
ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹកស្ទឹងឆ្វេង ជាចំណុចប្រសព្វស្រុកចំនួនបីមាន ស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាស។ ក្រសួងព័ត៌មាន
កំពង់ចាមៈ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានដឹកនាំអភិបាលរងខេត្ត មន្ទីរ អង្គភាពជំនាញ អាជ្ញាធរមូលដ្ឋានស្រុកបាធាយ ស្រុកជើងព្រៃ និងស្រុកកងមាសរួមនឹងមន្ត្រីពាក់ព័ន្ធចុះពិនិត្យវឌ្ឍនភាពនៃការស្ថាបនាទំនប់ទ្វារទឹក ស្ទឹងឆ្វេង ដែលស្ថិតនៅចំណុចប្រសព្វនៃស្រុកទាំង ៣ នៅព្រឹកថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២ នេះ។
លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមបានប្រាប់ឱ្យដឹងថា សំណង់បង្ហៀរ (ទ្វារ ២) លើស្ទឹងឆ្វេង សំណង់បង្អៀរ (ទ្វារ ២) ទី ១ ប្រវែង ១០០ ម៉ែត្រ និង សំណង់បង្អៀរ (ទ្វារ ២) ទី ២ មាន ប្រវែង ២០០ ម៉ែត្រ ទទឹងមានប្រវែង ៥,៦០ ម៉ែត្រ។ ដោយ សំណង់បង្អៀរ (ទ្វារ ២) ទី ១ សាងសង់បាន ៩០% ហើយ ដែលចាប់ផ្ដើមសាងសង់ក្នុងខែមិនា ឆ្នាំ ២០២២។ ដោយឡែក សំណង់បង្អៀរ (ទ្វារ ២) ទី ២ កំពុងចាប់ផ្ដើមដំណើរការសាងសង់។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានគូសបញ្ជាក់ថា ការសាងសង់ទំនប់បង្ហៀរនេះ គឺមានផលប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋនៅតំបន់នេះដូចជា នៅពេលដែលទឹកស្រកផុតទៅប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅតំបន់នេះ អាចធ្វើដំណើរឆ្លងស្ទឹង ឬដឹកកសិផលឆ្លងកាត់ ដោយមិនចាំបាច់ប្រើទូកចម្លង ឬធ្វើស្ពានឆ្លងឡើយ។
ម្យ៉ាងទៀតទំនប់បង្ហៀរនេះ មានទ្វារបិទបើក សម្រាប់ទប់ទឹក និងបង្ហូរទឹកចេញ ដែលប្រការនេះធ្វើឱ្យប្រជាពលរដ្ឋដែលនៅក្នុងស្រុកជើងព្រៃ ស្រុកកងមាស និងស្រុកបាធាយ អាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសសម្រាប់ស្រោចដំណាំនឹងធ្វើស្រូវប្រាំងជាដើម។
បងប្អូនប្រជាកសិករទទួលផលពីសំណង់ធារាសាស្ត្រនេះ រួមមាន៖ ស្រុកបាធាយ មានឃុំច្បារអំពៅ មានផ្ទៃដី ស្រូវវស្សា ៧០ ហិកតា និងស្រូវប្រាំង ៥០៧ ហិកតា ស្មើ ៨១៤ គ្រួសារ ស្រុកជើងព្រៃ មាន ៣ ឃុំ គឺផ្តៅជុំ ឃុំសូទិព្វ និងឃុំព្រៃចារ មានផ្ទៃស្រូវប្រាំង ១៦០៨ ហិកតា ស្មើ ៨៨៥ គ្រួសារ និងស្រុកកងមាស ឃុំព្រែកកុយ ស្រូវប្រាំង ១១០ ហិកតា ស្មើ ៤៦០ គ្រួសារ។
រដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ កន្លងទៅ តំបន់ខាងលើមានការចម្រូងចម្រាស់ ខ្វែងគំនិតគ្នាពីសំណាក់ប្រជាពលរដ្ឋនៅសងខាងស្ទឹង ដោយកាលនោះមានមតិខ្លះមិនឱ្យទប់ទំនប់រក្សាទឹក និងមតិខ្លះទៀតចង់ទប់ទំនប់រក្សាទឹក។ រហូតដល់ អភិបាលខេត្តកំពង់ចាមបានដឹកនាំមន្ត្រីជំនាញ ចុះមកពិនិត្យសិក្សាដោយផ្ទាល់ទើបរៀបចំផែនការដើម្បីសាងសង់ទំនប់បង្ហៀរ នេះឡើងក្នុងគោលបំណងដោះស្រាយទំនាស់របស់ប្រជាពលរដ្ឋ និងជួយដោះស្រាយប្រជាពលរដ្ឋចំនួន ៣ ស្រុក ឱ្យមានប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំស្រូវប្រាំងជាដើម៕