
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប ដែលមានរដ្ឋមន្ត្រីក្រសួងកសិកម្មជាប្រធាន និងមានអនុប្រធាន ៥ រូប ព្រមទាំងសមាជិកជាច្រើនរូបមកពីក្រសួងស្ថាប័នពាក់ព័ន្ធ។
តាមសេចក្តីសម្រេចរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី ២០ ខែមេសា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននៅថ្ងៃទី២២ ខែមេសានេះបានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងនេះ មានសមាសភាពចូលរួមជាប្រធាន អនុប្រធាន និងសមាជិក ប្រមាណជិត ២០ រូប។ ក្នុងនោះមានលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រធាន លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ អនុប្រធាន។
លោក នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ អនុប្រធាន លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អនុប្រធាន លោក ណៅ ធួក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន លោក ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អនុប្រធាន រួមនឹងសមាជិកជាច្រើនទៀតមកពីក្រសួង និងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណជិត ២០ រូប។
គណៈកម្មការនេះមានភារកិច្ច រៀបចំប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ អង្កេត និងស្រាវជ្រាវរកជនល្មើស និងអ្នកពាក់ព័ន្ធនឹងបទល្មើសនេសាទ ស្វែងរក និងចាប់ខ្លួនជនល្មើស រួមនឹងវត្ថុតាងនៃបទល្មើសនេសាទ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ជាធរមាន។ ព្រមទាំងរៀបចំផែនការ និងចាត់វិធានការសមស្របក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យមានប្រសិទ្ធភាពខ្ពស់។
ក្នុងសេចក្តីសម្រេចនោះសរសេរថា៖«ត្រួតពិនិត្យការអនុវត្តលើការទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទរបស់គណៈបញ្ជាការឯកភាពខេត្តជុំវិញបឹងទន្លេសាប ធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល ទទួលអនុវត្តភារកិច្ចផ្សេងទៀតដែលប្រមុខរាជរដ្ឋាភិបាលប្រគល់ជូន»។
គណៈកម្មការនេះអាចបង្កើតក្រុមការងារពិសេសតាមការចាំបាច់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនដោយសេចក្តីសម្រេចរបស់ប្រធានគណៈកម្មការអន្តរក្រសួងនេះ។ ហើយគណៈកម្មការនេះមានសិទ្ធិប្រើប្រាស់ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសនៃកងយោធពលខេមរភូមិន្ទ ដើម្បី បំពេញបេសកកម្មការងាររបស់ខ្លួនតាមការចាំបាច់។
សេចក្តីសម្រេចដដែលបានគូសបញ្ជាក់ថា គណៈកម្មការនេះមានសិទ្ធិប្រើត្រារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ប្រធាន អនុប្រធាន និងសមាជិកគណៈកម្មការត្រូវប្រើប្រាស់ថវិការបស់ក្រសួង ស្ថាប័នសាមីរៀងៗខ្លួន នៅក្នុងការចុះបំពេញបេសកកម្មការងារ និងចាត់ចែងកិច្ចការផ្សេងៗរបស់គណៈកម្មការ។
សេចក្តីសម្រេចលេខ១២៨ សសរ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបនិង បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹង សេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍៕
វីដេអូ៖