សៀមរាបៈ កូរ៉េ​ខាងត្បូង​បាន​​ផ្តល់​រថយន្ត​សង្គ្រោះបន្ទាន់​ ៨ ​គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ ៥ ​គ្រឿង​ជូន​ដល់​រដ្ឋបាល​ខេត្តសៀមរាប​សម្រាប់​បម្រើ​ប្រយោជន៍​សាធារណៈ​ ខណៈ​ខេត្ត​នេះ​មាន​មណ្ឌល​សុខភាព​ប្រមាណ​ ១០០ ប៉ុន្តែ​នៅ​ខ្វះ​រថយន្ត​សង្គ្រោះបន្ទាន់​នៅឡើយ​។

មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​បានឱ្យដឹងថា ពិធី​ប្រគល់​ទទួល រថយន្ត​ទាំងនោះ​ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប និង​លោក Park Woo-hee តំណាង​រដ្ឋបាលខេត្ត​ឃ្យុងជី​របស់​​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ ​២០២២​។

ក្នុង​ពិធី​នោះ​ភាគី​កម្ពុជា​ក៏បាន​​ផ្តល់នូវ​លិខិត​ថ្លែង​អំណរគុណ​ជូន​ដល់​តំណាង​រដ្ឋបាលខេត្ត​ឃ្យុងជី និង​អង្គការ​មូលនិធិ​កិច្ចការ​សង្គម Go&Do ផងដែរ​។

លោក ពិន ប្រាកដ អភិបាលរង​ខេត្ត​ទទួលបន្ទុក​វិស័យ​សុខាភិបាល​បាន​ថ្លែងថា ការផ្តល់​រថយន្ត​ទាំងនេះ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុងការ​បម្រើ​ប្រយោជន៍​សាធារណៈ​ក្នុង​ខេត្តសៀមរាប ជាពិសេស​លើ​ការជួយសង្គ្រោះ​អ្នកជំងឺ​និង​ការ​អន្តរាគមន៍​លើ​គ្រោះ​អគ្គិភ័យ​។

លោក​ថា​៖ «​ក្នុងនាម​រដ្ឋបាលខេត្ត​សៀមរាប សូម​អំពាវនាវ​ដល់​សប្បុរសជន និង​រដ្ឋបាលខេត្ត​ឃ្យុងជី បន្ត​ជួយ​ផ្ដល់នូវ​រថយន្ត​សង្គ្រោះបន្ទាន់ និង​រថយន្ត​​ពន្លត់​អគ្គិភ័យ​បន្ថែមទៀត​ ដើម្បី​ធ្វើឱ្យ​ការបម្រើ​ផលប្រយោជន៍​សាធារណៈ​ក្នុង​ខេត្ត​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​ភាពងាយស្រួល​» ។

លោក​ ពិន ប្រាកដ បានឱ្យដឹង​​ថា នៅ​ទូទាំង​ខេត្តសៀមរាប​​មាន​មណ្ឌល​សុខភាព​ចំនួន​ ៩៣ ប៉ុន្តែ​មណ្ឌល​សុខភាព​ខ្លះ មិនទាន់​មាន​រថយន្ត​សង្គ្រោះបន្ទាន់​នៅឡើយ​។

លោក Park Woo-hee តំណាង​រដ្ឋបាលខេត្ត​ឃ្យុងជី បាន​សម្ដែង​នូវ​ការសប្បាយរីករាយ នៅពេល​លោក​បានឃើញ​រថយន្ត​ជំនួយ​របស់​ខេត្ត​ឃ្យុងជី​នេះ​ត្រូវបាន​រដ្ឋបាលខេត្ត​សៀមរាប យកមកប្រើ​ប្រាស់​ចំ​គោលដៅ​យ៉ាង​មាន​ប្រសិទ្ធភាព​។

បន្ថែម​ពីនេះ​លោក​បាន​សន្យាថា នឹង​ពាំនាំ​សំណូមពរ​របស់​រដ្ឋបាល​ខេត្តសៀមរាប​ដាក់ជូន​ថ្នាក់ដឹកនាំ​ខេត្ត​ឃ្យុងជី​ ដើម្បី​ពិចារណា​ផ្តល់ជំនួយ​បន្តទៀត ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក ក្រូស សារ៉ាត់ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិនទាន់​ទទួលបាន​ព័ត៌មាន​នេះ​នៅឡើយ​ទេ​។

ចំណែក​ស្នងការ​នគរបាល​ខេត្តសៀមរាប​លោក តេង ច័ន្ទណាត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​មិនទាន់​ទទួល​គោលការណ៍​ឱ្យ​ចាត់ចែង​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្ដ​នៅឡើយ​ទេ​។

ក៏ប៉ុន្តែ​លោក​ថា ចំពោះ​សមត្ថកិច្ច​ខេត្ត មានតែ​អបអរ​​ចំពោះ​ការទទួលបាន​ជំនួយ​ផ្សេងៗ​ពី​បណ្តា​ប្រទេស​ជា​ដៃគូ ដែល​ជួយ​តាមរយៈ​អង្គការ ឬ​តាមរយៈ​រដ្ឋបាលខេត្ត​នានា​។

លោក​ថា​៖ «​ជាធម្មតា​ទាក់ទង​អគ្គិភ័យ​យើង​ត្រូវការ​ទាំង​មនុស្ស និង​សម្ភារ​ផ្សេងៗ​ទៀត ដូចជា​រថយន្ត​ផងដែរ​»​។

លោក​បានឱ្យដឹងថា បច្ចុប្បន្ននេះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រចាំការ​នៅ​ខេត្តសៀមរាប​ប្រមាណ​ ១៥ គ្រឿង នៅ​គ្រប់​ក្រុង​-​ស្រុក សម្រាប់​ចេញ​ជួយ​អន្តរាគមន៍​ករណី​ឆាបឆេះ​ទាន់ពេលវេលា​។

គួររំឭកថា កាលពី​ឆ្នាំ ​២០១៩ រដ្ឋបាលខេត្ត​ឃ្យុង​ជី ធ្លាប់បាន​ផ្តល់ជូន​ខេត្តសៀមរាប​នូវ​រថយន្ត​សង្គ្រោះបន្ទាន់​ ៤​ គ្រឿង រថយន្ត​ពន្លត់​អគ្គិភ័យ ​២ ​គ្រឿង​។ ​នៅ​ឆ្នាំ​ ២០២០ ​ខេត្ត​ឃ្យុងជី​បានប្រគល់​រថយន្ត​ពន្លត់​អគ្គិភ័យ​ ១​ គ្រឿង និង​នៅ​ឆ្នាំ​ ២០២១ ​ខេត្ត​ឃ្យុងជី បានប្រគល់​រថយន្ត​សង្គ្រោះ​បន្ទាន់​ ៤​ គ្រឿង​ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ២ ​គ្រឿង​៕