
ពោធិ៍សាត់ៈ នគរបាលក្នុងខេត្តពោធិ៍សាត់ និងអាជ្ញាធរមូលដ្ឋានបានចុះបិទចំណាំងផ្លាតដល់គោយន្តកន្ត្រៃ និងចែកខិត្តប័ណ្ណដែលណែនាំអំពីការប្រើប្រាស់យានយន្ត និងផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកតាលោសែនជ័យនៅថ្ងៃសុក្រទី២២ ខែមេសា ឆ្នាំ២០២២។
លោកនូវ តាល់ស្នងការរងទទួលផែនការងារសណ្តាប់ធ្នាប់ ដែលតំណាង លោកស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់បានថ្លែងក្នុងឱកាសនោះថា គោលបំណងក្នុងការចុះបិទចំណាំងផ្លាត និងចែកខិត្តប័ណ្ណនាពេលនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់គោយន្តកន្ត្រៃបានយល់ដឹងអំពីការប្រើប្រាស់ផ្លូវ គោរពស្លាកសញ្ញាចរាចរណ៍ សិទ្ធិអាទិភាព បើកបរដោយការប្រុងប្រយ័ត្នក្នុងស្មារតីទទួលខុសត្រូវ និងអធ្យាស្រ័យគ្នា រក្សាសេចក្តីថ្លៃថ្នូរ ដឹងទុក្ខធុរៈដល់អ្នកបើកបរដូចគ្នា។ ជាពិសេសគឺបំពាក់ចំណាំងផ្លាត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងរវាងយានយន្តផ្សេងៗជាមួយគោយន្តកន្ត្រៃ។
លើសពីនេះទៅទៀត លោកស្នងការរង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ នឹងយកចំណេះដឹងទាំងនេះទៅផ្សព្វផ្សាយបន្តដល់បងប្អូនកូនក្មួយ ឱ្យពួកគាត់បើកបរយានយន្តដោយពាក់ខ្សែក្រវាត់ ពាក់មួកសុវត្ថិភាព បំពាក់កញ្ចក់មើលក្រោយ ចៀសវាងការបើកបរក្នុងស្ថានភាពស្រវឹង ដែលបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ៕