
រូបថត រដ្ឋបាលខេត្តមណ្ឌលគិរី
មណ្ឌលគិរីៈ លោក ជូប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានប្រគល់សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ជូនដល់មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ព្រមទាំង ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៨ គ្រួសារ នៅព្រឹកថ្ងៃទី ២២ ខែមេសានេះ។
រដ្ឋបាលខេត្តមណ្ឌលគិរីបានឱ្យដឹងថា លោក ជួប ប៉ារីស អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានប្រគល់សម្ភារវេជ្ជសាស្ត្រ និងសម្ភារអនាម័យប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដល់មន្ទីរពេទ្យបង្អែកខេត្ត និងអង្គភាពពាក់ព័ន្ធ ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ដោយសារវិបត្តិកូវីដ១៩ នៅព្រឹកថ្ងៃទី ២២ ខែមេសានេះ។
ពិធីនេះធ្វើឡើង នៅសាលាខេត្តមណ្ឌលគិរី ដោយមានការចូលរួមពីសំណាក់ លោក កែន សេរីរដ្ឋា នាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) រួមទាំងលោក លោកស្រី ប្រតិភូអមដំណើរ លោកប្រធានមន្ទីរបរិស្ថានខេត្ត លោកអភិបាល ក្រុង-ស្រុក និងប្រជាពលរដ្ឋជាច្រើនរូប។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ថ្លែងថា ក្នុងរយៈពេល ២ឆ្នាំ កន្លងទៅមណ្ឌលគិរី ក៏ដូចជាប្រទេសកម្ពុជាទាំងមូល បានទទួលរងនូវវិបត្តិរីករាលដាលជំងឺកូវីដ ១៩។ បើទោះបីជា ជំងឺកូវីដនេះ មានការបំប្លែងខ្លួន និងបន្តរីករាលដាលជាបន្តបន្ទាប់ ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺអាចគ្រប់គ្រងស្ថានភាពមិនឱ្យវិវត្តទៅជាវិបត្តិធ្ងន់ធ្ងរបាន។ នេះបើតាមមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី។
លោក ជូប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះក្រសួងបរិស្ថាន និងគម្រោងរេដបូកសីមា ដែលបានចូលរួមអភិរក្សព្រៃឈើ ជីវៈចម្រុះ និងធនធានធម្មជាតិ ដើម្បីទប់ស្កាត់ការបាត់បង់ព្រៃឈើ ដែលផ្តល់លទ្ធភាពកាត់បន្ថយការបំភាយឧស្ម័នកាបូនិច ជាពិសេសជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមសហគមន៍ ឱ្យមានភាពប្រសើរឡើង។ ជាមួយគ្នានោះលោកក៏បានលើកឡើងពី កិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំងប្រជាពលរដ្ឋ ក្នុងការជម្នះការរីករាលដាលជំងឺកូវីដ១៩ផងដែរ។
លោកថ្លែងថា៖«ប្រទេសកម្ពុជា គឺជាប្រទេសមួយតូច តែប្រជាជនស្ទើរតែ១០០% ហើយបានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ ដែលមានអ្នកឆ្លងកូវីដតិចជាងគេ ក្នុងចំណោមប្រទេសអាស៊ានទាំង១០ ដែលនេះជាការខិតខំប្រឹងប្រែរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងការចូលរួមរបស់ប្រជាពលរដ្ឋ ក្នុងការការពារ ពីជំងឺកូវីដ១៩»។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបញ្ជាក់ថា ប្រជាពលរដ្ឋក្រីក្រ ចំនួន៧៨ គ្រួសារ និងគណៈកម្មការសហគមន៍ចំនួន២៨គ្រួសារ ក្នុងភូមិគោលដៅរបស់គម្រោងរេដបូកដែនជម្រកសត្វព្រៃកែវសីមាចំនួន៣ភូមិបានទទួល គ្រឿងឧបភោគ បរិភោគ ក្នុងពិធីប្រគល់សម្ភារវេជ្ជសាស្ត្រនោះ៕