ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក ម៉ម ប៊ុនហេង បាន​ជម្រាប​ទៅ​អភិបាល​រាជធានី​-​ខេត្ដ​ឱ្យ​ណែនាំ​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ដ ត្រូវ​ធ្វើឱ្យ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់​រៀបចំ​បែងចែក​ការងារ​ផ្តល់​សេវា ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង ដល់​ប្រជាពលរដ្ឋ ក្រោយ​ក្រសួង​សង្កេតឃើញ​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​មួយចំនួន​តូច​មាន​ការខ្វះខាត​ក្នុង​ការផ្តល់សេវា​។

តាម​លិខិត​របស់លោក ម៉ម ប៊ុនហេង ជម្រាប​ទៅ​អភិបាល​រាជធានី​-​ខេត្ដ នៅ​ថ្ងៃទី​ ២០ ខែមេសា បាន​ណែនាំ​ក្រើនរំឭក​ដល់​មន្ទីរ​សុខាភិបាល​រាជធានី​-​ខេត្ត ដើម្បី​ឱ្យ​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់​រៀបចំ​បែងចែក​ការងារ​ផ្ដល់​សេវា ២៤ ​ម៉ោង​លើ​ ២៤ ​ម៉ោង ដល់​ប្រជាពលរដ្ឋ​ដោយ​ត្រូវមាន​បញ្ជី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នកផ្ដល់​សេវា​បិទ​ផ្សាយ​នៅ​កន្លែង​ផ្ដល់​សេវា​របស់ខ្លួន​។ លោក​ថ្លែងថា​៖ «​ក្រសួង​បាន​សង្កេតឃើញថា មាន​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​មួយចំនួន​ធំ​បាន​យកចិត្ត​ទុកដាក់​ក្នុង​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​បានល្អ​ប្រសើរ ប៉ុន្តែ​នៅមាន​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​មួយចំនួន​តូច នៅមាន​ការខ្វះខាត​ក្នុង​ការផ្តល់​សេវា​ ២៤ ​ម៉ោង លើ ​២៤ ​ម៉ោង​នៅឡើយ​»​។

លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ទៅ​អភិបាល​រាជធានី​ខេត្ដ​ឱ្យធ្វើការ​ណែនាំ​ក្រើនរំឭក​ដល់​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​ឱ្យ​ចាត់វិធានការ​ដល់​ការិយាល័យ​ស្រុក​ប្រតិបត្តិ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់​ត្រូវ​ធានា​ការផ្តល់សេវា​ ២៤ ​ម៉ោង លើ​ ២៤ ​ម៉ោង ជូន​ប្រជាពលរដ្ឋ​ដែល​ទៅ​ទទួល​សេវា​។

លោក​បាន​បញ្ជាក់ថា ការិយាល័យ​ស្រុក​ប្រតិបត្តិ និង​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ទាំងអស់ ត្រូវធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ និង​លេខ​ទូរស័ព្ទ​អ្នកប្រចាំការ ផ្តល់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល​ជា​ទៀងទាត់ បិទ​ផ្សាយ​នៅ​កន្លែង​ផ្តល់​សេវា​របស់ខ្លួន និង​ផ្ញើមក​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត ដើម្បី​តាមដាន ត្រួតពិនិត្យ​ការអនុវត្ត​ជាប់​ជាប្រចាំ​។

លោក សែជូ សិទ្ធិជោតិ អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​នៅ​ថ្ងៃទី​ ២១ មេសា​ថា ក្រោយពី​ទទួលបាន​លិខិត​ណែនាំ​នេះ មន្ទីរ​សុខាភិបាល​បាន​ចែករំលែក​លិខិត​នេះ​ភ្លាមៗ​ទៅដល់​ក្រុមការងារ​នៅតាម​មណ្ឌល​សុខភាព​ក្នុង​មូលដ្ឋាន​ខេត្ដ​ចំនួន ១៥ ហើយ​នៅ​សប្ដាហ៍​ក្រោយ ក្នុងពេល​ប្រជុំ​ប្រចាំត្រីមាស​នឹង​ធ្វើការ​ណែនាំ​បន្ថែម​ដល់​ប្រធាន​មណ្ឌល​សុខភាព​ទាំងអស់ តាម​សេចក្ដីណែនាំ​ក្នុង​លិខិត​នេះ​។

លោក​ថ្លែងថា​៖ «​ទោះបី​ឯកឧត្ដម​រដ្ឋមន្ដ្រី​មិន​ចេញ​លិខិត​នេះ កិច្ចការងារ​នេះ ក៏​ជា​តួនាទី និង​ភារកិច្ច​របស់​មន្ទីរ​សុខាភិបាល​ខេត្ដ​ដែរ​»​។ លោក​បន្តថា កាលពី​ថ្ងៃ​ទី​ ៦ ​មេសាមន្ទីរ​សុខាភិបាល​បាន​ប្រជុំ​ត្រួតពិនិត្យ​សមិទ្ធផល​ការងារ​ឆ្នាំ​ ២០២១ និង​លើក​ទិសដៅ​ឆ្នាំ ​២០២២ ក៏បាន​លើកឡើង​ពី​ការ​អនុវត្ដ​ភារកិច្ច ការងារ​របស់​មណ្ឌល​សុខភាព​នៅក្នុង​ខេត្ដ​ដែរ​។ លោក​បញ្ជាក់ថា​៖«​ខ្ញុំ​បាន​ណែនាំ​ដល់​គ្រប់​មណ្ឌល​សុខភាព​ទាំងអស់​ត្រូវតែ​រៀបចំ ទី​ ១​ ត្រូវ​សម្អាត​បរិស្ថាន​នៅ​ជុំវិញ​មណ្ឌល​សុខភាព​ ដើម្បី​អបអរសាទរ ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ទី​ ២ ​ចាត់តាំង​ការ​យាមកាម ដោយមាន​ឈ្មោះ មាន​លេខ​ទូរស័ព្ទ​ច្បាស់លាស់​របស់​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​បង្អែក​នៅក្នុង​ខេត្ដ​»​។

កាលពី​ថ្ងៃទី​ ១៨ ​មេសា ប្រធាន​មណ្ឌល​សុខភាព និង​ក្រុម​គ្រូពេទ្យ​ចំនួន ៦ នាក់ បម្រើការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ត្រូវបាន​រដ្ឋមន្ដ្រីក្រសួង​សុខាភិបាល​ឯកភាព​ឱ្យ​រដ្ឋបាល​ខេត្ដ​សម្រេច​ដាក់ទណ្ឌកម្ម​ខាង​វិន័យ​ថ្នាក់​ទី​ ១ ពី​ការប្រព្រឹត្ត​កំហុស និង​ភាពឆ្គាំឆ្គង​ក្នុង​វិជ្ជាជីវៈ​ករណី​ស្ត្រី​ម្នាក់​ទៅរក​សេវា​សម្រាលកូន ប៉ុន្ដែ​គ្មាន​គ្រូពេទ្យ​ប្រចាំការ បណ្ដាល​ឱ្យ​ស្ត្រី​ម្នាក់​នោះ​សម្រាលកូន​នៅមុខ​មណ្ឌល​សុខភាព​ដោយ​ខ្លួនឯង​។

ទាក់ទង​នឹង​បញ្ហា​នេះ លោក គួច ចំរើន អភិបាល​នៃ​គណៈអភិបាលខេត្ត​ព្រះសីហនុ នា​ថ្ងៃទី​ ១៨ ខែមេសា បាន​ដឹកនាំ​កិច្ចប្រជុំ​ស្តាប់​របាយការណ៍ និង​បាន​ណែនាំ​ដល់​ប្រធាន​មណ្ឌល​សុខភាព និង​ក្រុមគ្រូពេទ្យ ដែល​បម្រើការ​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស ត្រូវ​ធ្វើការ​កែលម្អ ដើម្បី​ជាការ​ប៉ះប៉ូវ​នូវ​កំហុសឆ្គង​កន្លងមក​។ ករណី​មិន​មាន​ការកែប្រែ​នោះ រដ្ឋបាលខេត្ត​នឹង​អនុវត្ត​វិធានការ​បន្ត​។

ករណី​កំហុស​គ្រូពេទ្យ​នេះ លោក សិទ្ធិជោតិ បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ដែល​នៅ​យាម​ប្រចាំការ គឺ​ប្ដូរ​វេន​គ្នា​ចុះឡើង​នៅ​មណ្ឌល​សុខភាព​ឃុំ​កែវផុស​រយៈពេល​ពេញ ​១ សប្ដាហ៍ ដោយ​មិនមាន​ពេល​សម្រាក​ទេ​។ ប៉ុន្ដែ​នៅ​ថ្ងៃ​ដែល​កើតមាន​រឿង​នោះ គឺ​គ្រូពេទ្យ​ដែល​ត្រូវ​ម៉ោង​ប្រចាំការ​មានកូន​ឈឺ ចំណែក​គ្រូពេទ្យ​ដែល​ត្រូវ​មក​ប្ដូរ​វេន​នោះ​ ដោយសារ​រវល់​ប្រចាំការ ១ សប្ដាហ៍​កន្លងមកហើយ​ក៏​ឆ្លៀតពេល​ទៅធ្វើ​បុណ្យ បង្សុកូល​ដល់​ជីដូន​ជីតា ដូច្នេះ​ចន្លោះ​ម៉ោង​ដែល​គ្រូពេទ្យ​ប្ដូរ​វេន​នេះ​បណ្ដាល​ឱ្យ​យឺត​ពេល​ប្រហែល​កន្លះ​ម៉ោង ក៏ត្រូវ​ចំពេល​ដែល​ពលរដ្ឋ​មករក​សេវា​សម្រាលកូន​នៅ​មណ្ឌល​សុខភាព​តែម្ដង​៕

វីដេអូ៖