​ប៉ៃលិនៈ មន្ត្រី​កាកបាទក្រហមកម្ពុជា​បាន​ចុះ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​វិធាន ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ការរក្សា​សុខភាព​ផ្លូវចិត្ត​ឱ្យបាន​ល្អ ក្នុងពេល​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩ និង​វិធីសាស្ត្រ​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍ ជូន​ដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ពន្ធនាគារ ព្រមទាំង​អ្នក​ជាប់ឃុំ ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃទី​២០ ខែមេសា​នេះ​។

​យោងតាម​ក្រសួង​ព័ត៌មាន​បានឱ្យដឹងថា ការចុះ​អប់រំ​ផ្សព្វផ្សាយ​នេះ​ដឹកនាំ​ដោយ​លោក ឌឹ​ន គឹម នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន និង​លោក ហង់ ចាន់សូ​ណា ប្រធានការិយាល័យ​សុខភាព​គ្រាអាសន្ន នៃ ទីស្នាក់ការ​កណ្ដាល​កាកបាទក្រហមកម្ពុជា​។

​លោក ហង់ ចាន់សូ​ណា បាន​បញ្ជាក់ថា គោលបំណង​នៃ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​នាពេលនេះ គឺ​ដើម្បី​បន្ត​បញ្ជ្រាប​ការយល់ដឹង​ដល់​ថ្នាក់ដឹកនាំ​ពន្ធនាគារ មន្ត្រី​អនុរក្ស​ពន្ធនាគារ និង​អ្នក​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ទាំងអស់ ពី​វិធាន​ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ​១៩ ការរក្សា​សុខភាព​ផ្លូវចិត្ត​ឱ្យបាន​ល្អ ក្នុងពេល​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩ និង​វិធីសាស្ត្រ​កាត់បន្ថយ​ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍ ដែល​បណ្ដាលមកពី​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩​។

​លោក​បាន​បញ្ជាក់ថា​៖«​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ មាន​ប្រជាពលរដ្ឋ​មួយចំនួន​បានទទួល​រង​នូវ​បញ្ហា​សុខភាព​ផ្លូវចិត្ត ភាព​តានតឹង និង​ការ​ថប់​អារម្មណ៍ ដែល​បណ្តាលមកពី​វិបត្តិ​ក្នុង​មុខរបរ​រក​ទទួលទាន បញ្ហា​ជីវភាព​គ្រួសារ និង​បញ្ហា​ជាច្រើន​ទៀត​។ ទាំងនេះ​តម្រូវឱ្យមាន​ការពន្យល់​ណែនាំ លើកទឹកចិត្ត ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ផ្លូវចិត្ត​របស់​ពួកគាត់​»​។

​លោក​បាន​បន្តថា មាន​រោគសញ្ញា​ច្រើន​ដែល​បង្ហាញថា​ប្រជាពលរដ្ឋ​ខ្លះ​កំពុង​តែមាន​បញ្ហា​សុខភាព​ផ្លូវចិត្ត ភាព​តានតឹង ថប់​អារម្មណ៍ ដូចជា មានការ​ឈឺក្បាល រោយ​ស្មា​និង​ក មិន​ឃ្លាន​អាហារ និង​ពិបាក​លេប​អាហារ ឈឺ​ខ្នង ណែន​ទ្រូង ឈឺក្រពះ និង​សាច់ដុំ​។

​ចំណែកឯ​វិធីសាស្ដ្រ​ក្នុងការ​កាត់បន្ថយ​បញ្ហា​សុខភាព​ផ្លូវចិត្ត​នេះ គឺ​ត្រូវអនុវត្ត​នូវ​វិធីសាស្ត្រ​ដូចជា ធ្វើ​សមាធិ គេង​ឱ្យបាន​គ្រប់គ្រាន់ ធ្វើ​អ្វីដែល​យើង​ចូលចិត្ត ហាត់ប្រាណ​ប្រចាំថ្ងៃ ចេញទៅ​ក្រៅ ត្រូវ​សកម្ម​ក្នុង​សហគមន៍ បរិភោគ​អាហារ​មាន​សុខភាព ចៀសវាង​ការ ទទួលទាន​កាហ្វេ និង​គ្រឿង​ស្រវឹង​។

​លោក ឌិន គឹម នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ប៉ៃលិន បាន​មានប្រសាសន៍ថា កន្លងមក​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​ប៉ៃលិន បានធ្វើ​ការចុះ​អប់រំ​ផ្សព្វផ្សាយ​ស្តីពី​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ប្រជា ពលរដ្ឋ​នៅតាម​មូលដ្ឋាន ក៏ដូចជា​នៅក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​បានជា​ច្រើនលើក​មកហើយ​៕