ភ្នំពេញៈ ក្រសួងបរិស្ថាន និង​អង្គការ​អភិរក្ស​មួយចំនួន​បាន​បង្ហោះ​សារ​អបអរសាទរ​ទិវា​ភពផែនដី​នៅ​ថ្ងៃទី​២២​ខែមេសា ដោយ​បំផុស​ឱ្យ​សាធារណជន​រួមគ្នា​ថែរក្សា និង​វិនិយោគ​នៅក្នុង​ការការពារ​ធន​ធាន​ធម្មជាតិ និង​ការអភិរក្ស​ជីវៈចម្រុះ​។​

​ក្រសួងបរិស្ថាន​បាន​បង្ហោះ​សារ​ថា សូម​អបអរសាទរ​ទិវា​ភពផែនដី ២២ មេសា​ក្រោម​ប្រធានបទ «​វិនិយោគ​លើ​ភពផែនដី​យើង​»​អម​ជាមួយនឹង​រូបភាព​ផែនដី ដើមឈើ និង​កូនឈើ​បណ្តុះ​ថ្មី​ជាច្រើន​សន្លឹក​។

​ដោយឡែក​អង្គការ​ WWF​ កម្ពុជា​វិញ​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា​ទិវា​ភពផែនដី ថ្ងៃទី ២២ ខែមេសា នេះ «​យើងខ្ញុំ​សូម​អំពាវនាវ​ឱ្យមាន​ការចូលរួម​បន្ថែមទៀត​តាមរយៈ​សកម្មភាព​បុគ្គ​ល ឬ​សមូហភាព ក្នុងការ​ការពារ​ធន​ធាន​ធម្មជាតិ​របស់​ក​ម្ពុ​ជា និង​ការអភិរក្ស​ជីវៈចម្រុះ ដើម្បី​ជា​ដំណោះស្រាយ​មួយ​ដល់​ការបង្កើន​ភាព​ធន់​រប​ស់​សហគមន៍​យើង​ទប់​ទល់នឹង​ហានិភ័យ​អាកាសធាតុ និង​គាំទ្រ​ការអភិវឌ្ឍ​ដោយ​ចីរភាព សម្រាប់​យើង​គ្រប់គ្នា​។ រួមគ្នា​! យើង​អាច​កសាង​នូវ​អនាគត​មួយ​ដែលមាន​បរិស្ថាន​ប្រសើរ​ប្រកបដោយ​សុខភាព​ល្អ ដោយ​ចូលរួម​ទាំងអស់គ្នា​អនុវត្ត​នូវ​សកម្មភាព​មេត្រីភាព​បរិស្ថាន​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​៖ កាត់បន្ថយ ប្រើប្រាស់​ឡើងវិញ និង​កែច្នៃ​ឡើងវិញ​»​។​

​លើសពីនេះ ក្នុងឱកាស​អបអរ​ទិវា​ភពផែនដី​នេះ អង្គការ​ដដែល​នេះ​ក៏បាន​បង្ហាញ​ការប្រទះឃើញ​វត្ត​មានកូន​ផ្សោត​ថ្មី​មួយ​ក្បាល​ទៀតផង​ដែរ​។

WWF​កម្ពុជា​បានឱ្យដឹងថា ក្នុងអំឡុងពេល​ចុះ​អនុវត្ត​ការស្រាវជ្រាវ​តាម​ដង​ទន្លេមេគង្គ ក្រុម​អ្នកជំនាញ​ស្រាវជ្រាវ និង​តាមដាន​សត្វ​ផ្សោត​នៃ​រដ្ឋបាល​ជលផល និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធម្មជាតិ WWF បាន​កត់ត្រា​តាមរយៈ​រូបថត​នៅ​ថ្ងៃទី​២២ ខែមេសា​នេះ នូវ​វត្តមាន​របស់​កូន​ផ្សោត​ថ្មី​មួយ​ក្បាល ខណៈពេល​វា​កំពុង​ហែល​ជាមួយ​សត្វ​ផ្សោត​ធំៗ​ចំនួន​៩​ក្បាល​ទៀត​នៅក្នុង​ដែន​ជម្រក​ធម្មជាតិ​នៃ​អន្លង់​សត្វ​ផ្សោត​កាំ​ពី ក្នុង​ខេត្តក្រចេះ​។ ក្រុម​អ្នកស្រាវជ្រាវ​បាន​ប៉ាន់ប្រមាណ​ថា​សត្វ​ផ្សោត​ថ្មី​នេះ​មាន​អាយុ​ទើបតែ​៥​ថ្ងៃ​ប៉ុណ្ណោះ ហើយ​ជា​កូន​សត្វ​ផ្សោ​តទី​២​សម្រាប់​ឆ្នាំ​២០២២​នេះ​។

​សត្វ​ផ្សោត​ទន្លេមេគង្គ​ត្រូវបាន​ចាត់ថ្នាក់​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ជា​ប្រភេទ​សត្វ​រងគ្រោះថ្នាក់​ជិត​ផុត​ពូជ​បំផុត​។ លទ្ធផល​នៃ​ជំរឿន​សត្វ​ផ្សោត​ទន្លេមេគង្គ​ក្នុង​ឆ្នាំ​២០២០ ដោយ​រដ្ឋបាល​ជលផល និង​អង្គការ WWF បាន​បង្ហាញថា មាន​សត្វ​ផ្សោត​ចំនួន​ត្រឹមតែ​៨៩​ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់នៅក្នុង​ទន្លេមេគង្គ​កម្ពុជា​។​

​ដើម្បី​អបអរ​ទិវា​ភពផែនដី​នេះ​ផងដែរ គម្រោង​USAID Greening Prey Lang-​ព្រៃ​ឡង់​បៃតង​ក៏បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​“​មនុស្ស​ម្នាក់ ដើមឈើ​មួយ​ដើម​”​ផងដែរ​។

​គម្រោង​នេះ​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​កថា «​អ្នកណា​ថា​មនុស្ស​ម្នាក់​មិនមាន​ឥទ្ធិពល ក្នុងការ​ផ្លាស់ប្តូរ​ដ៏​ល្អ​សម្រាប់​ផែនដី​របស់​យើង​?​សកម្មភាព​របស់​មនុស្ស​ម្នាក់​រួមបញ្ចូល​គ្នា​បង្កើតបានជា​សមិទ្ធផល រាប់លាន រហូតដល់​រាប់ពាន់​លាន​។ តោះ​! ចូលរួម​ជាមួយ​ពួកយើង​នៅក្នុង​យុទ្ធនាការ “​មនុស្ស​ម្នាក់ ដើមឈើ​មួយ​ដើម​” ដើម្បី​អបអរ​ទិវា​ភពផែនដី​ឆ្នាំ ២០២២ ដើម្បី​បង្ហាញ​ការតាំង​ចិត្ត ចូលរួម​ការពារ​ភពផែនដី​របស់​យើង​... រួមគ្នា យើង​អាច​ការពារ​ផែនដី​របស់​យើង​»៕