
គ្រូពេទ្យមកទទួលអ្នកជំងឺទៅព្យាបាល នាពេលកន្លងទៅ។ រូបថត ហ្វេសប៊ុក
ភ្នំពេញៈ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ២៦ នាក់បន្ថែមទៀត ដែលសុទ្ធតែជាប្រភេទវីរុសបំប្លែងថ្មីអូមីក្រុងទាំងអស់ និងមានអ្នកជាសះស្បើយបន្ថែមចំនួន ២៩ នាក់ផងដែរ ប៉ុន្តែមិនមានអ្នកស្លាប់ដោយសារមេរោគកូវីដ១៩ ថ្មីនោះទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ បានបញ្ជាក់ថា មនុស្សចំនួន ២៦ នាក់ទៀត បានឆ្លងវីរុសកូវីដ១៩ និងមានអ្នកជាសះស្បើយចំនួន ២៩ នាក់។ ការរកឃើញនេះមានករណីឆ្លងសហគមន៍ ចំនួន ២៦ នាក់ និងមិនមានការរកឃើញឆ្លងលើអ្នកដំណើរពីបរទេសទេ។
គិតត្រឹមព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងវីរុសកូវីដ១៩ សរុបទូទាំងប្រទេសចំនួន ១៣៦ ១៧២ នាក់ អ្នកជាសះស្បើយ សរុបចំនួន ១៣២ ៨៨០ នាក់ និងអ្នកស្លាប់មានចំនួន ៣ ០៥៦ នាក់៕