ភ្នំពេញៈ ​កម្ពុជា​-​ឡាវ​ប្តេជ្ញា​បន្ត​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​​ទាំង​ ២ ​និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​ជាពិសេស​បន្ត​កិច្ចសហការ​រក្សា​សន្តិសុខ​តាម​ព្រំដែន​ផងដែរ​។

ការប្តេជ្ញា​កសាង​ទំនាក់ទំនង​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ឱកាស​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​លោក ស ខេង អនុញ្ញាតឱ្យ​ឯកអគ្គរដ្ឋទូត​ឡាវ​ប្រចាំ​កម្ពុជា​ដែល​ទើប​តែងតាំង​ថ្មី​លោក បូរកែវ ភូមិ​វង់សាយ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​កាលពី​ថ្ងៃទី​ ២០ ខែមេសា ឆ្នាំ ​២០២២​។

នៅក្នុង​ជំនួប​នោះ លោក ស ខេង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រកប​ដោយ​វឌ្ឍនភាព​ឥត​ឈប់ឈរ​រវាង​កម្ពុជា​-​ឡាវ ក្នុងនោះ​រវាង​ក្រសួងមហាផ្ទៃ​កម្ពុជា​ និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ​​ដោយបាន​យកចិត្តទុកដាក់​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​យ៉ាង​ល្អប្រសើរ​ក្នុង​រយៈពេល​កន្លងមក​។

លោក​បានលើកឡើង​ផងដែរ​ថា​៖ «​ទោះបីជា​កន្លងមក​ស្ថិត​​ក្នុង​ស្ថានការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ យ៉ាងណា​​ក៏ដោយ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បាន​ខិតខំ​ស្វែងរក​ឱកាស​ ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​តាមរយៈ​ការជួបប្រជុំ​តាម​អនឡាញ​ជាដើម និង​បាន​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​ ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ ២ ពិសេស​កិច្ចសហ​ការរក្សា​សន្តិសុខ​តាម​ព្រំដែន​ផងដែរ​»​។

លោក​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បង្ហាញ​ការ​ជឿជាក់ថា ក្នុង​អាណត្តិ​ការទូត​របស់លោក បូរកែវ ភូមិ​វង់សាយ ដែល​ទើប​តែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​ទាំង​ ២​ ឱ្យ​កាន់តែ​សកម្ម​ថែមទៀត​។

ជា​ការឆ្លើយតប​លោក បូរកែវ ភូមិ​វង់សាយ បាន​យក​ឱកាស​នោះ​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​គាំទ្រ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នៃ​ជំងឺ​កូវីដ​ ១៩​ តាមរយៈ​ការ​ផ្តល់ជំនួយ​ផ្សេងៗ​លើ​ផ្នែក​សុខាភិបាល​ដល់​ប្រទេស​ឡាវ​នាពេល​កន្លងមក​។

ជាមួយ​គ្នានេះ លោក​បានបង្ហាញ​ការប្តេជ្ញាចិត្ត​ក្នុង​អាណត្តិ​បេសកកម្ម​ការងារ​នៅ​កម្ពុជា ដោយ​លោក​ថា​នឹង​ខិតខំ​កសាង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​ ព្រមទាំង​បន្ត​ខិតខំ​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណ​ឡាវ​ឱ្យ​កាន់តែ​រីកចម្រើន​ព្រមទាំង​ជោគជ័យ​បន្ថែមទៀត​តទៅ​ថ្ងៃ​អនាគត​។

ស្រប​ជាមួយ​គ្នានេះ​លោក​ឯកអគ្គរដ្ឋទូត​ថ្មី​បានបង្ហាញ​នូវ​ការឯកភាព​ចំពោះ​ការលើកឡើង​របស់​លោក ស ខេង ថា បើទោះជា​ជួបប្រទះ​នូវ​វិបត្តិ​កូវីដ​ក្តី ក៏​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ ២ នៅតែ​បន្ត​ខិតខំ​លើកកម្ពស់​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏ល្អ​ជាមួយ​គ្នា​។ ​ជាក់ស្តែង​បាន សបញ្ជាក់​ឱ្យឃើញ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​នាយករដ្ឋមន្ត្រី​ឡាវ​មកកាន់​កម្ពុជា និង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្នុងឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​អាស៊ាន​ឆ្នាំ​ ២០២២​ នេះ​។

ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា លោក គិន ភា បាន​​មានប្រសាសន៍ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​​នៅតែមាន​ស្ថានភាព​ល្អប្រសើរ​ទាំង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។

លោក​ថា​៖ «​យើង​ឃើញ​កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២​ ល្អប្រសើរ យើង​មិនមាន​ការខ្វែងគំនិត​គ្នា​ ឬ​ខ្វែង​ទស្សនៈ​គ្នា​ទេ ហើយ​ជាទូទៅ​បើ​គិត​ជា​ប្រពៃណី​នៃ​ទំនាក់ទំនង​ប្រទេស​​ទាំង​ ២ គឺជា​ទំនាក់ទំនង​បងប្អូន​ ​និង​អ្នកជិតខាង​ល្អ​ហើយ​តែងតែ​ផ្តល់នូវ​ការ​គោរព​គ្នា​ទៅវិញទៅមក ហើយ​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ក៏ដូចជា​ក្របខ័ណ្ឌ​ពហុភាគី​»​។

ចំពោះ​សន្តិសុខ​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ ២ វិញ​លោក គិន ភា បាន​ថ្លែងថា នៅ​បន្ត​មាន​ភាពល្អប្រសើរ ទាំង​ការបង្ក្រាប​បទល្មើស​ផ្សេងៗ រាប់ទាំង​បទល្មើស​គ្រឿងញៀន ការជួញដូរ​មនុស្ស​ឆ្លងដែន ​និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ​នៅតាម​បណ្តោយ​ព្រំដែន​ជាដើម​។

លោក​បាន​បញ្ជាក់ថា​៖ «​គឺ​ភាគី​ទាំង​ ២ ​សហការ​គ្នា​បានល្អ យើង​មានរឿង​យល់ច្រឡំ​នឹង​គ្នា​តែម្តង​ទេ​ពាក់ព័ន្ធ​ជាមួយ​បញ្ហា​ព្រំដែន​នៅ​អូរតាង៉ាវ និង​អូរអាឡៃ ហើយ​យើង​ឃើញ​ប្រទេស​ទាំង​ ២ ក៏បាន​ទទួលយក​ដំណោះស្រាយ​មួយ​ដែល​ទទួល​យកបាន​សង​ខាង ហើយ​បន្ទាប់មក​មិនឃើញ​មាន​បញ្ហា​អ្វី​នោះទេ​៕