
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីថ្លែងថា ផ្លូវបេតុងទាំង ២ ខ្សែក្នុងភូមិថ្នល់ទទឹងនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ព្រមទាំងជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន។ ឃឹម ហ្វីណង់
សៀមរាបៈ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីថ្លែងថា ផ្លូវបេតុងទាំង ២ ខ្សែក្នុងភូមិថ្នល់ទទឹងនឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ព្រមទាំងជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋផងដែរ។
នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីបានសរសេរនៅលើហ្វេសប៊ុកនៅថ្ងៃទី ២១ ខែមេសា ផ្លូវបេតុង ២ ខ្សែលើខ្នងទំនប់ចាស់ ឆ្លងកាត់ភូមិថ្នល់បណ្តោយ និងភូមិថ្នល់ទទឹងនៃឃុំព្រះដាក់ ត្រូវបានអាជ្ញាធរជាតិអប្សរាអនុញ្ញាតឱ្យសាងសង់ ដោយអនុលោមទៅតាមអនុសាសន៍របស់កិច្ចប្រជុំ អាយ.ស៊ី.ស៊ី.អង្គរ កាលពីថ្ងៃទី ២៤ មីនា ឆ្នាំ ២០២២។
លោកបន្តថា បើទោះជាត្រូវគោរពតាមគោលការណ៍នៃលក្ខខណ្ឌតម្រូវ ដើម្បីចៀសវាងការប៉ះពាល់ដល់តំបន់មានសក្តានុពលបុរាណដ្ឋានក៏ដោយ ផ្លូវបេតុងទាំង ២ ខ្សែនេះ នឹងនាំមកនូវគុណភាពជីវិតថ្មីសម្រាប់អ្នកភូមិ ក៏ដូចជានឹងជួយជំរុញឱ្យមានចរន្តសេដ្ឋកិច្ចនៅក្នុងមូលដ្ឋាន តាមរយៈការលើកកម្ពស់សោភ័ណភាពនៅក្នុងភូមិបុរាណ ដែលនឹងបង្កើតនូវសក្តានុពលជាច្រើនសម្រាប់វិស័យទេសចរណ៍ ព្រមទាំងលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកថ្លែងថា៖ «បន្ទាប់ពីបានទទូចស្នើសុំ និងតស៊ូមតិអស់ជាច្រើនលើកច្រើនសាក្នុងអំឡុងពេលជាង ២ ឆ្នាំកន្លងមក នេះគឺជាដំណឹងដ៏គួរឱ្យរំភើបរីករាយសម្រាប់រូបខ្ញុំផ្ទាល់ ក៏ដូចជាសម្រាប់បងប្អូនអ្នកភូមិរាប់ពាន់នាក់ទៀត ដែលនឹងបានទទួលផលប្រយោជន៍ដោយផ្ទាល់ពីផ្លូវបេតុងដែលមានប្រវែងសរុបជាង ៣ គីឡូម៉ែត្រនេះ» ។
រដ្ឋបាលស្រុកបន្ទាយស្រីអះអាងថា នឹងខិតខំប្រឹងប្រែងគ្រប់រូបភាព ដើម្បីអប់រំឱ្យអ្នកភូមិបន្តអភិរក្សថែរក្សាអត្តសញ្ញាណដើមរបស់ខ្លួន និងប្តេជ្ញាមិនឱ្យការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធទាំងនេះប៉ះពាល់ទៅដល់ទេសភាពដែលមានស្រាប់នៅតាមដងផ្លូវឡើយ ជាពិសេសការពារមិនឱ្យបាត់បង់ដើមឈើទាំងអស់ដែលមានស្រេចនៅទីនោះ។
លោកអភិបាលស្រុកបញ្ជាក់ថា រុក្ខជាតិបៃតងនៅតាមដងផ្លូវ ដែលធ្លាប់តែមានពណ៌ស្រអាប់មិនគួរឱ្យទាក់ទាញនឹងវិលត្រឡប់ទៅរកសភាពដើមនៃធម្មជាតិស្រស់បំព្រងរបស់ខ្លួនវិញ ហើយទីធ្លាមុខផ្ទះដែលជាកន្លែងដែលតែងមានដីហុយខ្លាំង និងពិបាកសូម្បីតែដកដង្ហើមនោះ ក៏នឹងប្រែក្លាយទៅជាទីប្រមូលផ្តុំជួបជុំគ្នា មានកូនក្មេងរត់លេង និងមានអ្នកភូមិលក់ដូររបស់របរហូបចុកជាហូរហែរដូចភូមិព្រះដាក់ផងដែរ។
លោកថ្លែងថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ការអនុញ្ញាតទៅលើសំណើរបស់រដ្ឋបាលស្រុកបន្ទាយស្រី ដើម្បីបើកផ្លូវឱ្យសំណង់ផ្លូវបេតុងអាចដំណើរការសាងសង់បាន»។
បើតាមលោកអភិបាលស្រុកបន្ទាយស្រីផ្លូវបេតុងទាំង ២ ខ្សែនេះនឹងត្រូវបានចាប់ផ្តើមធ្វើនៅក្នុងពេលឆាប់ៗនេះ ហើយបញ្ចប់នៅក្នុងឆ្នាំ ២០២២ ដោយគ្រោងប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍មកពីមូលនិធិឃុំ មូលនិធិស្រុក និងមូលនិធិបឹងទន្លេសាបបូកបញ្ចូលគ្នា៕