ភ្នំពេញៈ មន្ត្រីនគរបាល​ ២ ​នាក់​ស្លាប់ នៅក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅក្នុង​ភូមិ​ចន្ទ្រាថ្មី ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខេត្ត​កណ្តាល កាលពី​រសៀល​ថ្ងៃទី ​២១ មេសា ក្រោយពី​មានការ​បាញ់​តដៃ​គ្នា​រវាង​នគរបាល និង​ក្រុម​ជនល្មើស​។

លោក គង់ ស៊ីដន ស្នងការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្ដាល បាន​ឱ្យដឹង​នៅ​ថ្ងៃទី​ ២១ ​មេសា​ថា ជនរងគ្រោះ​ឈ្មោះ ជុច សុភា ជា​នាយ​នគរបាល​ប៉ុស្តិ៍​ទួលព្រេជ និង​ឈ្មោះ រីម សុផាន់ណា ជា​មន្ត្រី​ផ្នែក​គ្រឿងញៀន ស្រុក​អង្គស្នួល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។ ចំពោះ​ជនសង្ស័យ​ម្នាក់​ដែល​បាន​បាញ់​មន្ត្រីនគរបាល​ស្លាប់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់បាន​ម្នាក់​ជា​ជនដៃដល់​ឈ្មោះ​ ធីម ឌឿន ហៅ​ ពែក ភេទ​ប្រុស អាយុ​ ២១​ ឆ្នាំ ក្នុងចំណោម​បក្ខពួក​ប្រហែល​ ១០ ​នាក់​ទៀត​បាន​រត់គេច​ខ្លួន​។

លោក​បន្តថា​៖ «​ករណីនេះ​កម្លាំង​សមត្ថកិច្ច​របស់ខ្ញុំ​កំពុងតែ​ធ្វើការ​បន្តទៀត ហើយ​ខ្ញុំ​ក៏​មិនទាន់​អាច​បញ្ជាក់​លម្អិត​ជុំវិញ​ហេតុការណ៍​នេះ​ភ្លាមៗ​ទេ​។ ខ្ញុំ​កំពុង​បន្តការងារ​ទៀត​»​។

ទោះយ៉ាងណា​បើតាម​មន្ត្រី​នគរបាល​ស្រុក​អង្គស្នួល ១ ​រូប​ស្នើសុំ​មិនឱ្យ​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​នៅ​ថ្ងៃទី​ ២១ ​មេសា ថា ការបង្ក្រាប​ក្រុម​ជន​ជួញដូរ​គ្រឿងញៀន​ខាងលើ​នេះ​គឺ​សមត្ថកិច្ច​ស្រុក​អង្គស្នួល​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ទួលព្រេជ បាន​ស្រាវជ្រាវ និង​តាមដាន​សកម្មភាព​របស់​ជនសង្ស័យ​ដែលជា​មុខសញ្ញា​ចាស់​នេះ​ជា​យូរ​មកហើយ​។ លុះដល់​វេលា​ម៉ោងជាង​ ១២​ រសៀល ថ្ងៃទី​ ២១ ​មេសា សមត្ថកិច្ច​បានចេញ​ប្រតិបត្តិ​ការបង្ក្រាប​ក្រុម​ជនសង្ស័យ​គ្រឿងញៀន​នៅ​ចំណុច​ភូមិ​ចន្ទ្រា​ថ្មី ឃុំ​ទួលព្រេជ ស្រុក​អង្គស្នួល ខណៈ​កំពុង​ប្រតិបត្តិការ​នោះ​ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​បាញ់​សំដៅ​មកលើ​កម្លាំង​សមត្ថកិច្ច​បណ្តាលឱ្យ​ត្រូវ​លោក ជុច សុភា ជា​នាយ​នគរបាល​ប៉ុស្តិ៍​ទួល​ព្រេជ​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ ចំណែក​ម្នាក់ទៀត​ឈ្មោះ​ រីម សុផាន់ណា ជា​មន្ត្រី​ផ្នែក​គ្រឿងញៀន​ស្រុក​អង្គស្នួល​ត្រូវបាន​ក្រុម​ជនសង្ស័យ​បាញ់​ឱ្យ​ត្រូវរបួស​ធ្ងន់​ហើយ​ត្រូវ​សមត្ថកិច្ច​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ព្រះកុសុមៈ​តែ​បាន​ដាច់ខ្យល់​ស្លាប់​ក្រោយ​បញ្ជូន​ដល់​មន្ទីរពេទ្យ​។ ក្នុង​ប្រតិបត្តិការ​នោះដែរ​កម្លាំង​សមត្ថកិច្ច​បាន​បាញ់​ការពារ​ខ្លួន​ហើយ​ត្រូវចំ​ដៃ​របស់​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ ធីម ឌឿន ហៅ​ ពែក ភេទ​ប្រុស អាយុ​ ២១​ ឆ្នាំ ​(​ចាប់ខ្លួន​) រស់នៅ​ភូមិ​ត្រពាំងត្បែង ឃុំ​សំរោងលើ រងរបួស​ដៃ​ធ្ងន់ និង​បក្ខពួក​ប្រហែល​ ១០​ នាក់​ទៀត​បាន​រត់គេច​ខ្លួន​ពី​កន្លែងកើតហេតុ​។ ​ចំពោះ​វត្ថុតាង​ដែល​សមត្ថកិច្ច​រឹបអូស​បាន​មាន​កាំភ្លើងខ្លី​ម៉ាករូឡូ ​១ ​ដើម​។

លោកស្រី ជួង ខែម ជា​មន្ត្រីឃុំ​ទួលព្រេជ ប្រាប់​នៅ​ថ្ងៃទី ​២១ ​មេសា​ថា ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​ទួលព្រេជ​ពិសេស​អាជ្ញាធរ​ស្រុក​អង្គស្នួល​ទាំងមូល​មានការ​សោកស្តាយ​ជា​ពន់ពេក​ចំពោះ​មរណភាព​របស់លោក​ ជុច សុភា ជា​នាយ​នគរបាល​ប៉ុស្តិ៍​ទួលព្រេជ​។ លោក​មាន​វីរភាព​ខ្ពស់​ណាស់​ក្នុងការ​ការពារ​ថែរក្សា​សន្តិសុខ​ក្នុង​ឃុំ​ទាំងមូល​។ ចំពោះ​ហេតុការណ៍​ដែល​បានកើត​ឡើង​លើ​រូប​លោក​នៅ​រសៀល​ថ្ងៃទី ២១​ មេសា ពេលដែល​គាត់​ចុះបង្ក្រាប​ក្រុម​ជន​ជួញដូរ​គ្រឿងញៀន​នៅក្នុង​ភូមិ​ទួលព្រេជ​ហើយ​ក្រុម​ជនសង្ស័យ​ពួន​នៅក្នុង​ផ្ទះ​។ គាត់​ត្រូវបាន​ក្រុម​ជនសង្ស័យ​បាញ់​ត្រូវ​ពី​ ៣​ ទៅ​ ៤​ គ្រាប់ ហើយ​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​។ «​កន្លងមក​មាន​ដែរ​រឿង​គ្រឿងញៀន​នេះ តែ​មិន​ដល់​បាញ់សម្លាប់​បែបនេះ​ទេ​។ ខ្ញុំ​រួម​នឹង​មន្ត្រី​មានការ​សោកស្តាយ​ណាស់​»៕

វីដេអូ៖