
កុមារម្នាក់ក្នុងសង្កាត់ផ្សារដើមថ្កូវ ញ៉ាំអាហារសម្រន់កញ្ចប់ ដែលបានពីទីផ្សារ។ ហ៊ាន រង្សី
ភ្នំពេញៈ អង្គការសុខភាពពិភពលោកបានរកឃើញថាជារៀងរាល់ឆ្នាំ កុមារជាង ២២០ លាននាក់ កើតជំងឺរាករូស រីឯកុមារជាង ៩៦ ០០០ នាក់ បានស្លាប់ដោយសារបញ្ហាសុវត្ថិភាពចំណីអាហារ ក្នុងករណីនេះ ទារក កុមារតូច ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងអ្នកដែលមានជំងឺប្រចាំកាយ ជាអ្នកដែលងាយរងគ្រោះជាងគេដោយបញ្ហាសុវត្ថិភាពចំណីអាហារ។
លោក សុខ ស៊ីឡូ អគ្គលេខាធិការក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានលើកឡើងដូចនេះក្នុងឱកាសបើកវេទិកាយុវជនស្តីពី «សុវត្ថិភាពចំណីអាហារ និងការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារ» នាខេត្តកណ្តាល កាលពីថ្ងៃទី ២០ ខែមេសា។
លោកបានលើកឡើងថា បញ្ហាកង្វះមីក្រូសារជាតិ ជាពិសេសជាតិអ៊ីយ៉ូដបណ្តាលឱ្យរាងកាយ និងប្រាជ្ញាសា្មរតីរបស់កុមារលូតលាស់យឺតយ៉ាវ ហើយប្រសិនបើបញ្ហានេះកើតឡើងតាំងពីទារកនៅក្នុងផ្ទៃម្តាយ នោះវានឹងបណ្តាលឱ្យទារកអាចស្លាប់ក្នុងផ្ទៃ ឬនៅពេលកើតមកនឹងធ្វើឱ្យខួរក្បាលមិនអាចលូតលាស់ល្អ និងមិនអាចកែវិញបាននោះទេ។
លោក សុខ ស៊ីឡូ មានប្រសាសន៍ថា៖ «យោងលើលទ្ធផលការអង្កេតប្រជាសាស្ត្រ និងសុខភាពនៅឆ្នាំ ២០១៤ បានឱ្យដឹងថា ស្ត្រីចំនួន ៧៨% និងកុមារ ៦៦% មានកំហាប់ជាតិអ៊ីយ៉ូដនៅក្នុងទឹកនោមមិនគ្រប់គ្រាន់តាមស្តង់ដាឡើយ រីឯស្ត្រីចំនួន ៦២% និងកុមារ ៦៤% មានបញ្ហាកង្វះជាតិស័ង្កសី។ កង្វះជាតិហ្វូលេតក៏នៅតែជាបញ្ហាដែលប៉ះពាល់ដល់ស្ត្រី ១៨%។ កង្វះជីវជាតិ D ក៏ជាបញ្ហាសុខភាពសាធារណៈកម្រិតមធ្យមនៅក្នុងប្រទេសផងដែរ ដែលប៉ះពាល់ដល់ស្ត្រីកម្ពុជា ៣១%»។
លើសពីនេះ កង្វះជីវជាតិ B1 ក្នុងចំណោមស្ត្រីក៏ត្រូវបានរកឃើញថា ស្ថិតនៅកម្រិតដែលមានបញ្ហាផងដែរ។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក្រសួងជំនាញសហការជាមួយស្ថាប័នពាក់ព័ន្ធបាននិងកំពុងជំរុញការងារបញ្ចូលមីក្រូសារជាតិសំខាន់ៗដូចជាជាតិអ៊ីយ៉ូដ ជីវជាតិ A និងជាតិដែកជាដើមទៅក្នុងចំណីអាហារ ប្រយោជន៍ ដើម្បីរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ និងរបបអាហារសុខភាពឱ្យកាន់តែប្រសើរឡើង។ លោក សុខ ស៊ីឡូ បានបន្ថែមដូច្នេះ។
លោកបានបញ្ជាក់ទៀតថា៖ «សុវត្ថិភាពចំណីអាហារបានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង។ សុវត្ថិភាពចំណីអាហារនេះ មានការពាក់ព័ន្ធដោយផ្ទាល់លើប្រព័ន្ធស្បៀងគឺចាប់ពីដំណាក់កាលផលិតកម្ម ការកែច្នៃ ការចែកចាយ និងរក្សាទុក រហូតដល់ការរៀបចំ និងការបរិភោគអាហារ ពោលគឺចាប់ពីកសិដ្ឋានរហូតដល់តុបាយ»។
ចំពោះការបញ្ចូលមីក្រូសារជាតិក្នុងចំណីអាហារវិញ ក៏មានសារៈសំខាន់ក្នុងការរួមចំណែកលើកកម្ពស់អាហារូបត្ថម្ភ ដូចមានចែងក្នុងយុទ្ធសាស្ត្រជាតិស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភលើកទី ២ ឆ្នាំ ២០១៩-២០២៣ និងផែនទីបង្ហាញផ្លូវសម្រាប់ប្រព័ន្ធស្បៀងប្រកបដោយចីរភាពឆ្ពោះទៅឆ្នាំ ២០៣០។
ជាមួយគ្នានោះដែរ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានលើកឡើងផងដែរថា បញ្ហានេះតម្រូវឱ្យរដ្ឋបាលខេត្តសហការជាមួយគ្រប់ភាគីទាំងអស់ ដើម្បីកែលម្អគ្រប់ខ្សែចង្វាក់ផលិតកម្មស្បៀងអាហារ និងសុវត្ថិភាពចំណីអាហារទៅដល់អ្នកប្រើប្រាស់។
លោកបានបន្តថា សុវត្ថិភាពស្បៀងអាហារគឺជាបញ្ហាសំខាន់សម្រាប់សុខភាពមនុស្សយើង ដើម្បីដោះស្រាយបញ្ហាទាំងនេះ។
លោក តាំង ម៉េងលាន បានថ្លែងថា៖ «គ្រប់បណ្តាផ្នែកពាក់ព័ន្ធត្រូវបង្កើនយុទ្ធនាការផ្សព្វផ្សាយដល់ប្រជាជន មន្ត្រីរាជការ កម្មករ ដែលកំពុងរស់នៅក្នុងមូលដ្ឋាន និងធ្វើការនៅតាម រោងចក្រ សហគ្រាស និងក្រុមហ៊ុននានាឱ្យផ្លាស់ប្តូរឥរិយាបថដោយដូរមកទទួលទានអាហារដែលមានសុវត្ថិភាព និងរបបអាហារដែលមានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងចម្រុះមុខ»។
អាហារទាំងនោះរួមមានដូចជា បន្លែ ផ្លែឈើស្រស់ ត្រី សាច់ និងស៊ុត ដោយត្រូវទទួលទានឱ្យបានច្រើនគ្រប់មុខ និងទៀងទាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាហារដែលធ្វើឱ្យរាងកាយលូតលាស់បានល្អ មានសុខភាពល្អ និងបង្កើនប្រសិទ្ធភាពការងារ។
យោងតាមរបាយការណ៍របស់ការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាងរបស់ក្រសួងសុខាភិបាលបង្ហាញថា ចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២១ មានមនុស្ស ១១៩ នាក់បានស្លាប់ ដោយសារពុលចំណីអាហារ និងមានអ្នករងគ្រោះសរុបមានចំនួន ៤ ៦៩៩ នាក់៕