
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈពីបណ្តាញលូ និងទឹកកខ្វក់ទៅដល់បងប្អូនប្រជាពលរដ្ឋ។ ក្រសួងសាធារណការ និងដឹកជញ្ជូន
បាត់ដំបង៖ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈពីបណ្តាញលូ និងទឹកកខ្វក់ទៅដល់បងប្អូនប្រជាពលរដ្ឋប្រមាណជាង ៤០០ នាក់ នៅខេត្តបាត់ដំបងកាលពីថ្ងៃទី ២១ ខែមេសា ដើម្បីជំរុញឱ្យមានការចូលរួមថែរក្សាបណ្តាញលូ និងការគាំទ្រប្រតិបត្តិការសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់។
ហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែមេសានេះថាក្នុងកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីបណ្តាញលូ និងទឹកកខ្វក់នោះរៀបចំឡើងដោយនាយកដ្ឋានសរុប និងព័ត៌មាននៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តបាត់ដំបង និងការចូលរួមសហការពីអង្គការសហប្រជាជាតិសម្រាប់លំនៅឋានមនុស្សជាតិ (UN-Habitat) នៅទីតាំងបរិវេណមុខសាលាខេត្តបាត់ដំបង ដោយមានអ្នកចូលរួមជាង ៤០០ នាក់។
លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីនោះ និងបានជំរុញឱ្យមានការចូលរួមថែរក្សាបណ្តាញលូ និងការគាំទ្រប្រតិបត្តិការសេវាកម្មប្រព័ន្ធចម្រោះទឹកកខ្វក់ឱ្យបានល្អ។ លោកបានលើកឡើងថា ដោយសារកម្ពុជាបច្ចុប្បន្នមានសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ចក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ។
ទន្ទឹមនឹងសន្ទុះនៃការអភិវឌ្ឍនៅក្នុងខេត្តបាត់ដំបង បញ្ហាទឹកកខ្វក់ដែលបង្កពីសកម្មភាពផ្សេងៗបានហូរចូលទៅក្នុងតំបន់លំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ និងសហគមន៍បង្កផលប៉ះពាល់ដល់សុខុមាលភាពប្រជាជន សោភ័ណភាព ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងជះឥទ្ធិពលដល់សេដ្ឋកិច្ចជាតិ ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំពុងយកចិត្តទុកដាក់ជាចម្បង។
លោកថ្លែងថា៖ «ហេតុដូចនេះ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈជាច្រើនពិសេស បណ្តាញលូទឹកភ្លៀង បណ្តាញលូទឹកកខ្វក់ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ទីលានចាក់សំណល់ភក់ ត្រូវបានសាងសង់ និងកំពុងសាងសង់នៅតាមបណ្តារាជធានី និងក្រុងសំខាន់ៗរួមទាំងក្រុងបាត់ដំបង ខេត្តបាត់ដំបងផងដែរ»។
លោកបានបន្ថែមថា ដើម្បីឱ្យសមិទ្ធផលទាំងនោះអាចប្រើប្រាស់បានយូរអង្វែង សូមឱ្យមានការចូលរួមពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធដើម្បីប្រែក្លាយក្រុងបាត់ដំបងទៅជាទីក្រុងដ៏ស្រស់ស្អាត មានសោភ័ណភាព អនាម័យស្អាត បរិស្ថានល្អ និងគួរឱ្យចង់រស់នៅ ក៏ដូចជាទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយ:ការលើកកម្ពស់អនាម័យស្អាត និងសុខភាពសាធារណៈ ធ្វើឱ្យសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោកគូសបញ្ជាក់ថា តាមរយៈកម្មវិធីអប់រំផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងជាសាធារណៈអំពីបណ្តាញលូ និងទឹកកខ្វក់ក្នុងក្រុងបាត់ដំបងនាពេលនេះ ជាមធ្យោបាយមួយដ៏ល្អក្នុងការជំរុញឱ្យមានការចូលរួមខ្ពស់ពីសំណាក់ប្រជាពលរដ្ឋទូទៅក្នុងការប្រើប្រាស់ និងថែរក្សាការពារហេដ្ឋារចនាសម្ព័ន្ធ ដែលបានសាងសង់រួច ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ លោកថ្លែងថា៖ «ការចូលរួមផ្តើមចេញពីយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ ដើម្បីផ្ទះយើងស្អាត ភូមិយើងស្អាត សង្កាត់យើងស្អាត ទីក្រុងយើងស្អាត និងសុខភាពយើងល្អ»៕