ភ្នំពេញៈ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ​បាន​ក្រើនរំឭក​មន្ត្រី​ត្រូវ​ពិនិត្យ​រាល់​ឯកសារ​ដែល​រដ្ឋបាល​រាជធានី​ខេត្ត​បំភ្លឺ​មក​ក្រសួង​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ បើ​ក្នុង​ករណី​មិន​សមស្រប ឬ​ខុសពី​កម្មវត្ថុ​ ឬ​ខ្លឹមសារ​ឱ្យ​បំភ្លឺ​នោះ ប្រធាន​នាយកដ្ឋាន​ជំនាញ ជាពិសេស​អគ្គាធិការរង​ទទួលបន្ទុក​អាច​ចុះ​អង្កេត​ជាក់ស្តែង ឬ​ក្រើនរំឭក​ឱ្យ​បំភ្លឺ​ម្តងទៀត​។

លោក អ៊ីវ លាង អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន ក្រសួង​មហាផ្ទៃ​បាន​ធ្វើការ​ក្រើនរំឭក​បែបនេះ​ទៅដល់​មន្ត្រី​ជំនាញ និង​អគ្គាធិការរង​ទទួលបន្ទុក​ក្នុង​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​កែសម្រួល​កំណត់​ទម្រង់​របាយការណ៍ កំណត់​បង្ហាញ និង​លិខិត​នានា​របស់​អគ្គាធិការដ្ឋាន​នៅ​ថ្ងៃទី​ ២១ ខែមេសា ឆ្នាំ​ ២០២២ នៅ​សាលប្រជុំ​របស់​អគ្គាធិការដ្ឋាន​នៃ​ក្រសួង​មហាផ្ទៃ​។

លោក អគ្គាធិការ​បាន​លើកឡើង​ថា ទម្រង់​លិខិត​កំពុង​ប្រើប្រាស់​ក្នុង​អគ្គាធិការដ្ឋាន​មាន​លក្ខណៈ​ល្អប្រសើរ រួមទាំង​ការរៀបចំ​ខ្លឹមសារ​ផងដែរ ប៉ុន្តែ​មិនទាន់មាន​ទម្រង់​តែមួយ​ដូចៗ​គ្នា​នៅឡើយ​តាម​នាយកដ្ឋាន​ចំណុះ ហេតុនេះ​ក្នុង​អង្គភាព​តែមួយ គួរ​ណាស់​តែ​ប្រើប្រាស់​ទម្រង់​លិខិត​តែ​មួយ​ដូចគ្នា លើកលែងតែ​ខ្លឹមសារ​នៃ​លិខិត​អាស្រ័យ​តាម​ភាពជាក់ស្តែង​។

លោក​បាន​ក្រើន​រំឭកថា រាល់​របាយការណ៍​ដែល​រាជធានី​ខេត្ត​បំភ្លឺ​មក​ក្រសួង​មហាផ្ទៃ​ត្រូវ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ​ ដើម្បី​មាន​មូលដ្ឋាន​ពិនិត្យ​ផ្ទៀងផ្ទាត់ និង​ស្នើ​ប្រធាន​នាយកដ្ឋាន​ជំនាញ ជាពិសេស​អគ្គាធិការរង​ទទួលបន្ទុក​ត្រូវ​ពិនិត្យ​វិភាគ​ខ្លឹមសារ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ និង​ហ្មត់ចត់ មិនមែន​ចេះតែ​ផ្អែក​តាម​ការបំភ្លឺ​របស់​រាជធានី ខេត្ត​នោះទេ​។

លោក​ថ្លែងថា​៖ «​បើ​ក្នុងករណី​មិន​សមស្រប ឬ​ខុសពី​កម្មវត្ថុ​ ឬ​ខ្លឹមសារ​ឱ្យ​បំភ្លឺ​នោះ ប្រធាន​នាយកដ្ឋាន​ជំនាញ ជាពិសេស​អគ្គាធិការរង​ទទួលបន្ទុក​អាច​លើក​យោបល់​ថា​តើ​គួរ​ចុះ​អង្កេត​ជាក់ស្តែង ឬ​ក្រើនរំឭក​ឱ្យ​បំភ្លឺ​ម្តងទៀត​» ។

លោក អ៊ីវ លាង បាន​លើកឡើង​ពី​ការងាររដ្ឋបាល​ការចាត់ចែង​សំណុំរឿង ឬ​បណ្តឹង និង​វគ្គ​បណ្តុះបណ្តាល​ផងដែរ​។ លោក​ថា​៖ « សម្រាប់​វគ្គ​បណ្តុះបណ្តាល សូម​ប្រធាន​នាយកដ្ឋាន​សហការ​ជាមួយ​អគ្គាធិការរង​ទទួលបន្ទុក​ត្រូវ​ពិនិត្យថា​តម្រូវការ​វគ្គ​បណ្តុះបណ្តាល​អី​ខ្លះ ដើម្បី​ឆ្លើយតប​ឱ្យ​ត្រូវ​នឹង​តម្រូវការ​ទំហំ​ការងារ វិស័យ​ការងារ និង​សមត្ថភាព​របស់​មន្ត្រី​»​។

លោក​អគ្គាធិការ​បញ្ជាក់ថា បើ​ចាំបាច់​អាច​អញ្ជើញ​គ្រូ ឬ​អ្នកជំនាញ​ពី​ខាងក្រៅ​អង្គភាព មក​បង្ហាត់បង្ហាញ​ដល់​មន្ត្រី​ដែល​ការបណ្តុះបណ្តាល​ជាការ​យកចិត្ត​ទុក​ពី​ថ្នាក់ដឹកនាំ​ក្រសួង ព្រោះ​ចំណុច​នេះ លោក​ឧបនាយករដ្ឋមន្ត្រី ស ខេង តែងតែ​ចង្អុលបង្ហាញ​លើក​ទឹកចិត្ត​ឱ្យមាន​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​ដល់​មន្ត្រី​ ដើម្បី​ការបង្កើន​ចំណេះដឹង និង​សមត្ថភាព ដែលជា​រឿង​សំខាន់​ក្នុង​ការប្រែក្លាយ​ជា​ធនធាន​មួយ​មាន​សក្ដានុពល និង​ប្រសិទ្ធភាព​ការងារ​តាម​អង្គភាព​៕

វីដេអូ៖