កំពង់ស្ពឺៈ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាការពារ​ភូមិ​ចំនួន​ ២ ៤៨៦ ​នាក់​នៅក្នុង​ស្រុក​ភ្នំស្រួច និង​ស្រុក​ឱរ៉ាល់​កាលពី​ថ្ងៃទី​ ២១ ​ខែមេសា​នេះ ហើយ​បានលើកឡើង​ពី​តួនាទី​យ៉ាងសំខាន់​របស់​ពួកគាត់​នៅក្នុង​ការចូល​រួមសហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​។

ក្នុងឱកាស​សំណេះសំណាល​នោះ​លោក​អភិបាល​បាន​លើកឡើង​ថា កម្លាំង​ប្រជាការពារ គឺជា​កម្លាំង​ស្នូល​ដ៏សំខាន់ សម្រាប់​អាជ្ញាធរ​ក្នុង​មូលដ្ឋាន ក្នុង​ការដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការចូលរួម​សហការ​គ្រប់​សកម្មភាព​របស់​អាជ្ញាធរ​មិន​ថា កិច្ចការងារ​សន្តិសុខ មនុស្សធម៌ ឬ​ការងាររដ្ឋបាល​ផ្សេងៗ​។ ក្នុងនោះ​មានដូចជា​ការជួយ​សម្រួល​ចរាចរណ៍​កកស្ទះ រៀបចំ​សណ្តាប់ធ្នាប់​ក្នុង​មូលដ្ឋាន​ជាដើម គឺ​តែងតែមាន​វត្តមាន​របស់​ពួកគាត់​នៅ​ជាមួយ​សកម្មភាព​ទាំងនេះ​ជានិច្ច​។

លោក​បាន​ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​បងប្អូន​ជា​ប្រជា​ការពារ​ទាំងអស់ ដែល​បាន​លះបង់​ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត និង​ប្រាជ្ញា​ស្មារតី ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ដែល​ធ្វើឱ្យ​ភូមិ​ឃុំ មាន​សន្តិសុខ សណ្តាប់ធ្នាប់​ល្អ ជា​ភូមិ​ឃុំ​ប្រកបដោយ​សុវត្ថិភាព​។ ពិសេស​គឺ​ចូលរួម​ការពារ​សមិទ្ធផល​នានា ដែលជា​សម្បត្តិ​រួម​របស់​យើង​ឱ្យបាន​គង់វង្ស​យូរអង្វែង ដើម្បី​ជា​ប្រយោជន៍​របស់​យើង​ទាំងអស់​គ្នា និង​កូនចៅ​ជំនាន់​ក្រោយ​។

លោក​បាន​បន្តថា ដោយ​មាន​ការគាំទ្រ​រាជរដ្ឋាភិបាល តាមរយៈ​ការអនុវត្តន៍ គោលនយោបាយ ភូមិ​ឃុំ​មាន​សុវត្ថិភាព រក្សាបាន សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​បានល្អ បង្ក្រាប​បាន​បទល្មើស​គ្រប់​ប្រភេទ ធ្វើឱ្យ​ប្រជាពលរដ្ឋ​រស់នៅ​ដោយ​សុខដុមរមនា ដោយមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ និង​ធ្វើឱ្យ​ភាពក្រីក្រ​ក្នុង​មូលដ្ឋាន​បាន​ថយចុះ​មួយកម្រិត​ផងដែរ​៕