ភ្នំពេញៈ រដូវវស្សា​ឆ្នាំ​ ២០២២​ នេះ​នឹង​ចូល​មកដល់​នៅ​ដើម​សប្ដាហ៍​ទី​ ១​ នៃ​ខែឧសភា លឿន​ជាង​បណ្តា​ឆ្នាំមុនៗ ដោយ​នាំមក​នូវ​របាយ​ទឹកភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន ដែល​អនុគ្រោះ​ដល់​កសិករ​ក្នុងការ​ធ្វើស្រែ ចម្ការ​។ នេះ​បើតាម​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ​២ របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​។

ក្រសួង​បញ្ជាក់ថា ចាប់ពី​ខែឧសភា រហូត​ដល់​ខែកក្កដា ប្រទេស​កម្ពុជា​នឹងរង​នូវ​ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល (Neutral) ដែល​ស្ថិតនៅ​ចន្លោះ​បាតុភូត​ក្ដៅ (El Nino) ៦០ ភាគរយ​និង​ត្រជាក់ (La Nina) ៤០ ​ភាគរយ​ដែល​ជំរុញ​ឱ្យ​រដូវវស្សា​ឆ្នាំនេះ ឆាប់​ឈានចូល​មកដល់​លឿន​ជាង​បណ្ដា​ឆ្នាំមុនៗ និង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​បានល្អ​គ្របដណ្ដប់​លើ​ផ្ទៃ​ប្រទេស​។

ទន្ទឹម​នឹងមាន​ភ្លៀង​ធ្លាក់​តាំងពី​ដើមរដូវ​ដែល​បង្ក​ភាពអនុគ្រោះ​ដល់​កសិករ​ក្នុងការ​បង្កបង្កើនផល​ស្រូវ និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត រដូវវស្សា​ឆ្នាំនេះ​អាច​នឹង​គ្មាន​កូន​រដូវប្រាំង​កើតឡើង​ដែល​មិន​រំខាន​ដល់​ការលូតលាស់​នៃ​ដំណាំ​របស់​កសិករ​ឡើយ​។ ប៉ុន្តែ​បរិមាណ​ទឹកភ្លៀង​នឹង​មាន​ភាព​ថមថយ​បន្តិច​វិញ​ចាប់ពី​ចុង​សប្ដាហ៍​ទី​ ៣ នៃ​ខែកក្កដា​ដល់​ដើមខែ​សីហា ហើយ​នៅ​ចុងរដូវ​វស្សា​នេះ គឺ​ចាប់ពី​ខែតុលា ដល់​ចុងខែ​វិច្ឆិកា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​ទូទាំងប្រទេស ជាមួយនឹង​បរិមាណ​ទឹកភ្លៀង​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន​។

ទោះយ៉ាងណា​នៅ​ពាក់កណ្ដាល​រដូវវស្សា​ឆ្នាំនេះ ឥទ្ធិពល​ព្យុះ​ពី​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក និង​សមុទ្រ​ចិន​ខាងត្បូង​នឹង​ធ្វើឱ្យ​ប្រទេស​កម្ពុជា កើតមាន​បណ្ដុំ​ខ្យល់កួច​កើតឡើង​ច្រើន​នៅតាម​តំបន់​វាលទំនាប និង​តំបន់ភ្នំ​ជាប់មាត់​សមុទ្រ​។ ទន្ទឹមនឹងនេះ ភ្លៀង​លាយឡំ ផ្គរ​រន្ទះ និង ខ្យល់​កន្ត្រាក់ ក៏​នឹង​កើតមានឡើង​ច្រើន​ផងដែរ ដែល​អាច​បង្ក​ឱ្យ​កើតជា​ជំនន់​ទឹកភ្លៀង​នៅ​ផ្នែក​ខ្លះ​នៃ​តំបន់​វាលទំនាប ជាប់​ផ្លូវទឹក និង​តំបន់​ទំនាប​ជាប់ជើង​ភ្នំ និង​ខ្ពង់រាប​។

ជុំវិញ​ការព្យាករ​អាកាសធាតុ​លើក​ទី ​២ ​នេះ​លោក ណុប នួន ប្រធាន​ក្រុមប្រឹក្សាភិបាល សហគមន៍​កសិកម្ម​តាសី​សាមគ្គី ដែលមាន​ទីតាំង​នៅក្នុង​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា លោក​នឹង​ក្រុមការងារ បាន​ចុះ​ជំរុញ​ដល់​ប្រជាកសិករ​ជា​សមាជិក​ឱ្យ​ត្រៀម​បម្រុង​ធ្វើការ​សាបព្រោះ​ស្រូវ ប្រភេទ​ «​នាងខុន​» នៅក្នុង​ដើមរដូវ​វស្សា​នេះហើយ ដោយ​ក្នុងអំឡុង​ពេលនេះ ប្រជាកសិករ​ក្នុង​សហគមន៍​របស់លោក​បាននាំគ្នា​ភ្ជួរ​រាស់​ដី​បានសម្រេច​ជាង​ ៦០ ​ភាគរយ​នៃ​ផ្ទៃដី​ដាំដុះ​សរុប​ជាង ​៥០០ ​ហិកតា​។

លោក​ថា​៖ «​សហគមន៍​យើង ផលិត​បន្លែ​សុវត្ថិភាព និង​ស្រូវ​តាម​លក្ខណៈ​បច្ចេកទេស​កសិកម្ម​ទំនើប​ដែល​អាច​ធន់​ទ្រាំ​នឹង​អាកាសធាតុ ហើយ​ទទួលបាន​ទាំង​គុណភាព​ និង​បរិមាណ​ខ្ពស់​។ ការដាំ​បន្លែ​គឺធ្វើឡើង​ជា​រៀងរាល់​ថ្ងៃ​លើ​ផ្ទៃដី​សរុប​ ៣៨ ​ហិកតា​។ ចំណែក​ការដាំ​ស្រូវ ធ្វើ​បានតែ​ ១ ​លើក​ក្នុង​ ១ ​ឆ្នាំ​គឺ​នៅក្នុង​រដូវវស្សា ដោយសារ​ស្ថានភាព​ភូមិសាស្ត្រ​មិន​អំណោយផល​»​។

លោក ជាង សុផាត ដែលជា​កសិករ​គំរូ​ម្នាក់​នៅ​ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា កសិករ​ភាគច្រើន​ធ្វើស្រែ តែ​មិន​ធ្វើ​ចម្ការ ដាំ​បន្លែ​ផ្លែឈើ​នោះទេ​។ ចំណែក​អ្នក​ខ្លះទៀត ធ្វើ​ចម្ការ​ដាំ​បន្លែ ឬ​ផ្លែឈើ តែ​មិន​ធ្វើស្រែ​។ ចំណែក​លោក​ធ្វើ​ទាំង​ស្រែ​ទាំង​ចម្ការ ក្នុងពេល​តែមួយ មិន​ទុក​ដី​ឱ្យ​ទំនេរ​ចោល​ឡើយ​។

លោក សុផាត ដែលមាន​ដីស្រែ ៣,៥ ​ហិកតា និង ដីចម្ការ​ជាង​ ៦០ ​អា និយាយថា​៖ «​នៅពេលនេះ ខ្ញុំ​បាន​ព្យួរ​រាស់ ពង្រាប​ដីស្រែ​របស់ខ្ញុំ​រួចរាល់​ហើយ និង​បាន​ត្រៀម​បម្រុង​ជី​រួចជាស្រេច​ផងដែរ​។ ខ្ញុំ​នឹង​ចាប់ផ្ដើម​ព្រោះស្រូវ​នៅ​ចុងខែ​មេសា​នេះ​។ ចំណែក​ការដាំ​បន្លែ​សុវត្ថិភាព គឺ​ខ្ញុំ​កំពុងដំណើរការ​ដាំដុះ​ជា​រៀងរាល់ថ្ងៃ ដោយ​ដាំ​ប្រដេញ​គ្នា និង​ប្រមូល​ផល​ក្នុង​រយៈពេល​ ១​ សប្ដាហ៍​ម្ដង ក្នុង​ទិន្នផល​ចន្លោះ​ពី​ ៨០០​ គីឡូក្រាម ទៅ​ ១​ តោន អាស្រ័យ​លើ​ប្រភេទ​នៃ​បន្លែ​»​។

បើតាម​លោក​ សុផាត បន្លែ​សុវត្ថិភាព​ដែល​លោក​បាន​ដាំ គឺ​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​មាន​ស្ពៃក្ដោប​ស្ពៃខៀវ ស្ពៃក្រញាញ់ ត្រសក់ និង ត្រប់វែង​។ បន្លែ​ទាំងនេះ​គឺ​ដាំ​នៅក្នុង​ផ្ទះ​សំណាញ់ តាម​បច្ចេកទេស​កសិកម្ម​ទំនើប​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ទឹក​សាច ដែលមាន​ការចំណាយ​ទុន​ច្រើន​គួរសម​គឺ​ពី​ ២ ០០០ ​ទៅ​ ៣ ០០០​ ដុល្លារ​ក្នុង​ ១ ​ខ្នង​ផ្ទះ​សំណាញ់ ដែលមាន​ទំហំ​ ១០​ ម x២៥​ ម​។

លោក​ សុផាត បាន​យក​ស្លឹក​បន្លែ​ស្ពៃ​ចាស់ៗ​មក​លាយ​គ្នា​ជាមួយ​ស្លឹកឈើ​ផលិត​ជា​ជីកំប៉ុស សម្រាប់​ប្រើប្រាស់​បង្កើន​គុណភាព​ដី និង​ជួយ​បង្កើន​គុណភាព និង​ទិន្នផល​នៃ​បន្លែ​ ដើម្បី​កាត់​បន្ថយថ្លៃ​ជី​កសិកម្ម​៕

វីដេអូ៖