែមេសាថា សាលាបឋមសិក្សានេះមាន ៦ ថ្នាក់ដែលតាមនិយាមការត្រូវមានគ្រូបង្រៀនចំនួន ៦ នាក់ ប៉ុន្តែគ្រូបង្រៀនខ្លះដល់ពេលត្រូវចូលនិវត្តន៍ ហេតុនេះនៅសល់តែ ៣ នាក់ប៉ុណ្ណោះរួមទាំងរូបលោកស្រីដែលជានាយិកាសាលាផង។ លោកស្រីប្រាប់ថា ករណីមានគ្រូតែ ៣ នាក់បែបនេះគឺតម្រូវឱ្យបង្រៀន ២ វេន ប៉ុន្តែនៅពេលមានរវល់ប្រជុំ ឬធ្វើការចាំបាច់ណាមួយផ្សេងក៏មានការអាក់ខានដែរ។
លោកស្រីថ្លែងថា៖ «ក្រសួងបានរៀបចំឱ្យបង្រៀន ២ វេននៅកន្លែងណាដែលខ្វះគ្រូ។ នៅក្នុងឃុំខ្ញុំមាន ៧ សាលា គឺខ្វះគ្រូទាំងអស់ហ្នឹង ហើយសាលាខ្ញុំខ្វះគ្រូ អ្នកស្រុកគាត់ចេះតែត្អូញត្អែរថា ម៉េចមិនបើកឱ្យគ្រូចូល ប៉ុន្តែការពិតខ្ញុំបានរាយការណ៍ប្រចាំខែពីការខ្វះពីការដាក់គ្រូ ២ វេន ហើយក្រសួងមើលឃើញថា បើអាចធ្វើការបម្រើបម្រាស់គ្រូ ២ វេនបានគឺប្រើប្រាស់គ្រូនៅទីហ្នឹងតែម្តងទៅ»។
លោកស្រី នាយិកា បានអះអាងថា លោកស្រីបានស្នើសុំគ្រូឱ្យគ្រប់តាមនិយាមជាបន្តបន្ទាប់ ប៉ុន្តែសុំមិនបានដោយខាងថ្នាក់លើបញ្ជាក់មកថាមិនមានគ្រូ។ លោកបញ្ជាក់ថា៖ «ក្រសួងថា អត់មានគ្រូ មេមកប្រជុំនៅការិយាល័យយើងថា អត់មានគ្រូទេ គ្រូចូលមកបានប៉ុន្មានត្រូវជួយទៅកន្លែងដែលមានការលំបាកខ្លាំង តែខាងយើងអត់បាន ហើយអ្នកស្រុកចេះតែត្អូញត្អែរបន្ទោសយើងជានាយិកា។ ឱ្យខ្ញុំធ្វើម៉េចបើស្នើសុំទៅតាមរបៀបរដ្ឋបាលរបៀបការងារយើងហើយអត់បានទៅធ្វើម៉េច»។
លោក លី ម៉េងសាន្ត ប្រធានមន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ចាមថ្លែងនៅថ្ងៃទី ២០ ខែមេសាថា ការខ្វះគ្រូបង្រៀននេះ គឺមិនមែនមានតែក្នុងខេត្តកំពង់ចាមមួយទេ គឺមាននៅគ្រប់ខេត្តទាំងអស់ ប៉ុន្តែជាទូទៅរដ្ឋាភិបាលបានអនុញ្ញាតឱ្យប្រើគ្រូកិច្ចសន្យា ឬគ្រូបង្រៀន ២ ពេល។ ករណីដូចជានៅសាលាបឋមសិក្សាកោះថ្មីនេះគ្រូបង្រៀន ២ ពេលគឺគ្រប់គ្រាន់ហើយ ព្រោះសិស្ស ៦ ថ្នាក់ អាចបង្រៀនព្រឹក ៣ ថ្នាក់ ល្ងាច ៣ ថ្នាក់មិនមានបញ្ហាអ្វីទេ។
លោកថ្លែងថា៖ «រឿងខ្វះគឺខ្វះហើយ ប៉ុន្តែរដ្ឋាភិបាលត្រូវការឱ្យយើងប្រើគ្រូ ២ ពេល បានន័យថា គាត់បង្រៀនព្រឹកផងល្ងាចផង ប្រាក់ខែគាត់ឌុបអ៊ីចឹងទៅ ហើយប្រសិនបើក្នុងករណីយើងប្រើ ២ ពេលអត់គ្រាន់យើងប្រើគ្រូកិច្ចសន្យាបន្តទៀត។ និយាយរួមទៅនៅគ្រប់ ២៥ ខេត្តក្រុងសូម្បីនៅរាជធានី-ភ្នំពេញក៏គេធ្វើអ៊ីចឹងដែរ»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅថ្ងៃទី ២០ ខែមេសាថា ក្រសួងអប់រំផ្តោតលើការលើកកម្ពស់គុណវុឌ្ឍិ និងជីវភាពរបស់គ្រូបង្រៀន។ ជាទូទៅ មន្ទីរអប់រំ យុវជន និងកីឡាទូទាំង ២៥ ខេត្តរាជធានីជាសេនាធិការរបស់ក្រសួងអប់រំយុវជន និងកីឡាក្នុងការសម្របសម្រួលសំណើតម្រូវការគ្រូបង្រៀនពីសំណាក់គ្រឹះស្ថានសិក្សានានាជូនមកក្រសួង។
លោកបានបន្ដថា ជារៀងរាល់ឆ្នាំក្រសួងជ្រើសរើស និងបែងចែកគ្រូតាមតម្រូវការ និងលទ្ធភាពជាក់ស្តែងដោយមានការលើកទឹកចិត្តជូនគ្រូបង្រៀននៅតាមតំបន់ជួបការលំបាក និងដាច់ស្រយាល។ ទន្ទឹមនឹង នេះគ្រូបង្រៀនដែលមានទីតាំងភូមិសាស្ត្រផ្ទះក្នុងខេត្តគោលដៅ ហើយមានជំនាញត្រូវចំតម្រូវការនឹងទទួលបានការលើកទឹកចិត្តផងដែរ។
លោកថ្លែងថា៖ «ក្រសួងដោះស្រាយករណីលើស និងខ្វះគ្រូ ដោយ ១- កែលម្អការពង្រាយគ្រូបង្រៀនឱ្យដល់សាលារៀនស្របនឹងនិយាមប្រើប្រាស់បុគ្គលិក ២- ជ្រើសរើសគ្រូបង្រៀនចេញពីមូលដ្ឋាន ៣- ការកាត់បន្ថយសាលាបឋមសិក្សាមិនគ្រប់កម្រិត និងការកសាងសាលាមធ្យមសិក្សាថ្មីនៅក្នុងសហគមន៍ជួបការលំបាក ៤- ផ្តល់ការឧបត្ថម្ភដល់សិស្សក្រីក្រ ដើម្បីបង្កើនការចូលរៀន និងបញ្ចប់ការសិក្សានៅមធ្យមសិក្សា»៕