ភ្នំពេញៈ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​បាន​គូសបញ្ជាក់ថា គម្រោង​ផ្លូវ​នាវាចរណ៍​និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ នឹង​ធ្វើឱ្យ​ប្រសើរឡើង​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ភ័ស្តុភា​រកម្ម និង​បណ្តាញ​ផ្លូវទឹក​របស់​កម្ពុ​ជាមាន​ការតភ្ជាប់​ដោយ​រលូន និង​ផ្ដល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ ព្រមទាំង​ជំរុញឱ្យមាន​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក ច្រើនជាង​ការដឹកជញ្ជូន​តាមផ្លូវ​គោក​។

​លោក​ទេសរដ្ឋមន្ត្រី​គូសបញ្ជាក់​ដូច្នេះ​ក្នុងពេល ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន​ថ្នល់​ចិន​(CRBC) តំណាងឱ្យ​ក្រុមហ៊ុន​CCCC Transportation Consultants Co., Ltd តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ ទាក់ទង​នឹង​ការសិក្សា​សមិទ្ធិ​លទ្ធភាព​នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់ នៅ​ទីស្តីការក្រសួង​ថ្ងៃទី​២២ ខែមេសា​នេះ​។

​លោក​ទេសរដ្ឋមន្ត្រី​បន្តថា កម្ពុជា​សម្បូរ​ទៅដោយ​បណ្ដាញ​ផ្លូវ​ទឹកទន្លេ ដែល​រួមមាន​ទន្លេមេគង្គ បឹង​ទន្លេសាប ទន្លេបាសាក់ ទន្លេសេកុង ទន្លេសេសាន ទន្លេស្រែពក ក៏ប៉ុន្តែ កម្ពុជា​មិនទាន់បាន​ទាញយក​សក្ដានុពល​ដ៏​ធំធេង​នៃ​ធនធានធម្មជាតិ​ទាំងអស់នោះ​មកប្រើប្រាស់​ឱ្យបាន​ក្នុង​កម្រិត​អតិបរមា​នៅឡើយ​នោះទេ​។​

​លោក​បញ្ជាក់ថា​៖ «​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភ័ស្តុភារ​កម្ម​ទន្លេបាសាក់​នេះ នឹងធ្វើ​ឱ្យ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុ​ជាមាន​ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​»៕